អន្តរជាតិ
ជំនួបបៃឌិន-ពូទីន លើវិបត្តិអ៊ុយក្រែន នៅតែគ្មានច្រកចេញ
13, Feb 2022 , 12:19 pm        
រូបភាព
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ រូបភាព៖ AFP
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ រូបភាព៖ AFP
ប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន នៅថ្ងៃទី១២ ខែកុម្ភៈ បានជជែកតាមទូរសព្ទជាមួយសមភាគីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ជុំវិញបញ្ហាអ៊ុយក្រែន។ ក្នុងជំនួបនោះ មេដឹកនាំទាំងពីរ មិនអាចស្វែងរកច្រកចេញលើវិបត្តិអ៊ុយក្រែនបានឡើយ ខណៈអាម៉េរិក បានព្រមានដដែលៗថា រុស្ស៊ីនឹងរងការឆ្លើយតបធ្ងន់ធ្ងរ ប្រសិនបើហ៊ានឈ្លានពានអ៊ុយក្រែន។

 
វិបត្តិអ៊ុយក្រែននៅតែបន្តអូសបន្លាយ និងគ្មានច្រកចេញ។ បណ្តាប្រទេសអឺរ៉ុប និងអាម៉េរិក បានជំរុញឱ្យប្រជាជនខ្លួនចេញចេញពីអ៊ុយក្រែន ដោយព្រមានពីការវាយប្រហាររបស់រុស្ស៊ី លើប្រទេសជិតខាងមួយនេះ ខណៈប្រទេសមួយចំនួន បានប្រកាសផ្អាកជើងហោះហើរពាណិជ្ជកម្ម។ ទន្ទឹមនេះ រុស្ស៊ី បានធ្វើសមយុទ្ធនៅសមុទ្រខ្មៅ និងបេឡារុស ដើម្បីបង្ហាញសាច់ដុំខ្លួនដាក់បណ្តាប្រទេសអឺរ៉ុប និងព្រមានអ៊ុយក្រែន។ 
 
ស្របពេលភាពតានតឹងនេះ មេដឹកនាំអាម៉េរិក លោកចូ បៃឌិន និងរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានរៀបចំកិច្ចពិភាក្សាតាមទូរសព្ទមួយ ដើម្បីបន្ធូរបន្ថយវិបត្តិ។ យ៉ាងណាមិញ ក្នុងជំនួបរយៈពេល ១ម៉ោងនេះ មេដឹកនាំកំពូលរបស់មហាអំណាចទាំងពីរ មិនអាចស្វែងរកច្រកចេញបានឡើយ និងមានតែការប្រើប្រាស់ពាក្យសម្តីធ្ងន់ៗដាក់គ្នាប៉ុណ្ណោះ។ 
 
«ប្រសិនបើរុស្ស៊ីជ្រើសយកការឈ្លានពានអ៊ុយក្រែន អាម៉េរិកជាមួយសម្ព័ន្ធមិត្ត នឹងឆ្លើយតបឱ្យច្បាស់លាស់ និងដាក់ទណ្ឌកម្មលើរុស្ស៊ី»។ លោកបៃឌិន បានព្រមានសារជាថ្មីបែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍សេតវិមានអាម៉េរិកជុំវិញជំនួប លោកបៃឌិន-ពូទីន ដោយបន្ថែមថា ការឈ្លានពានរុស្ស៊ី នឹងបង្កឱ្យមានមហន្តរាយលើមនុស្សជាតិ និងជំហររបស់រុស្ស៊ី។ 
 
បើតាមលោកបៃឌិន អាម៉េរិក នឹងបន្តរក្សាកិច្ចចរចាជាមួយរុស្ស៊ី ដោយមានការសម្រួបសម្រួលពីសម្ព័ន្ធមិត្ត និងដៃគូ។ 
 
តាមមន្រ្តីរុស្ស៊ី លោក Yuri Ushakov លោកពូទីន បានរិះគន់លោកខាងលិច ដែលធ្វើយោធូបនីយកម្ម និងបំពាក់អាវុធឱ្យអ៊ុយក្រែន ដែលអាចធ្វើឱ្យរដ្ឋាភិបាលប្រទេសមួយនេះ ប្រើកម្លាំងទ័ព ដើម្បីវាយប្រហារលើកងកម្លាំងគាំទ្រផ្តាច់ទឹកដី។ ទន្ទឹមនេះ លោកពូទីន បានជំរុញឱ្យក្រុងកៀវគោរពកិច្ចព្រមព្រៀងបទឈប់បាញ់ក្រុងមីនស្កិ៍ ដើម្បីបន្ធូរបន្ថយវិបត្តិ។ 
 
គួររំលឹកថា មុនជំនួបជាមួយលោកបៃឌិន លោកពូទីន ក៏បានសន្ទនាតាមទូរសព្ទជាមួយសមភាគីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង ដែរ ប៉ុន្តែកិច្ចសន្ទនានោះ នៅតែមិនទទួលបានលទ្ធផល ប៉ុន្តែភាគីទាំងពីរ បានឯកភាពបន្តកិច្ចចរចា៕

Tag:
 អាម៉េរិក
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com