អន្តរជាតិ
ក្រសួងការបរទេសចិន៖ សម្ព័ន្ធមិត្ត QUAD គឺជាឧបករណ៍ទប់ឥទ្ធិពលចិន
12, Feb 2022 , 9:29 pm        
រូបភាព
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាព៖ ក្រសួងការបរទេសចិន
លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន។ រូបភាព៖ ក្រសួងការបរទេសចិន
អ្នកនាំពាក្យក្រសួងការបរទេសចិន លោក  Zhao Lijian នៅថ្ងៃទី១១ ខែកុម្ភៈ បានចាត់ទុកភាពជាដៃគូសន្តិសុខចតុភាគី (QUAD) គឺជាឧបករណ៍ទប់ឥទ្ធិពលចិន និងការពារអនុត្តរភាពរបស់អាម៉េរិក។ ការអះអាងរបស់អ្នកនាំពាក្យក្រសួងការបរទេសចិនបែបនេះ ធ្វើឡើងបន្ទាប់ពីសម្ព័ន្ធមិត្តQUAD បានរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសនៅអូស្រ្តាលី។

 
 
ភាពជាដៃគូសន្តិសុខចតុភាគី (QUAD) នៅថ្ងៃទី១១ ខែកុម្ភៈ បានរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសនៅទីក្រុងMelbourne អូស្រ្តាលី ដើម្បីជជែកពីបញ្ហាបច្ចេកវិទ្យា សហប្រតិបត្តិការទប់ស្កាត់ជំងឺកូវីដ-១៩ ការប្រឆាំងភេរវកម្ម ជាពិសេសការកើនឡើងឥទ្ធិពលចិននៅក្នុងតំបន់។ បន្ទាប់ពីជំនួបនោះ ប្រទេសទាំង៤ ដូចជាអាម៉េរិក ជប៉ុន ឥណ្ឌា និងអូស្រ្តាលី បានសេចក្តីថ្លែងការណ៍ប្រឆាំងគោលនយោបាយបែបបង្ខិតបង្ខំសេដ្ឋកិច្ចរបស់ចិន បញ្ហាសិទ្ធិមនុស្ស ការគំរាមកំហែងនៅក្នុងសមុទ្រចិនខាងត្បូង និងបញ្ហាផ្សេងទៀត។ 
 
បន្ទាប់ពីកិច្ចប្រជុំចតុភាគីនោះ ចិន បានបង្ហាញប្រតិកម្ម និងរិះគន់ភាពជាដៃគូសន្តិសុខ QUAD។ «យន្តការ QUAD មានចរិតធម្មជាតិ និងជាឧបករណ៍ទប់ស្កាត់ ក៏ដូចជាហ៊ុមព័ទ្ធចិនប៉ុណ្ណោះ»។ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានសង្កត់ធ្ងន់បែបនេះនៅក្នុងសន្និសីទសារព័ត៌មាន ក្នុងថ្ងៃទី១១ ខែកុម្ភៈ ដោយបន្ថែមថា ភាពជាដៃគូ QUAD គ្រាន់តែការពារអនុត្តរភាពរបស់អាម៉េរិកប៉ុណ្ណោះ។ 
 
អ្នកនាំពាក្យក្រសួងការបរទេសចិន បានចាត់ទុកភាពជាដៃគូសន្តិសុខចតុភាគី គឺជាសកម្មភាពបង្ករឿង ដែលបំផ្លាញការបង្រួបបង្រួម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ក្នុងន័យនេះ លោក Zhao បានព្រមានថា ការប៉ុនប៉ងបង្កើតសម្ព័ន្ធមិត្តទប់ចិន នឹងទទួលបរាជ័យ និងអំពាវនាវឱ្យបោះបង់ចោលគំនិតបែបសង្រ្គាមត្រជាក់។ 
 
សូមបញ្ជាក់ថា សមាជិកភាពជាដៃគូ QUAD សុទ្ធតែមានជម្លោះទឹកដី ពាណិជ្ជកម្ម និងការពង្រឹងឥទ្ធិពលខ្លួនជាមួយចិន។ ជាញយៗ ចិនតែរិះគន់សកម្មភាព QUAD ដែលខ្លួនចាត់ទុកថា បង្កើតឡើង ដើម្បីទប់ការកើនឡើងឥទ្ធិពលខ្លួន៕ 
 

Tag:
 ចិន
  អាម៉េរិក
  អូស្រ្តាលី
  ជប៉ុន
  ឥណ្ឌា
© រក្សាសិទ្ធិដោយ thmeythmey.com