អន្តរជាតិ
អាម៉េរិក នឹងពង្រឹងទំនាក់ទំនងការទូតក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បីទប់នឹងឥទ្ធិពលចិន
12, Feb 2022 , 7:29 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
សេតវិមានអាម៉េរិក នៅថ្ងៃទី១១ ខែកុម្ភៈ បានបញ្ចេញយុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក ចំពេលភាពជាដៃគូសន្តិសុខចតុភាគី (QUAD) រៀបចំជំនួបថ្នាក់រដ្ឋមន្រ្តីការបរទេសនៅអូស្រ្តាលី។ ក្នុងយុទ្ធសាស្រ្តកម្រាស់ ១៨ទំព័រនេះ អាម៉េរិក បានសង្កត់ធ្ងន់លើការបង្កើនឥទ្ធិពលចិននៅក្នុងតំបន់ តាមរយៈសេដ្ឋកិច្ច យោធា ការទូត និងបច្ចេកវិទ្យា។

 
 
ចាប់តាំងពីលោក ចូ បៃឌិន ចូលកាន់តំណែងជាប្រធានាធិបតី អាម៉េរិក បានចាប់ផ្តើមផ្តោតមកលើតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក ខ្លាំង ស្របពេលចិន កំពុងបង្កើនឥទ្ធិពលខ្លួន។ ទន្ទឹមនេះ រដ្ឋបាលលោកបៃឌិន នៅថ្ងៃទី១១ ខែកុម្ភ បានដាក់ចេញ យុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិក ដើម្បីពង្រឹងតួនាទី និងឥទ្ធិពលខ្លួន នៅក្នុងតំបន់ឡើងវិញ។ 
 
«ចិន បានបញ្ចូលសេដ្ឋកិច្ច ការទូត យោធា និងបច្ចេកវិទ្យារួមគ្នា ដើម្បីពង្រីងឥទ្ធិពលក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក»។ យុទ្ធសាស្រ្តឥណ្ឌូ-ប៉ាស៊ីហ្វិកកម្រាស់ ១៨ទំព័រ បានបញ្ជាក់បែបនេះ ដោយបន្ថែមថា ចិន បានខិតខំ ដើម្បីក្លាយជាមហាអំណាចដ៏មានឥទ្ធិពលបំផុត។ បើតាមអាម៉េរិក ចិន បានប្រើសកម្មភាពសម្លុតប្រទេសដទៃ ទាំងផ្នែកសេដ្ឋកិច្ចជាមួយបណ្តាប្រទេសផ្សេង ដូចជាអូស្រ្តាលី, កម្លាំងយោធា ជាមួយឥណ្ឌា, សមុទ្រចិនខាងត្បូង រួមទាំងដាក់សម្ពាធលើតៃវ៉ាន់ផង។ 
 
ក្នុងន័យនេះ អាម៉េរិក បានប្តេជ្ញាទប់ស្កាត់ចិន ក្នុងការកែប្រែវិធាន និងបទដ្ឋាន ដែលបានផ្តល់ផលប្រយោជន៍នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ មិនតែប៉ុណ្ណោះ ក្នុងយុទ្ធសាស្រ្តដដែល អាម៉េរិក បានសន្យាពង្រឹងសមត្ថភាពរបស់ខ្លួន និងជាមួយសម្ព័ន្ធមិត្ត ដើម្បីប្រជែងជាមួយចិន និងការពារផលប្រយោជន៍ និងចក្ខុវិស័យនាពេលអនាគត។ 
 
យ៉ាងណាមិញ អាម៉េរិក បានបញ្ជាក់យ៉ាងច្បាស់ថា គោលបំណងនៃយុទ្ធសាស្រ្តនេះ មិនមែងចង់ផ្លាស់ប្តូរចិនឡើយ ប៉ុន្តែវាជាការរក្សាយុទ្ធសាស្រ្ត ក្នុងដែនប្រតិបត្តិអាម៉េរិក កសាងតុល្យភាពឥទ្ធិពល នៅក្នុងតំបន់ និងពិភពលោក។ ក្រៅពីបញ្ហាខាងលើ យុទ្ធសាស្រ្តសេរី និងបើកចំហរ វិបុលភាព ការភ្ជាប់ទំនាក់ទំនង ការពង្រឹងសន្តិសុខក្នុងតំបន់ ក៏ត្រូវបានអាម៉េរិកបញ្ជាក់ក្នុងយុទ្ធសាស្រ្តរបស់ខ្លួនដែរ។ 
 
សូមបញ្ជាក់ថា យុទ្ធសាស្រ្តកម្រាស់ ១៨ទំព័រ ត្រូវបានបញ្ចេញ ស្របពេលកិច្ចប្រជុំភាពជាដៃគូសន្តិសុខចតុភាគីរៀបចំឡើងនៅអូស្រ្តាលី។ ក្នុងកិច្ចប្រជុំនោះ ភាគីទាំង៤ បានលើកយកបញ្ហាចិន រុស្ស៊ី បច្ចេកវិទ្យា និងភេរវកម្ម ទៅជជែកពិភាក្សា៕ 
 

Tag:
 អាម៉េរិក
  ឥណ្ឌូ-ប៉ាស៊ីហ្វិក
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com