កីឡាជាតិ
ជាតិ
សហព័ន្ធកីឡារាំ​កម្ពុជា បំភ្លឺ​ទាក់ទង​ការ​ជ្រើស​រើសបេក្ខភាព​​​សម្រាប់កីឡា​ស៊ីហ្គេម​នៅ​វៀតណាម​
12, Feb 2022 , 6:59 pm        
រូបភាព
រូបផ្ដល់ឱ្យដោយសហព័ន្ធកីឡារាំកម្ពុជា
រូបផ្ដល់ឱ្យដោយសហព័ន្ធកីឡារាំកម្ពុជា
ភ្នំពេញ៖ កាលពី​​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០២២ សហព័ន្ធ​កីឡារាំ​កម្ពុជា បាន​ចេញលិខិត​បំភ្លឺ​ ​និង​បក​ស្រាយ​​ ទាក់ទងនឹង​ការ​ជ្រើស​រើស​ បេក្ខភាព​កីឡាករ​-កីឡាការិនី​ជម្រើស​ជាតិ​ ដើម្បី​​ចូល​រួម​ប្រកួត​កីឡា​ស៊ីហ្គេម​ ឆ្នាំ​២០២២ នៅ​ប្រទេស​វៀត​ណាម។ លិខិត​នេះ​ ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​របស់​កញ្ញា យី អ៊ីលីង ដែល​ជា​អតីត​កីឡាការិនី​ជម្រើស​ជាតិ ថា​សហព័ន្ធ​កីឡារាំ​កម្ពុជា មាន​ភាព​លំអៀង​។

 
 
ក្នុង​លិខិត​បំភ្លឺរបស់ខ្លួន សហព័ន្ធ​កីឡារាំ​កម្ពុជា បាន​សម្រេច​ជ្រើស​រើសកីឡាករ កីឡា​ការិនី​​ ដោយ​យោងគោល ​ការណ៍​ និង​លក្ខខណ្ឌ​ ការ​គោរព​វិន័យ​ក្រម​សីលធម៌​ ជា​កីឡាករ កីឡាការិនី ជម្រើស​ជាតិ​នៅ​ក្នុង​ ការ​ហ្វឹក​ហាត់ (គោរព​ពេល​វេលាហ្វឹក​ហាត់ សីលធម៌ ការ​វាយ​តម្លៃ​តាម​ដំណាក់​កាល​នៃ​ការ ​ធ្វើ​តេស្ដ​ខែ​នីមួយ​ៗ នៅ​ក្នុង​ការ ​ហ្វឹក​ហាត់………) ។ល។
 
លិខិតដដែល​​បញ្ជាក់​ទៀត​ថា សហព័ន្ធ​មើល​ទៅ​លើ សក្ដានុពល​ស្នាដៃ​របស់​កីឡាករ កីឡាការិនី​ ជម្រើស​ជាតិ ​ដែល​ធ្លាប់​ចូល​រួម​ប្រកួត​ ទាំង​ថ្នាក់​ជាតិ​ និង​ថ្នាក់​អន្តរជាតិ​។ បេក្ខជន​ បេក្ខនារី ៣​គូ​ គណៈកម្មការ​​វិនិច្ឆ័យ​ បាន​វាយ​តម្លៃ​ទៅ​តាម​និយាម​បច្ចេក​ទេស​ ដោយ​ឆ្លង​កាត់​ការ​ប្រជុំ​គណៈ​កម្មការ​បច្ចេក​ទេស​ចំនួន​២​លើក​ និង​វិភាគ​ចំណុច​ខ្លាំង ចំណុច​ខ្សោយ​របស់​បេក្ខ​ភាព​នីមួយ​ៗ យ៉ាង​ហ្មត់​ចត់​បំផុត​។ 
 
គណៈ​កម្មការ ​សង្កត់​ធ្ងន់​ទៅ​លើ​ ភាព​អំណត់​ កម្លាំង​ជើង តិច​និច បច្ចេកទេស​ស៊ី​ចង្វាក់ជា​មួយ​ដៃ​គូ​រាំ ទឹក​មុខ ដៃ ជើង ដង​ខ្លួន រាំ​ត្រូវ​ចង្វាក់​ភ្លេង សម្លៀក​បំពាក់​តាម​វិញ្ញាសារ​ចង្វាក់នីមួយ​ៗ ការ​សំដែង​កាយ​វិការតាម​ចង្វាក់​ភ្លេង​ បទ​ភ្លេងនៃ​វិញ្ញាសារ​នីមួយ​ៗ និង​សុខភាព​របស់​គូរាំនីមួយ​ៗ​។ 
 
លិខិត​បំភ្លឺ​របស់​សហព័ន្ធ​ កីឡារាំ​កម្ពុជា បាន​បញ្ជាក់​ទៀត​ថា ការ​ប្រកួត​ក្នុង​ប្រទេស​ជា​រៀង​រាល់​ឆ្នាំ គឺ​កំណត់​ ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ ដើម្បី​ចូល​ជា​ជម្រើស​ជាតិ​ តាម​គោល​ការណ៍​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា។ តែ​មិន​មែន​អ្នក​ជាប់​ជម្រើស​ជាតិ​ទាំង​អស់​ នឹង​ត្រូវ​បាន​​ជ្រើស​រើស​ឱ្យ​ចេញ​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ ដោយ​មិន​បាន​ពិនិត្យ​បន្ថែម​លើ​ចំណុច​បច្ចេក​ទេស​ខាង​លើ​ឡើយ​។​​


  កញ្ញា យី អ៊ីលីង ទទួលបានមេដាយក្នុងការប្រកួតកីឡារាំកម្ពុជាថ្នាក់ជាតិឆ្នាំ២០២១ (រូបផ្ដល់ឱ្យ)
 
បើ​តាម​អ្នក​ស្រី ហង្ស ស៊ីមន ក្នុង​ចំណោម​កីឡាករ​ កីឡាការិនី​​ទាំង​៤​គូ ដែល​ត្រូវ​ជ្រើស​រើស​ឱ្យ​ទៅ​ប្រកួត​ស៊ីហ្គេម ​នៅ​វៀត​ណាម​ មាន​១​គូ​ជា​គ្រូ​បង្វឹក​បរទេស កូន​ខ្មែរ​កាត់​អ៊ុយ​ក្រែន និង​៣​គូ​ទៀត​គឺ​ជា​កូន​ខ្មែរ​សុទ្ធ​សាធ​។​
 
បើ​ទោះ​បី​ជា​សហព័ន្ធ​ចេញ​លិខិត​បក​ស្រាយ​​​ក្ដី​ ក៏​អតីត​កីឡាករ​ជម្រើស​ជាតិ​ យី អ៊ីលីង​ នៅ​តែ​មិនសុខ​​ចិត្ត​។ សិស្ស​ថ្នាក់​ទី​១២​រូប​នេះ អះអាង​ថា ក្នុង​ច្បាប់​ប្រកួត​រាល់​ឆ្នាំ​ និង​រាល់​ដង ខាង​សហព័ន្ធ​ជា​អ្នក​និយាយដោយ​​ខ្លួន​ឯង​ថា​ វិញ្ញាសារ​​២​ផ្នែក​ Standard និង​ Latin បើ​ប្រកួត​ឈ្នះ​បាន​លេខ​១​ឬ​លេខ​២ ​លើ​វិញ្ញាសារ​​៥​បទ​ជាប់​គ្នា គឺ​ត្រូវ​តែ​បាន​ទៅស៊ីហ្គេម ដោយ​ស្វ័យ​ប្រវត្ត​។
 
កញ្ញា យី អ៊ីលីង ពន្យល់​៖«ខាង​ Latin គេ​បាន​ហាត់​៥​បទ​ជាប់​គ្នា តែ​​​ខាង​ Standard ហាត់​មិន​ទាន់ ​បាន ​គ្រប់​៥​បទ​ទេ​ ដោយ​សារ​គ្រូ​នៅបរទេស​​​ គាត់​មិន​បាន​មក​បង្ហាត់​។ ដូច្នេះ​ពួក​ខ្ញុំ​ ហាត់​បាន​តែ​៣​ក្បាច់​។ គេ​យក ​៣​ក្បាច់​នេះ ជា​ក្បាច់​គោល ជា​ក្បាច់​ធំ​ជាង​គេ​។ អ្នក​ដែល​ប្រកួត​បាន​​​លេខ​១ឬ​លេខ​២ ​ក៏​ត្រូវ​បាន ​ទៅ​ស៊ីហ្គេម ​ដែរ​​»​។ 
 
ពាក់ព័ន្ធ​​ករណី​​កញ្ញា យី អ៊ីលីង លើក​ឡើង​ខាង​លើ​ អ្នក​ស្រី ហង្ស ស៊ីមន បានបញ្ជាក់​​ថា សហព័ន្ធ​បាន​​បក​ស្រាយ​ក្នុង​លិខិត​បំភ្លឺ​រួច​ហើយ ដូច្នេះអ្នក​ស្រី​​សុំ​មិន​បក​ស្រាយអ្វី​បន្ថែម​ទៀត​ឡើយ​។ ទោះ​ជា​យ៉ាង​ណា អ្នក​ស្រី​ថា​ សហព័ន្ធ​គោរព​តាម​គោល​ការ​របស់​ខ្លួន​ និង​គោរព​តាម​ការសម្រេច​របស់​ គណៈ​កម្មការ​បច្ចេក​ទេស​។
 
«​នេះ​ជា​គោល​ការគ្រប់​​សហព័ន្ធ​។ គណៈ​កម្មការ​បច្ចេក​ទេស គេ​និយាយ​ថា​ម៉េច គឺ​អ៊ីចឹង​ហើយ​។ អ្វី​ៗ​យើង​​អនុវត្ត​ទៅ​តាម​បទ​បញ្ជា​របស់​សហព័ន្ធ»។ នេះ​ជា​ការ​លើក​ឡើង​របស់​អ្នក​ស្រី​ ស៊ីមន​។


អ្នកស្រី ហង្ស ស៊ីមន ប្រធានសហព័ន្ធកីឡារាំកម្ពុជា(រូបផ្ដល់ឱ្យ) 
 
យ៉ាង​ណា​ក៏​ដោយ​ អ្នក​ស្រី ហង្ស ស៊ីមន បាន​ប្រតិកម្ម​ នឹង​សម្ដី​របស់​កញ្ញា យី អ៊ីលីង ដែល​បានប្រាប់​សារព័ត៌​មាន​ថ្មី​ៗ កាល​ពី​ការ​ចុះ​ព័ត៌​មានលើក​​មុន​ ​ថាសហព័ន្ធ​បាន​ជ្រើស​រើស​គូកីឡាករ កីឡា​ការិនី ជាប់​លេខ​៣​ Latin dance ឱ្យ​ទៅ​ប្រកួត​ជំនួស​នាង​នោះ ​​គឺ​មិន​មែន​ជា​ការ​ពិត​​។ អ្នក​ស្រី​ ស៊ីមន ថា​តាម​ពិត​គូ​កីឡាការិនី​នោះ ប្រកួត​​វិញ្ញាសា Latin dance ចង្វាក់​ Cha Cha Cha ជាប់​លេខ​១ និង​វិញ្ញាសា Standard Dance ចង្វាក់​ Waltzed ជាប់​លេខ​១ដែរ​​។ ​
 
អ្នក​ស្រី ស៊ីមន បាន​បញ្ជាក់​៖«គាត់​ចេះ​ជាង​គ្រូ ចេះ​ជាង​គណៈ​កម្មការ​បច្ចេក​ទេស អ៊ីចឹងគាត់​​មក​ហាត់​ធ្វើ​អី​។ កីឡាការិនី​ហ្នឹង​ គាត់​ប្រព្រឹត្ត​កំហុស​ដដែល​ៗ ដែល​ធ្វើ​ឱ្យ​សហព័ន្ធ​ល្វីង​មុខ​ តែគាត់​​ម្នាក់​គត់។​ កី​ឡាករ កីឡាការិនី​ផ្សេង​ទៀត​ គេ​មិន​ដែល​និយាយ​អ្វី​ទាំង​អស់ ហើយ​គេ​គោរព​តាម​បទ​បញ្ជា​ផ្ទៃ​ក្នុង​របស់​សហព័ន្ធ​»។
 
ចំណែក​កញ្ញា អ៊ីលីង ថា​អគ្គលេខា​ធិការ​សហព័ន្ធ​កីឡារាំ​កម្ពុជា និយាយ​មិន​ត្រូវ​ស្ដង់​ដា​ក្នុង​ការ​ប្រកួត​​។ នាង​ថា​មេដាយ​មាស​លេខ​១​ថ្នាក់​ជាតិ នាង​សំដៅ​ដល់​វិញ្ញា​សារ Standard Grade A-Couple-3 Dance W.T.V។ ព្រោះ​កន្លង​ទៅ​ ខាង​សហព័ន្ធតែង​តែ​និយាយ​ថា ប្រសិន​បើ​អ្នក​ណា​អាច​ប្រកួត​បាន​ពាន​មាស លេខ​១ និង​លេខ២​ លើ​វិញ្ញា​សារ​នេះ នឹង​បាន​ទៅ​ប្រកួត​ស៊ីហ្គេម​ដោយ​ស្វ័យ​ប្រវត្តិ​។
 
នារី​សម្បុរ​ស អ៊ីលីង ថា​នាង​មិន​ខ្វល់​ពី​មេដាយ​ផ្សេង​ៗ​ដែល​មាន​ពី​មុន​ឡើយ​ គឺនាង​​ខ្វល់​តែ Standard ៣វិញ្ញាសា​ ​ប្រកួត​ឆ្នាំ​២០២១ ព្រោះ​ការ​ប្រកួត​នោះ​ ​សម្រាប់​ត្រៀម​ទៅ ស៊ីហ្គេម​​ឆ្នាំ​២០២២​នៅ​វៀត​ណាម​។ នាង​ថា​សហព័ន្ធ​លើក​ឡើង​ថា គណៈ​កម្មការ​ជ្រើស​រើស​អ្នក​ធ្លាប់​មាន​បទ​ពិសោធ ទៅ​ប្រកួត​ក្រៅ​ប្រទេស​បាន​មេដាយ​ច្រើន​ ដូច្នោះ​ពេល​រើស​កីឡាករទៅ​ស៊ីហ្គេម ចាំ​បាច់​ប្រកួត​ថ្នាក់​ជាតិ​ធ្វើ​អ្វី​? នាង​បន្ត​ទៀត​ថា​​ម្ដេច​មិន​ហៅ​អ្នក​មាន​មេដាយ​មក​តម្រៀប​គ្នា​ ហើយ​រើស​តែ​ម្ដង​ទៅ មិន​ចាំ​បាច់​ចំណាយ​ថវិកា​ជាតិ​។


 កញ្ញា សាន រូស្សា ទទួលបានមេដាយមាសកាលប្រកួតនៅប្រទេសចិន(រូបផ្ដល់ឱ្យ)

«សហព័ន្ធ​ដូរ​ពាក្យ​រហូត ខ្ញុំ​មិន​ដឹង​ថា​គាត់​ធ្វើ​ការ​យ៉ាង​ម៉េច​ទេ។ ខាង Latin គេ​មិន​មាន​បញ្ហា​ទេ អ្នក​ជាប់​លេខ​១​និង​លេខ​២​ គេ​បាន​ទៅ​ប្រកួត​ធម្មតា​។ ប៉ុន្តែ​ខាង​ Standard ឱ្យ​តែ​មាន​ឈ្មោះ​ខ្ញុំ ​គាត់​ពិបាក​តែ​ម្ដង​​។ បើ​ខ្ញុំ​បាន​មេដាយ​លេខ​១ ដឹង​តែ​គូ​ខ្ញុំ​ទៅ​ហើយ​ ដូច​តែ​ខាង Latin ដែរ។ តែ​ខ្ញុំ​មាន​បញ្ហា​រហូត​។ Standard ទើប​តែ​ហាត់​២​ឆ្នាំ​ចុង​ក្រោយ​នេះ​​។ ​គាត់(កីឡាការិនី​ជំនួស​)​ទើប​តែ​ចាប់​ផ្ដើម​ហាត់​រយៈ​ពេល​ប្រហែល​២ខែ​ចុះ ខណៈពួក​​ខ្ញុំ​ហាត់​តាំង​ពី​២​ឆ្នាំ​មុន​ ហើយ​គាត់​ថា​ពួក​ខ្ញុំ​អត់​បទ​ពិសោធ​ទៀត​។ គាត់(កីឡាការិនី សាន រ៉ូស្សា) ​ទៅ​ចិន​បាន​មេដាយផ្នែក Latinទេ ហេតុ​អ្វី​យក​មេដាយ​ខាង​ Latin មក​ពាក់​ព័ន្ធ​? បើ​ទោះ​គាត់​បាន​លេខ​១​ផ្នែក​ Standard ប៉ុន្តែ​មិន​មែន​ជា​វិញ្ញាសារ​ដែល​ត្រូវ​ទៅ​ប្រកួត​ឡើយ»​​។ នេះ​ជា​ការ​មិន​ពេញ​ចិត្ត​របស់​កញ្ញា យី អ៊ីលីង​។
 
យ៉ាង​ណា​ក៏​ដោយ កញ្ញា អ៊ីលីង សំណូម​ពរ​ឱ្យ​សហព័ន្ធ​កីឡា​រាំ​កម្ពុជា បង្ហាញ​តារាង​ពិន្ទុ​ Standard Grade A-Couple-3 Dance W.T.V ជា​សារ​ធារណៈ​។ នាង​ថា​​នេះ​ជា​វិញ្ញាសារសំខាន់ ដែល​ត្រូវ​ចេញ​ទៅ​ប្រកួត​​។ នាង​ថែម​ទាំង​សង្កត់​ធ្ងន់​ថា បើ​សហព័ន្ធ​​ហ៊ាន​បង្ហាញ នោះ​នឹង​ដឹង​សខ្មៅ​​។ ប៉ុន្តែ​ប្រសិន​បើ សហព័ន្ធ​មិនហ៊ាន​បង្ហាញ​ នោះ​ទុក​ឱ្យ​សាធារណជន​ ពិចារណា​ចុះ​។ 
 
​អ្នក​ស្រី ហង្ស ស៊ី​មន ឆ្លើយ​តប​ថា ​សហព័ន្ធ​មិន​អាច​ធ្វើតាម​សំណូម​ពរ​របស់​កីឡាករ ដែល​ត្រូវ​បាន​សហព័ន្ធ ​បញ្ឈប់ចេញ​ពី​សហព័ន្ធ​កីឡា​រាំ​​ឡើយ​។ 
 
អ្នកស្រី បន្ថែម ថា​​៖«ដោយសារ​តែ​លោក​ជំទាវ​ [លោកស្រី ញ៉ែម មរកត] គាត់​មិន​មាន​ការ​បក​ស្រាយ​ ឬ​មាន​ការ​ឆ្លើយ​តបអ្វី​ ក្រៅ​ពី​ការ​បក​ស្រាយ​ក្នុង​លិខិត​បំភ្លឺ​ទៀត​ទេ។ យើង​មិន​អាច​ធ្វើ​ទៅ​តាម​សំណូមពរ​របស់​ កីឡាការិនី​ ដែល​ត្រូវ​បាន​សហព័ន្ធ​បញ្ឈប់​ និង​ត្រូវ​បាន​ក្រសួង​អប់រំ​ ​ផ្លាស់​ប្ដូរ​ពី​ក្រុម​ជម្រើស​ជាតិ​ទេ​»។


 កញ្ញា យី អ៊ីលីង រាំក្នុងការប្រកួតជើងឯងថ្នាក់ជាតិឆ្នាំ២០២១(រូបផ្ដល់ឱ្យ) 
 
ពាក់​ព័ន្ធ​នឹងមេដាយ​មាស​ដដែល​ កញ្ញា អ៊ីលីង អះ​អាង​ទៀត​ថា មុនពេល​នាង​ទទួល​​បាន​មេដាយ​មាស ៣​ក្បាច់​ជាប់​គ្នា​​ មាន​ភាព​រអាក់​រអួល​ខ្លាំង។ នាង​ថា ពិន្ទុ​របស់​នាង ត្រូវ​បាន​​គេ​ដាក់ឱ្យ​​​ជាប់​​​លេខ​៣​។ ក្រោយ​ ពី​នាង​​តវ៉ា ក្រោម​ហេតុ​ផល​ នាង​ជឿ​ជាក់​លើ​សមត្ថភាព​ខ្លួន​ឯង​ច្បាស់។ ពេល​នោះ​​គណៈ​កម្មការ​ឆ្លើយ​តប​ថា ប្រព័ន្ធ​​កត់​ត្រា​ពិន្ទុ​មាន​បញ្ហា​។ 
 
គណៈ​កម្មការ​ក៏​បាន​ផ្លាស់​ប្ដូរ​ ឱ្យ​ឈ្មោះ​កញ្ញា យី អ៊ីលីង ជាប់​លេខ​១​វិញ​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ អតីត​កី​ឡាការិនី ដែល​ត្រូវ​បាន​ក្រសួង​ផ្លាស់​ប្ដូរ​ចេញពី​ជម្រើស​ជាតិ​រូប​នេះ ថា​ថ្នាក់​ដឹក​នាំ​សហព័ន្ធ​ ហាម​មិន​ឱ្យ​នាង​ផ្សព្វ​ផ្សាយ​​ពី​ការ​ផ្លាស់​ប្ដូរ​មេដាយ​នោះ​ឡើយ​។ 
 
«គ្រូ ជំទាវ​​ និង​អគ្គលេខាធិការ ជា​អ្នក​ប្រាប់ខ្ញុំ​​ផ្ទាល់​ គឺ​បាន​មេដាយ​ហើយ​ត្រូវ​នៅ​ស្ងាត់​ ហាម​ផុស ហាម​ធ្វើ​អ្វី​ទាំង​អស់។ ខ្ញុំ​មិន​ដឹង​ថា​គាត់​មាន​គោល​បំណង​អី ​ក្នុង​ការ​បិទ​បាំង។ ខ្ញុំ​ឆ្ងល់​ថា​ហេតុអ្វី​គេ​ហាម ប៉ុន្តែ​ខ្ញុំ​មិន​សួរ​នាំ​ច្រើន​ទេ​ ខ្ញុំ​ធ្វើ​តាម​ការ​ស្នើ​សុំ​របស់​គាត់​។ ខ្ញុំ​មាន​ទាំង​វីដេអូ​ ពេល​ដែល​គ្រូ​បំពាក់​មេដាយមាស​​ឱ្យខ្ញុំ​​ទៀត។ បំពាក់​មិន​ផ្លូវ​ការ​ទេ​ មាន​តែ​ខ្ញុំ​ គូ​ខ្ញុំ​ និង​គ្រូ​ម្នាក់​។ ខ្ញុំ​មិន​ប្រកែក​តវ៉ា​​ហើយ គាត់​នៅ​មក​និយាយ​បង្កាច់​បង្ខូច​ខ្ញុំ​ទៀត​។ ខ្ញុំ​មាន​ភស្តុតាង​ទៀត​ ប៉ុន្តែខ្ញុំ​មិន​អាច​បង្ហាញ​បាន​។ នេះ​ជា​ការ​បញ្ជាក់​របស់​ កញ្ញា អ៊ីលីង​។
 
អ៊ីលីង ក៏​បដិសេធ​​ចំពោះ​ការ​លើក​ឡើង​របស់​សហព័ន្ធ​ ដែល​ថា​ដៃ​គូរបស់​នាង ទើប​តែ​ហាត់​មុន​ពេល​កូវីដ-១៩​បន្តិចផង​ដែរ​។ នាង​ថា​ដៃ​គូ​របស់​នាង​ ​​ហាត់​២​ឆ្នាំមក​ហើយ​ ហើយ​ក៏​ផ្ដោតតែ​​លើ​ផ្នែក​ Standard​ ដែរ​​​។ កញ្ញា អ៊ីលីង បន្ថែម​ទៀត​ថា ប្រសិន​បើ​នាង និង​ដៃ​គូ​របស់​នាង​ ហាត់​មិន​បាន​ល្អ ហាត់​មិន​ដល់​កម្រិត​ ហេតុ​អ្វី​ពួកគេ​អាច​​យក​មេដាយ​មាស​បាន​? នាង​ថា សហព័ន្ធ​លើក​ឡើង​ថា​ អ្នក​ផ្សេង​​​​ហាត់​ដល់​កម្រិត​​ ហេតុ​អី​គេយកមេដាយ​​មិន​បាន?
 
កញ្ញា​ យី អ៊ីលីង​ បញ្ជាក់​៖«គាត់​ប្រាប់​សិស្ស​រហូត​ ថាការ​ហាត់​រាល់​ថ្ងៃ វា​នឹង​បង្ហាញ​នៅ​ពេល​ប្រកួត។​ ប្រសិន​បើ​យើង​បាន​មេដាយ​ល្អ បាន​ន័យ​ថា​រាល់​ថ្ងៃ​យើង​ហាត់​ដល់​ហើយ។ ប៉ុន្តែ​ពេលឥឡូវ​គាត់​មើល​ទៅ​លើអ្វី​​ផ្សេង​ៗ​វិញ។ បើ​មនុស្ស​មិន​មាន​សមត្ថភាព គាត់​យក​មេដាយ​មាស​បាន​យ៉ាង​ម៉េច? ឬ​ក៏​គណៈ​កម្ម​ការ​ហ្នឹង​គាត់​ចេះ​តែ​ដាក់​ពិន្ទុ​?»។  
 
ចំណែក​លោក ស៊ូវ តុង ជា​នាយក​បច្ចេក​ទេស ​គណៈ​កម្ម​ការ​បច្ចេក​ទេ​ស​ នៃ​សហព័ន្ធ​កីឡា​​រាំកម្ពុជា បាន​ប្រតិកម្ម​នឹង​លិខិត​លាឈប់ ពី​សហព័ន្ធ​កីឡា​រាំ​កម្ពុជា ​របស់​កញ្ញា យី អ៊ីលីង​។ លោក​ថា​នាង​និយាយ​ពាក្យ​មិន​ពិត​ ព្រោះ​ខាង​សហព័ន្ធ​ បាន​ចេញ​លិខិត​បញ្ឈប់​នាង​ចេញ​ពី​សហព័ន្ធ​រួចទៅ​​ហើយ មុន​ពេល​នាង​ចេញ​លិខិត​លាឈប់​​។ ​


 លោក ស៊ូវ តុង ជានាយកបច្ចេកទេស គណៈកម្មការបច្ចេកទេស នៃសហព័ន្ធកីឡារាំកម្ពុជា(រូបកណ្ដាល) (រូបផ្ដល់ឱ្យ)

«តើ​សហព័ន្ធ​ពិត​ជា​បាន​បញ្ឈប់​គាត់ [កញ្ញា អ៊ីលីង] ​ចេញ​ពី​សហព័ន្ធពិត​​មែន​ឬ​យ៉ាង​ណា​? បាទ​ពិត​មែន​ យើង​ពិត​ជា​មាន​លិខិត​ ចេញ​ពី​ខាង​ក្រសួង​អប់រំ​ ចេញ​មុន​ពេល​លិខិត​ដែល​គាត់​លា​ឈប់​ទៀត។ ដូច្នេះ​បាន​ន័យ​ថា ខាង​សហព័ន្ធ​បញ្ឈប់​គាត់​(កញ្ញា យី អ៊ីលីង​) ទាំង​ចេញ​ពី​សហព័ន្ធ​កីឡា​រាំ​កម្ពុជា ទាំង​ចេញ​ពី​ជម្រើស​ជាតិ​កម្ពុជា​។ តើ​ត្រូវ​ទេ​ចាស​? បាទ​ត្រូវ​។ តើ​ខ្ញុំ​អាច​សុំ​លិខិត​នោះ​ពី​លោក​បាន​ទេ​? លិខិត​នោះ​ សុំ​ទៅ​អ្នក​ស្រី ហង្ស​ ស៊ីមន​ ព្រោះ​មាន​នៅ​ដៃ​គាត់​»។ នេះ​ជា​ការ​​អះ​អាង​របស់​លោក ស៊ូវ តុង​។
 
អតីតកីឡាការិនី​ជម្រើស​ជាតិ​ យី អ៊ីលីង​ ហាក់​តាង​តឹង​ចំពោះ​​អ្វី​ដែល​លោក​ ស៊ូវ តុង​ លើក​ឡើង​ខាង​លើ​។ នាង​ថា នាង​ចង់​ហៅលោក ស៊ូវ តុង ទៅ​​និយាយ​តទល់​គ្នា​។ ​នាងទទួល​ស្គាល់ ថា​​ទទួល​បាន​លិខិត​ផ្ទេរ​​ពី​ជម្រើស​ជាតិ​មែន​ ប៉ុន្តែ​នាង​មិន​ដែល​ទទួល​បាន​លិខិត​បញ្ឈប់​នាង​ ចេញ​ពី​សហព័ន្ធ​កីឡារាំ​ឡើយ​។ អ៊ីលីង ថែម​ទាំង​និយាយ​ទៀត​ថា អគ្គលេខាធិការ​សហព័ន្ធ​ ជា​អ្នក​​និយាយប្រាប់​នាងផ្ទាល់​ ​ថាបើ​នាង​ឈប់​ពី​ជម្រើស​ជាតិ​ហើយ​ កុំ​បោះ​បង់ចោល​អី​ គួរ​​ទៅ​ហាត់​នៅ​វត្ត​ភ្នំទៅ​ ព្រោះ​ស្ដាយ​​ពេល​វេលា​ធ្លាប់​ហាត់​មក​យូរ​ហើយ​។
 
«គាត់​និយាយ​តែ​ផ្លាស់​ប្ដូរ​ពី​ជម្រើស​ជាតិ មិន​មែន​បញ្ឈប់​ពី​សហព័ន្ធ​​ឡើយ​។ បើ​ចង់​បញ្ឈប់​ខ្ញុំ​ចេញ​ពី​សហព័ន្ធ​ ត្រូវ​មាន​លិខិត​បញ្ឈប់​ត្រឹម​ត្រូវ​ ឱ្យ​ខ្ញុំ​ស៊ីញ៉េ ឬ​គាត់​ចុះ​ហត្ថលេខា​បញ្ឈប់​ខ្ញុំ​តែ​ម្ដង​។ ប៉ុន្តែ​រហូត​ដល់​ពេល​នេះ​ ខ្ញុំ​មិន​ទទួល​បាន​លិខិត​នោះ​ទេ។ ខ្ញុំ​មិន​ដឹង​ថា​គាត់​ធ្វើ​ការ​យ៉ាង​ម៉េច​ទេ​»។ នេះ​ជា​ការ​អះ​អាង​របស់​កញ្ញា យី អ៊ីលីង​។
 
ចំពោះ​លិខិត​បញ្ឈប់​កញ្ញា យី អ៊ីលីង ចេញ​ពី​សហព័ន្ធ​កី​ឡា​រាំ​កម្ពុជា​នោះ សារព័ត៌​មាន​ថ្មី​ៗ បាន​សុំ​ពី​អ្នក​ស្រី ហង្ស ស៊ីមន​ ប៉ុន្តែ​អ្នក​ស្រី​ពុំ​បាន​ផ្ដល់​ឱ្យ​ឡើយ​។
 
ចំណែក​​លោក ស៊ុម ច័ន្ទ​មុនី ត្រូវ​ជា​ឪពុក​របស់​កីឡាករ ស៊ុម ច័ន្ទ​ណារ៉ែន​ ដែល​ជា​កីឡា​ករ​ដៃ​គូ​ជា​មួយ​កញ្ញា យី អ៊ីលីង​។ លោក​បាន​បញ្ជាក់​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗថា បន្ទាប់​ពី​លោក​បាន​យក​កូន​ប្រុស​ទៅ​ព្យាបាល​ អគ្គលេខាធិការសហព័ន្ធ​កីឡារាំ​កម្ពុជា បាន​ហៅ​ទូរសព្ទ​ទៅ​សួរ​ពី​ស្ថាន​ភាព​ សុខ​ភាព​របស់​កូន​លោក​។ លុះ​៣​ថ្ងៃ ក្រោយពេល​​លោក​យក​កូន​ទៅ​ព្យាបាល​ អ្នក​ស្រី​ ហង្ស ស៊ីមន​ បាន​ហៅ​ទូរសព្ទ​ទៅ​លោកម្ដង​ទៀត ដោយ​ប្រាប់​ថា​សហព័ន្ធ​​ត្រូវ​ការ​ដូរ​កីឡាករ​។


កញ្ញា យី អ៊ីលីង រាំជាមួយដៃគូក្នុងការប្រកួតកីឡារាំថ្នាក់ជាតិ ឆ្នាំ២០២១(រូបផ្ដល់ឱ្យ)

«​ខ្ញុំ​ប្រាប់​គាត់​(អ្នក​ស្រី ហង្ស ស៊ីមន) ថា​ខ្ញុំ​​នឹង​ព្យាយាម​ព្យាបាល​កូន​ឱ្យ​ជា​ និង​យក​កូន​ទៅ​ហាត់​តទៅ​ទៀត ប៉ុន្តែ​បាន​៣​ថ្ងៃ គាត់​​​ថាខាង​សហព័ន្ធ​ត្រូវការ​កីឡាករ​ថ្មី។ ដោយ​មើល​ឃើញ​ថា សហព័ន្ធ​ត្រូវ​ការ​ជ្រើស​រើស​កីឡាករ​ ប្រញាប់​ហាត់​ទៅ​ប្រកួត ខ្ញុំ​ក៏​សរសេរ​លិខិត​ សុំ​ឈប់​ពី​ការ​ហាត់​ជម្រើស​ជាតិបែប​​វិជ្ជាជីវៈ​ ដោយហាត់​តាម​លទ្ធភាព​វិញ​។ ខ្ញុំ​គិត​ថា​កូន​ត្រូវ​ការ​រៀន​ជាង​ទៅ​ប្រកួត ព្រោះនេះ​​ជា​ឆ្នាំ​ប្រឡង ហើយ​ការ​ប្រកួត​មិន​សំខាន់​សម្រាប់​កូន​ខ្ញុំ​ទេ​។ ប៉ុន្តេ​ឪពុក​ម្ដាយ អ៊ីលីង គាត​​សួរ​នាំ។ ជា​ឪពុក​ម្ដាយ ឃើញ​កូន​បែប​នោះ តើ​បិទ​មិន​ឱ្យ​សួរ​យ៉ាង​ម៉េច?»។ នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ ច័ន្ទ​មុនី​។
 
លោក ស៊ុម ច័ន្ទ​មុនី ថា​កីឡាការិនី យី អ៊ីលីង ជា​កីឡាការិនី​ល្អ ដែល​គួរក​ដៃ​គូ​ថ្មី​ឱ្យ​នាង។ លោក​បន្ថែម​ថា សូម្បី​តែ​ កញ្ញា អ៊ីលីង ​ឈឺ​ជើងទៅ​​ហើយ តែ​នាង​​នៅ​តែ​រាំ​បាន​លេខ​១​​ជម្រើស​ជាតិ​ទៀត​។ យ៉ាង​ណា​ក៏​ដោយ លោក​ថា​​​សហព័ន្ធ​យល់​ឃើញ​យ៉ាង​ណា ក៏​លោក​មិន​អាច​ទៅ​ឃាត់​ឃាំង​ការ​យល់​ឃើញ​​របស់​សហព័ន្ធ​​បាន​ឡើយ​​។ 
 
ផ្ទុយ​ទៅ​វិញ ឪពុក​អតីតកីឡាករ​ជម្រើស​ជាតិ​ ស៊ុម ច័ន្ទ​ណារ៉ែន បាន​ប្រតិកម្ម​ចំពោះ​លោក ស៊ូវ​ ​តុង​ ដែល​បាន​និយាយ​ថា ​​ការប្រកួត​​ថ្នាក់​ជាតិ​ មិន​យក​ជា​មូល​ដ្ឋាន​ក្នុង​ការ​ជ្រើស​រើស​កីឡាករ។ លោក​ថា​ ​ការ​និយាយ​បែប​នេះ ​ដូច​ជា​ជាន់​ជើង​ខ្លួន​ឯង ព្រោះ​ការ​ប្រកួត​ថ្នាក់​ជាតិ គឺ​ដើម្បី​ជ្រើស​រើស​កីឡាករ​ខ្លាំង​ៗ​របស់​ជាតិ​​​ទៅ​ប្រកួត​។
 
«អ្នក​លេខ១​មិន​បាន​ទៅប្រកួត​ អ៊ីចឹង​ប្រកួត​ថ្នាក់​ជាតិ​ធ្វើ​អី​? អស់​លុយ​ជាតិ​គរគោក​​។ ហើយ​ថា​មិន​អាច​យក​ជា​ការ​បាន​ នេះ​ជា​ការ​បង្អាប់បង្អោន​​​ជាតិ​ខ្លួន​ឯង​។ គាត់​បង្អាប់​​គ្នា(កញ្ញា អ៊ី​លីង និង​កូន​របស់​លោក​) ថា​គ្មាន​សមត្ថភាពគ្រប់​គ្រាន់។​ បើ​គាត់​មិន​ពូកែ ឬ​ហាត់​អន់ មិន​ដឹង​ថា​គាត់​បាន​មេដាយ​ដោយ​យ៉ាង​ម៉េច ខ្ញុំ​មិន​យល់​​»។


កញ្ញា យី អ៊ីលីង រាំក្នុងការប្រកួតកីឡារាំថ្នាក់ជាតិ ឆ្នាំ២០២១(រូបផ្ដល់ឱ្យ)

លោក ច័ន្ទ​មុនី បន្ថែម​ទៀត​ថា៖«អាច​ដោះ​ដូរគូ​​បាន​តើ​ បើ​គាត់​អត់​គូ​។ តែ​លើក​ហេតុ​ផល ​ថា​គាត់​មិន​អាច​ទៅ​ប្រកួត​បាន​ ព្រោះ​អត់គូមិន​សម​ឡើយ​។ ក្មេង​ជា​មនុស្ស​ស្មោះ​ត្រង់​បំផុត​​។​ ​ជាមនុស្ស​ចាស់​ធ្វើ​ការ​ជា​មួយ​ក្មេង​ ហើយ​ធ្វើ​បែប​នេះ​ដាក់​ក្មេង​មិន​សូវ​សម​​។ កូន​ខ្ញុំ​ឈឺ​ព្រោះ​សុខ​ភាព​ខ្សោយ តែ​ អ៊ីលីង​ ជាកីឡាការិនី​រាំ​ល្អ​ណាស់ ហើយ​ធ្វើ​បាប​គ្នា​ វា​មិន​សម​រម្យ​»។ ​​
 
ចំពោះ​កីឡាការិនី យី អ៊ីលីង អះ​អាង​ថា អ្វី​ដែល​នាង​និយាយ​​ទាំង​អំបាល​ម៉ាន នាង​គ្មាន​បំណង​ចង់​ចូល​ទៅ​សហព័ន្ធ​កីឡារាំ​វិញ ឬ​ទទួល​បាន​សិទ្ធិ​ចូល​ជម្រើស​ជាតិ ឬ​បាន​ទៅ​ប្រកួត​ស៊ីហ្គេម​ នៅ​វៀតណាម​ឡើយ​ តែ​អ្វី​ដែល​នាង​ចង់​បាន​ គឺ​ចង់​បង្ហាញ​ថា​នាង​មាន​សមត្ថភាព​គ្រប់​គ្រាន់​ តែ​​សហព័ន្ធ​លំអៀង​ និង​និយាយ​ពាក្យ​មិន​ពិត​បាតដៃ​ជា​ខ្នង​ដៃ​គ្រប់​ពេល​។ 
 
លោក យី ឆេងអ៊ូ ដែល​ត្រូវ​ជា​ឪពុក​របស់​កញ្ញា យី អ៊ីលីង ក៏​បាន​អះ​អាង​ថា លោក​មិន​ចង់​មាន​រឿង​វែង​ឆ្ងាយជា​មួយ​សហព័ន្ធ​​ទៀត​ទេ​​ ព្រោះ​កូន​របស់​លោក​បាន​ដើរ​ចេញ​ពី​សហព័ន្ធ​រួច​ហើយ​។ ប៉ុន្តែ​លោក​សុំ​ត្រឹម​ កុំ​ទម្លាក់​កំហុស​លើ​កូន​ស្រី​របស់​លោក ព្រោះ​កូន​ស្រី​របស់​លោក​មិន​ខុស​ឡើយ​៕ 
 
 

Tag:
 កីឡា​
  រាំ​
  សហព័ន្ធ​កី​ឡារាំ​កម្ពុជា
 ​
© រក្សាសិទ្ធិដោយ thmeythmey.com