អន្តរជាតិ
អូស្រ្តាលី និងនូវែលសេឡង់ ជំរុញឱ្យប្រជាជនចាកចេញពីអ៊ុយក្រែន
12, Feb 2022 , 1:59 pm        
រូបភាព
លោក ស្កុត មូរីសុន នាយករដ្ឋមន្រ្តីអូស្រ្តាលី។ រូបភាព៖ AFP
លោក ស្កុត មូរីសុន នាយករដ្ឋមន្រ្តីអូស្រ្តាលី។ រូបភាព៖ AFP
អូស្រ្តាលី និងនូវែលសេឡង់ នៅថ្ងៃទី១២ ខែកុម្ភៈ បានអំពាវនាវឱ្យប្រជាជនខ្លួន រស់នៅអ៊ុយក្រែនចាកចេញឱ្យបានឆាប់បំផុត ស្របពេលវិបត្តិអ៊ុយក្រែន និងរុស្ស៊ី កំពុងតែតានតឹងខ្លាំង។ ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពីអាម៉េរិក ជំរុញឱ្យប្រជាជនខ្លួនចាកចេញពីអ៊ុយក្រែន។

 
 
វិបត្តិអ៊ុយក្រែន នៅតែមិនទាន់មានច្រកចេញ បើទោះមេដឹកនាំអឺរ៉ុប បានធ្វើទស្សនកិច្ចឥតដាច់ទៅក្រុងកៀវ និងមូស្គូ ដើម្បីចរចា និងបន្ធូរបន្ថយភាពតានតឹង។ ស្របគ្នានេះ រុស្ស៊ីបានធ្វើសមយុទ្ធយោធានៅបេឡារុស និងបញ្ជូននាវាចម្បាំងទៅក្នុងសមុទ្រខ្មៅ ដើម្បីធ្វើសមយុទ្ធ។ បញ្ហានេះ បានធ្វើឱ្យបណ្តាប្រទេសលោកខាងលិច ព្រមានពីលទ្ធភាពវាយប្រហាររបស់រុស្ស៊ី លើអ៊ុយក្រែន។ 
 
ស្របពេលមានការបារម្ភបែបនេះ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក ស្កុត មូរីសុន បានប្រាប់ឱ្យប្រជាជនអូស្រ្តាលីចេញពីអ៊ុយក្រែន ដោយសារបញ្ហាសន្តិសុខ។ «ការណែនាំរបស់យើងគឺច្បាស់ ហើយនេះគឺជាស្ថានភាពដ៏គ្រោះថ្នាក់»។ មេដឹកនាំអូស្រ្តាលី បានសង្កត់ធ្ងន់បែបនេះ ដោយបន្ថែមថា ប្រជាជនអូស្រ្តាលីគួរតែស្វែងរកមធ្យោបាយផ្ទាល់ខ្លួនចេញពីអ៊ុយក្រែន។ 
 
ក្នុងថ្ងៃដដែល ក្រសួងការបរទេសនូវែលសេឡង់ ក៏បានជំរុញឱ្យប្រជាជនខ្លួនចេញពីអ៊ុយក្រែនដែរ ក្រោមហេតុផលសន្តិសុខដូចអូស្រ្តាលី។ បើតាមក្រសួងការបរទេស នូវែលសេឡង់ មិនមានតំណាងទូតនៅអ៊ុយក្រែនឡើយ ខណៈសមត្ថភាពរដ្ឋាភិបាលផ្តល់ជំនួយទៅប្រជាជនក្នុងអ៊ុយក្រែនមានកំណត់។ 
 
ការអំពាវនាវនេះ ធ្វើឡើងបន្ទាប់ពី លោកអាន់តូនី ប្លីង រដ្ឋមន្រ្តីការបរទេសអាម៉េរិក ដែលទើបតែចាកចេញពីអូស្រ្តាលី ព្រមានថា រុស្ស៊ីអាចឈ្លានពានអ៊ុយក្រែន បានគ្រប់ពេល។ ក្រុងវ៉ាស៊ីនតោន ក៏បានអំពាវនាវឱ្យប្រជាជនចាកចេញពីអ៊ុយក្រែនផង៕ 
 

Tag:
 អូស្រ្តាលី
  នូវែលសេឡង់
© រក្សាសិទ្ធិដោយ thmeythmey.com