ជាតិ
ត្រីទឹកសាបគ្មានស្រកាទាំង១០ ប្រភេទសម្បូរនៅលើទីផ្សារ
13, Feb 2022 , 9:29 am        
រូបភាព
ដោយ:
ភ្នំពេញ៖ ត្រីរស់នៅទឹកសាប ឬត្រីរស់នៅទឹកប្រៃ តែងចែកចេញប្រភេទផ្សេងៗគ្នា។ ត្រីមានខ្លះមានស្រកា រីឯត្រីខ្លះគ្មានស្រកាទេ។ ប្រភេទត្រីទាំងនេះ​ រស់នៅក្នុងទឹកសាបដូចគ្នា​ ប៉ុន្ដែរបាយ​នៃការរស់នៅខុសគ្នា។ ថ្ងៃនេះ សារព័ត៌មានថ្មីៗ សូមលើកយកត្រីអត់ស្រកា​ចំនួន១០ប្រភេទ រស់នៅក្នុងទឹកសាប​ ដែលនៅសម្បូរក្នុងធម្មជាតិ និងមានលក់នៅលើទីផ្សារ​។

​ 
ត្រីប្រា៖ ជាប្រភេទត្រីគ្មានស្រកា វាមានធ្មុងនៅត្រចៀកសងខាង និងផ្នែកខាងលើខ្នង។ពលរដ្ឋភាគច្រើន ស្គាល់ត្រីប្រភេទនេះ ព្រោះវាសម្បូរនៅលើទីផ្សារ ប៉ុន្ដែក៏មានពលរដ្ឋមួយចំ​នួននិយមបរិភោគវាដែរ ព្រោះគិតថា​ភាគច្រើនត្រីប្រាដែលលក់នៅលើទីផ្សារ ជាត្រីចិញ្ចឹម។ សម្រាប់ត្រីប្រា គេអាចយកស្លបានស្ទើរគ្រប់ប្រភេទ ទៅតាមការច្នៃរបស់ចុងភៅ។ លើសពីនេះ គេក៏អាចច្នៃធ្វើផ្អក ត្រីប្រឡាក់ និងត្រីសំយុង ឬត្រីហើម។ ត្រីប្រភេទនេះ ងាយស្រួលចិញ្ចឹម ហើយទម្ងន់របស់វា អាចមានរហូតដល់៥គីឡូក្រាម ឬលើសពីនេះ ប្រសិនបើរស់នៅក្នុងធម្មជាតិកាន់តែយូរ។


 ត្រីប្រា រូបភាពដោយ តុន ណៃ
 
ត្រីក្រពាត់ ឬ ត្រីសណ្ដាយ៖ ជាប្រភេទត្រីឥតស្រកា មានខ្លួនវែង គ្មានធ្មុង ដូចត្រីដទៃទេ។ ត្រីប្រភេទនេះ នៅតាមដងទន្លេមេគង្គក្រោម  ជាប្រភេទត្រីដែលសម្បូរនៅរដូវទឹកឡើង។ ត្រីក្រពាត់ ឬសណ្ដាយ អាចមានទម្ងន់ចន្លោះពី៥ ទៅ១០គីឡូក្រាមក៏មាន។ ​ត្រីប្រភេទនេះ ត្រូវបានពលរដ្ឋខ្មែ​និយម​ប្រឡាក់ចៀន និងខជាដើម។ ពេលបច្ចុប្បន្ន គេបានបង្កាត់ពូជត្រីប្រភេទនេះ និងយកមកចិញ្ចឹមនៅតាមកសិដ្ឋាន ​ដើម្បីផ្គត់ផ្គង់លើទីផ្សារ។ 


 ត្រីក្រពាត់ ឬ ត្រីសណ្ដាយរូបភាពដោយ តុន ណៃ
 
ត្រីកែស៖ ជាត្រីដែលមានសម្បុរស មានខ្លួនវែង គ្មានធ្មុង។ រូបរាងត្រីប្រភេទនេះ​ប្រហាក់ប្រហែកនឹងត្រីក្រពាត់ តែតណ៌វាមិនដូចគ្នាទេ។ ​សម្រាប់ការពេញនិយម ភាគច្រើនគេយកទៅចៀន ប្រឡាក់ ស្លម្ជូរត្រកួន និងម្ហូបផ្សេងទៀតតាមតំបន់។ ត្រីប្រភេទនេះ បច្ចុប្បន្នត្រូវបានពលរដ្ឋមួយចំនួនច្នៃធ្វើជា ត្រីឆ្អើរ លក់នៅលើទីផ្សារផងដែរ។ 


ត្រីកេស រូបភាពដោយ តុន ណៃ 
 
ត្រីអណ្ដែង៖ ត្រីប្រភេទដែលសម្បូរទាំងនៅក្នុងធម្មជាតិ ​និងក្នុងកសិដ្ឋានចិញ្ចឹម។ ត្រីអណ្ដែងនៅក្នុងប្រទេសកម្ពុជា មានមិនក្រោមបីប្រភេទទេ ក្នុងនោះរួមមានត្រីអណ្ដែងទន់ អណ្ដែងរឹង អណ្ដែងទន្លេ អណ្ដែងងាំង និងប្រភេទផ្សេងៗទៀត។ ពលរដ្ឋភាគច្រើនស្គាល់ត្រីប្រភេទនេះ ហើយគេច្នៃវាជាម្ហូបបានច្រើនប្រភេទ  ដូចជាយកទៅស្ល  ឆាក្ដៅ ប្រឡាក់ ឆ្អើរ​។  ត្រីប្រភេទនេះ សម្បូរគ្រប់រដូវមិនថានៅរដូវខែប្រាំង ឬវស្សា។ ត្រីអណ្ដែងភាគច្រើន ចូលចិត្តរស់នៅតាមត្រពាំង ឬអណ្ដូង និងតាមបឹងធម្មជាតិ។ ទោះជាត្រីប្រភេទនេះ នៅសម្បូរ ក៏វត្តមានរបស់វា នៅតែត្រូវបានគេចិញ្ចឹម ដើម្បីផ្គត់ផ្គង់នៅលើទៅផ្សារ។ 


ត្រីអណ្ដែង រូបភាពដោយ តុន ណៃ 
 
ត្រីកញ្ចុះឆ្នូត៖ ជាប្រភេទត្រីដែលគ្មានស្រកា មានធ្មុងនៅត្រចៀកសងខាង និងផ្នែកខាងលើ។ ត្រីកញ្ចុះមានទំហំតូចល្មម អាចមានទម្ងន់ចន្លោះ១០ ដល់៥០ក្រាម។ ដ្បិតត្រីប្រភេទនេះមានតូចៗ ប៉ុន្ដែបានក្លាយជាត្រីមួយប្រភេទ ដែលពលរដ្ឋនិមយទិញយកស្លម្ជូរ ខផ្អែម និងធ្វើផ្អក។ សម្រាប់ពលរដ្ឋភាគច្រើន យកស្លម្ជូរត្រីសុទ្ធជាមួយត្រួយអម្ពិល និងស្លម្ជូរដើមចេក។ ត្រីកញ្ចុះនៅលើទៅផ្សារអាចមានតម្លៃគួរសម បើប្រៀបតម្លៃត្រីផ្សេងទៀតនៅលើទីផ្សារ។  


ត្រីកញ្ជុះឆ្នូត  រូបភាពរូបដោយសៀវភៅមគ្គុទ្ទេសក៍ ស្តីពី ប្រភេទត្រីទឹកសាបរស់នៅក្នុងដែនទឹកសាប នៃប្រទេសកម្ពុជា 
 
ត្រីកញ្ចុះបាយ៖ ត្រីកញ្ចុះបាយ មានរូបរាងខុសពីត្រីកញ្ចុះឆ្នូតត្រង់ពណ៌ ប៉ុន្ដែរសជាតិប្រ​ហែលគ្នា។ ចំពោះទម្ងន់របស់វា អាចធំជាងត្រីកញ្ចុះឆ្នូតបន្ដិច។ ចំពោះត្រីប្រភេទនេះ ត្រូវបានពលរដ្ឋខ្មែរច្នៃធ្វើជាម្ហូប បានដូចជាត្រីកញ្ចុះឆ្នូតដែរ។ តាមការសង្កេត ត្រីកញ្ចុះបាយនៅក្នុងធម្មជាតិ មិនសូវសម្បូរដូចជាត្រីកញ្ចុះធ្នូតឡើយ សម្រាប់ការនិយមរបស់ពលរដ្ឋក៏ខុសគ្នាដែរ​។


 
ត្រីកញ្ចុះបាយ  រូបដោយសៀវភៅមគ្គុទ្ទេសក៍ ស្តីពី ប្រភេទត្រីទឹកសាបរស់នៅក្នុងដែនទឹកសាប នៃប្រទេសកម្ពុជា

ត្រីឆ្លាំង៖ ជាប្រភេទត្រីគ្មានស្រកា មានធ្មុងនៅត្រចៀកសងខាង រួមជាមួយផ្នែកខាងលើ ដូចត្រីកញ្ចុះ និងត្រីប្រា។  ត្រីឆ្លាំងជាត្រីមួយប្រភេទ ដែលសម្បូរដោយខែ។ រដូវទឹកឡើង ខណៈពេលទឹកទន្លេមេគង្គក្រោម ចាក់ចូលបឹង ជារដូវដែលសម្បូរត្រីឆ្លាំងបំផុត សម្រាប់អ្នករស់នៅតាមទន្លេមេគង្គក្រោម។ រសត្រីប្រភេទនេះឆ្ងាញ់មួយបែប ចំណែកឯតម្លៃរបស់វានៅលើទីផ្សារប្រហាក់ប្រហែលត្រីកញ្ចុះ។ 


ត្រីឆ្លាំង រូបភាពដោយ តុន ណៃ
 
ត្រីក្លាំងហាយ៖ ត្រីប្រភេទនេះ គ្មានស្រកា គ្មានធ្មុង មានរូបរាងប្រហែលត្រីកែស ប៉ុន្ដែខុសត្រង់ពណ៌។ មានពលរដ្ឋមួយចំនួនតូច ច្រឡំវាជាមួយត្រីកែស។ ត្រីប្រភេទនេះនៅលើទីផ្សារ មានមិនច្រើនដូចជាត្រីកែស។ ចំពោះការច្នៃធ្វើជាម្ហូប ក៏មិនសូវខុសគ្នាពីត្រីកែសប៉ុន្មានដែរ។ 


ត្រីក្លាំហាយ  រូបភាពដោយប្រជុំសត្វព្រៃកម្ពុជា 
 
ត្រីពោ៖ ត្រីប្រភេទនេះ ត្រូវបានពលរដ្ឋភាគច្រើនចាប់ច្រឡំជាមួយត្រីប្រា។ សម្រាប់ការចំណាំត្រីពោ និងត្រីប្រា គេអាចសម្គាល់តាមរយៈរូបរាង ​មុខមាត់ និងសម្បុរ។ សម្រាប់រសជាតិរបស់ត្រីពោ អាចឆ្ងាញ់ជាត្រីប្រាបន្ដិច។ និយាយចំពោះការនិយមវិញ ពលរដ្ឋជាង៧០ភាគរយ ចូលចិត្តបរិភោគត្រីពោ ជាងត្រីប្រា។ ចំណែកឯ ​តម្លៃត្រីប្រភេទនេះ ក៏ខុសគ្នាដែរ។ 


 ត្រីពោ រូបភាពដោយ សៀវភៅមគ្គុទ្ទេសក៍ ស្តីពីប្រភេទត្រីរស់នៅក្នុងដែនទឹកសាប នៃប្រទេសកម្ពុជា 
 
ត្រីកញ្ជូ្រកក្រហម៖ ជាប្រភេទត្រីដែលសម្បូរ នៅរដូវទឹកស្រក ភាគច្រើនពួកវាធ្វើដំណើរជាក្រុម។ ត្រីប្រភេទនេះមានទំហំតូចៗល្មម ប្រហែលត្រីកញ្ចុះឆ្នូត។ ពលរដ្ឋខ្មែរភាគច្រើនចូលចិត្តយកត្រីប្រភេទនេះទៅខប្រៃ និងច្នែធ្វើជាផ្អក។ ត្រីកញ្ជូកញី និងឈ្មោលមានពណ៌ និងទំហំខុសគ្នា៕
 


 ត្រីកញ្ជូ្រកក្រហម រូបដោយសៀវភៅមគ្គុទ្ទេសក៍ ស្តីពី ប្រភេទត្រីទឹកសាបរស់នៅក្នុងដែនទឹកសាប នៃប្រទេសកម្ពុជា

Tag:
 ត្រីទឹកសាប
  ត្រី
  មច្ឆជាតិ
 
© រក្សាសិទ្ធិដោយ thmeythmey.com