កីឡាជាតិ
ជាតិ
មុន​ស៊ីហ្គេម​នៅ​វៀតណាម ចំបាប់ជម្រើសជាតិទៅហ្វឹកហាត់២ខែនៅអ៊ីរ៉ង់
13, Feb 2022 , 8:59 am        
រូបភាព
 កីឡាករ_ និង_ប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ រូបថត Chov Sotheara
កីឡាករ_ និង_ប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ រូបថត Chov Sotheara
ក្រុម​កីឡា​ចំបាប់ជម្រើស​ជាតិកម្ពុជា ចំនួន១១នាក់ បានចេញដំណើរទៅធ្វើការហ្វឹកហាត់ នៅប្រទេស អឺរ៉ង់កាលពី​ព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២ ។ ការហ្វឹកហាត់នៅប្រទេសនេះ ត្រូវប្រើពេលជាង​២ខែដើម្បីត្រៀមប្រកួតកីឡា​ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ។

 
លោក ធិន វិចិត្រ អគ្គលេខាធិការសហព័ន្ធកីឡាចំបាប់កម្ពុជា បានប្រាប់សារពត៌មានថ្មីៗ ថា ការបញ្ជូនកីឡាករទៅហ្វឹកហាត់នៅប្រទេសអឺរ៉ង គឺដោយសារប្រទេសនោះជាប្រទេស ដែលខ្លាំងខាងវិស័យកីឡាចំបាប់ ។ 
 
តាមការប្រកួតក្នុងស៊ីហ្គេមកន្លងមក កីឡាចំបាប់ ត្រូវបានចាត់ទុកថា ជាកីឡាដែលមានសក្ដានុពលមួយ សម្រាប់កម្ពុជា ។ ដោយហេតុនេះដែរ សហព័ន្ធ បានយកចិត្តទុកដាក់ចំពោះការពង្រឹង និងអភិវឌ្ឍសមត្ថភាពកីឡាករ និងកីឡាការិនីយ៉ាងខ្លាំង ។ ប្រសិនគ្មានការរាំងស្ទះដោយជំងឺកូវីដ-១៩ សហព័ន្ធ នឹងបញ្ជូនកីឡាករ និងកីឡាការិនីទៅហ្វឹកហាត់នៅប្រទេសចិនថែមទៀត ។


 
ចំពោះសមសភាព អត្ដពលិកទាំង ១១នាក់មាន Thach Socheat, Soeun Sophors, Chab Sokly, Chor Thoun, Chhoeun Chheang, Ngoun Makra, Lim Sokleang, Keo Sophak, Heng Vuthy, Eng Phanit និង Chon Sokhon ។
 
អគ្គលេខាធិការរូបនេះថា៖«ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាការជាតិអូឡាំពិក ចាត់ទុកកីឡានេះ ជាប្រភេទកីឡាមានសក្ដានុពល តែមិនមានប្រជាប្រិយភាព។ ដូច្នេះយើងមានការពិបាកក្នុងការអភិវឌ្ឍ» ។ សហព័ន្ធ មានការព្រួយបារម្ភ ដោយមានអ្នកចូលហ្វឹកហាត់តិច។
 
ជាញឹកញាប់កម្ពុជា តែងឈ្នះមេដាយក្នុងការប្រកួតស៊ីហ្គេម និងប្រកួតអន្ដរជាតិនានា ។ ចំបាប់កម្ពុជា ឈ្នះមេដាយមាសដំបូង នៅស៊ីហ្គេមប្រទេសឡាវ ឆ្នាំ២០០៩ ក្នុងវិញ្ញាសានារី ទម្ងន់៤៣ គីឡូក្រាម ។ ឆ្នាំ២០១៣ កម្ពុជាធ្វើបានល្អបំផុត ដោយទទួលបានមេដាយមាស ៤គ្រឿង ប្រាក់២ និងសំរិទ្ធ៤គ្រឿង ។ 
 
ស៊ីហ្គេមនៅប្រទេសសឹង្ហបុរី ២០១៥ និងម៉ាឡេស៊ី២០១៧ មិនបានដាក់បញ្ចូលនូវប្រភេទកីឡានេះទេ ។ ក្រោយការខកខានប្រកួតជាង៦ ឆ្នាំនេះធ្វើឲ្យកីឡាករ កីឡាការិនី មានការធ្លាក់ចុះនៅបច្ចេកទេស ដោយធ្វើមិនល្អ ពេលប្រកួតស៊ីហ្គេម ២០១៩ នៅប្រទេសហ្វីលីពីន បានត្រឹមមេដាយសំរិទ្ធ៥ ។
 
ដោយឡែក ប្រទេសវៀតណាម បានដាក់ប្រភេទកីឡានេះ ក្នុងស៊ីហ្គេមលើកទី៣១ ។ លោកអគ្គលេខាធិការសហព័ន្ធចំបាប់កម្ពុជា បន្ថែមថា ការប្រកួតនៅវៀតណាម សហព័ន្ធមិន រំពឹងទុកខ្ពស់ពេកទេ ដោយត្រូវតែឈ្នះ មេដាយណាមួយឡើយ តែកីឡាករ និងកីឡាការិនី នឹងធ្វើអស់ពីសមត្ថភាព៕
 

Tag:
 កីឡាចំបាប់
© រក្សាសិទ្ធិដោយ thmeythmey.com