អន្តរជាតិ
តួកម៉េនីស្ថាន នឹងរៀបចំការបោះឆ្នោតប្រធានាធិបតីមុនកាលកំណត់
12, Feb 2022 , 8:29 pm        
រូបភាព
លោក Gurbanguly Berdymukhamedov ប្រធានាធិបតីតួកម៉េនីស្ថាន។ រូបភាព៖ Xinhua
លោក Gurbanguly Berdymukhamedov ប្រធានាធិបតីតួកម៉េនីស្ថាន។ រូបភាព៖ Xinhua
តួកម៉េនីស្ថាន នៅថ្ងៃទី១២ ខែកុម្ភៈ បានប្រកាសរៀបចំការបោះឆ្នោតប្រធានាធិបតីមុនកាលកំណត់ នៅថ្ងៃទី១២ ខែមីនា បន្ទាប់ពីលោកGurbanguly Berdymukhamedov ប្រធានាធិបតីតួកម៉េនីស្ថាន បានប្រកាសថា លោកបានត្រៀមខ្លួនរួចរាល់ ក្នុងការលាលែងពីតំណែង។ កូនប្រុសរបស់លោក Berdymukhamedov ទំនងជាស្នងតំណែងកំពូលមួយនេះ។

 
ក្នុងសភាជាន់ខ្ពស់នៅថ្ងៃទី១១ ខែកុម្ភៈ លោកGurbanguly Berdymukhamedov ប្រធានាធិបតីតួកម៉េនីស្ថាន បានលើកឡើងថា លោកបានសម្រេចចិត្តដ៏តឹងតែងមួយ ក្នុងការប្រគល់តំណែងទៅឱ្យមេដឹកនាំវ័យក្មេង ក្នុងការគ្រប់គ្រងប្រទេស។ អាណត្តិរបស់លោក Berdymukhamedov នឹងផុតនៅក្នុងឆ្នាំ ២០២៤។ 
 
បន្ទាប់ពីការប្រកាសនេះ គណៈកម្មការរៀបចំការបោះឆ្នោតតួកម៉េនីស្ថាន បានត្រៀមរៀបចំការបោះឆ្នោតប្រធានាធិបតីមុនពេលកំណត់ នៅថ្ងៃទី១២ ខែមីនាខាងមុខ។ «លោកប្រធានាធិបតី បានប្រាប់ការណែនាំដល់យើងឱ្យរៀបចំការបោះឆ្នោតប្រធានាធិបតីមុនពេលកំណត់»។ លោក Bezergen Garrayev អ្នកនាំពាក្យគណៈកម្មការរៀបចំការបោះឆ្នោត បានបញ្ជាក់បែបនេះ ក្នុងកិច្ចសម្ភាសជាមួយទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី១២ ខែកុម្ភៈ។ 
 
ក្នុងការបោះឆ្នោតប្រធានាធិបតីនេះ កូនប្រុសលោកប្រធានាធិបតី លោក Serdar Berdymukhamedov ទំនងជាស្នងតំណែងឪពុក។ កន្លងមក លោក Serdar ដែលមានវ័យ ៤០ឆ្នាំ ត្រូវបានតែងតាំងជាមន្រ្តីទូត សមាជិកសភា រដ្ឋមន្រ្តី និងអភិបាលខេត្តជាដើម។ បច្ចុប្បន្ន លោក Serder មានតំណែងជាឧបនាយករដ្ឋមន្រ្តីគ្រប់គ្រងសេដ្ឋកិច្ចប្រទេស។ ការរំពឹងលោក Serder ស្នងតំណែងឪពុកនេះ គឺដោយសារ បក្សប្រឆាំងមិនមានសម្លេងគាំទ្រច្រើនឡើយនៅតួកម៉េនីស្ថាន៕ 
 

Tag:
 តួកម៉េនីស្ថាន
  ការបោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com