ជាតិ
កម្ពុជា នឹងសាងសង់ច្រកព្រំដែនអន្តរជាតិថ្មដា នៅព្រំប្រទល់ពោធិ៍សាត់-ត្រាត
12, Feb 2022 , 7:59 pm        
រូបភាព
រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន
រូបភាពពីក្រសួងសាធារណការ និងដឹកជញ្ជូន
រដ្ឋាភិបាលកម្ពុជា នឹងសាងសងច្រកព្រំដែនអន្តរជាតិថ្មដា ស្ថិតក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីបើកច្រកព្រំដែនរវាងកម្ពុជានិងថៃ ហើយបង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។


 
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋាភិបាលនឹងសាងសង់ហេដ្ឋារចនាសម្ព័ន្ធមួយចំនួនមាន អគារអន្តោប្រវេសន៍,អគារគយ,រដ្ឋាករសម្រាប់ត្រួតពិនិត្យរួម,ចំណតសម្រាប់ផ្ទេរទំនិញឆ្លង កាត់,ឃ្លាំងទីលានកុងទឺន័រ,អគាររដ្ឋបាល និងអគារអន្តេវាសិកដ្ឋាន ដើម្បីបើកច្រកព្រំដែនអន្តរជាតិថ្មដានេះផងដែរ។ 


 
ចំពោះការសាងសង់ហេដ្ឋារចនាសម្ព័ន្ធទាំងនោះគឺ ដើម្បីបើកឱកាសដល់ការវិនិយោគ ការធ្វើពាណិជ្ជកម្មឆ្លងកាត់ដែន និងបង្កើតឱកាសការងារដល់ពលរដ្ឋ។ លើសពីនេះ ក៏បើកឱកាសឱ្យបានទូលំទូលាយដល់កិច្ចសហប្រតិបត្តិការអន្តរជាតិ និងការទាក់ទាញភ្ញៀវទេសចរលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ និងសង្គមជាតិរវាងប្រទេសទាំងពីរផងដែរ។ នេះបើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។
 
សូមបញ្ជាក់ថា គម្រោងសាងសងច្រកព្រំដែនអន្តរជាតិថ្មដានេះ ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលជាប់ព្រំដែនជាមួយខេត្តត្រាត ប្រទេសថៃ។
 
លោក ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ បានបញ្ជាក់ប្រាប់សារព័ត៌មានថា រដ្ឋាភិបាលមានគម្រោងនេះ ជាយូរមកហើយ ប៉ុន្តែបច្ចុប្បន្នកំពុងរង់ចាំការឆ្លើយតបពីភាគីថៃដើម្បីឈានដល់ការឯកភាពគ្នាជាគោលការណ៍៕
 
 

Tag:
 ថ្មដា
 ច្រកព្រំដែន
 ពោធិ៍សាត់
© រក្សាសិទ្ធិដោយ thmeythmey.com