កីឡាជាតិ
ជាតិ
លោក Honda ទៅកាន់គាំទ្រ៖ មិនងាយស្រួលទេក្នុងស្ថានភាពនេះ តែកីឡាករ និងខ្ញុំ ត្រូវការអ្នកទាំងអស់
13, Feb 2022 , 11:37 am        
រូបភាព
ដោយ: រួបរួម
អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា លោក Keisuke Honda តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន រំពឹងឃើញវត្តមានអ្នកគាំទ្រមួយចំនួននៅកីឡដ្ឋាន នាអំឡុងការប្រកួតពានរង្វាន់ AFF U23 Championship ដោយកម្ពុជាត្រូវផ្តើមជំនួបពូល A ជាមួយព្រុយណេ ល្ងាចថ្ងៃចន្ទ ទី១៤ ខែកុម្ភៈ។

 
«សង្ឃឹមថា អ្នកគាំទ្រមួយចំនួនអាចមកកីឡដ្ឋានសម្រាប់ការប្រកួតនាថ្ងៃស្អែក។ ខ្ញុំដឹងថា វានឹងមិនងាយស្រួលនោះឡើយក្នុងស្ថានភាពនេះ ប៉ុន្តែកីឡាកររបស់យើង និងខ្ញុំផ្ទាល់ ត្រូវការអ្នកទាំងអស់គ្នា»។ នេះជាសំណេររបស់លោក Keisuke Honda ដោយភ្ជាប់ជាមួយ Hashtag #Cambodia។
 
ស្ថានភាពដែលអ្នកចាត់ការទូទៅជនជាតិជប៉ុន បានលើកឡើងថា នេះ គឺទំនងសំដៅលើការរាលដាលកូវីដ-១៩ ដោយមានការកំណត់បរិមាណមនុស្សនៅកីឡដ្ឋាន ហើយក៏ជាការបើកទ្វារលើកដំបូងផងដែរ សម្រាប់កីឡដ្ឋានជាតិសម្តេចតេជោ ក្នុងការប្រកួតផ្លូវការ។
 
នាថ្ងៃទី១៤ ខែកុម្ភៈ ពូល A បើកការប្រកួតដំបូងនៅកីឡដ្ឋានជាតិមរតកតេជោ ដោយទីម័រខាងកើត ប៉ះ ហ្វីលីពីន នាវេលាម៉ោង៤ មុនកម្ពុជា ស្វាគមន៍ព្រុយណេ នាវេលាម៉ោង៧យប់។
 
សម្រាប់ពាននេះ កម្ពុជាមានជម្រើស២៨នាក់ចុងក្រោយ ដោយក្នុងចំណោមនោះ មានកីឡាករបឹងកេត៧នាក់ វិសាខា៦នាក់ ព្រៃវែង៣នាក់ ភ្នំពេញក្រោន៣នាក់ ព្រះខ័នរាជស្វាយរៀង៣នាក់ អគ្គិសនីកម្ពុជា២នាក់ កងយោធពលខេមរភូមិន្ទ២នាក់ និងអង្គរថាយហ្គឺរ១នាក់។
 
សម្រាប់តំណែងអ្នកចាំទី ហ៊ុល គឺមហ៊ុយ និងកយ សាលីម នៅក្លិបបឹងកេត រួមជាមួយ វីរៈ ដារ៉ា នៃក្លិបព្រៃវែង។ នៅតំបន់ការពារចំនួន១១នាក់ មាន ស រតនា, អាត អូនទូច, ចាន់ សារ៉ាពេជ្រ (ព្រៃវែង), ទេស សម្បត្តិ, ឡេង ណូរ៉ា (វិសាខា), យ៉ើ សាហ្វី, សឿត បារាំង (ភ្នំពេញក្រោន), សឿត ណាវ៉ា, តាំង ប៊ុនឆៃ (បឹងកេត), នី សុខរី (ព្រះខ័នរាជស្វាយរៀង) និង ឈឿង វីស៊ីនុ (អគ្គិសនីកម្ពុជា)។
 
ក្នុងតំបន់បម្រើដែលមានសមាសភាព៨នាក់ មាន លីម អារុណរ៉េយមិន, សាន គឹមហេង (បឹងកេត), មិន រតនៈ (ស្វាយរៀង), ជួន ចាន់ចាវ (ភ្នំពេញក្រោន), ស៊ិន សុវណ្ណមករា (ព្រៃវែង), ណុប ដេវីត (អគ្គិសនីកម្ពុជា), រដ្ឋ វីរៈ (វិសាខា) និងម៉ៅ ពិសិដ្ឋ (អង្គរថាយហ្គឺរ)។
 
នៅតំបន់ប្រយុទ្ធឯណោះវិញ កីឡាករចំនួន៦នាក់រួមមាន សារ ទី, គី រីណា (វិសាខា), ញាណ សុស៊ីដាន, ណារ៉ុង កក្កដា (កងយោធពលខេមរភូមិន្ទ), សៀង ចន្ធា (បឹងកេត) និង អ៊ាន ពិសី (ស្វាយរៀង)៕
 

Tag:
 U23
  Keisuke Honda
© រក្សាសិទ្ធិដោយ thmeythmey.com