ជាតិ
ក្រសួងបរិស្ថាន បន្តគាំទ្រសមាគមអភិរក្សដំរីអៃរាវត្តា ដើម្បីការពារ និងអភិរក្សដំរីនៅកម្ពុជា
13, Feb 2022 , 1:59 pm        
រូបភាព
រូបភាពពីក្រសួងបរិស្ថាន
រូបភាពពីក្រសួងបរិស្ថាន
លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអះអាងថា ក្រសួងបរិស្ថាន នឹងបន្តគាំទ្រសមាគមអភិរក្សដំរីអៃរាវត្តា (Airavata Elephant Foundation) លើកិច្ចការការពារ និងអភិរក្សដំរី ដែលជាសត្វជិតផុតពូជ។ ក្នុងការគាំទ្រនេះ ក្រសួងបានប្រគល់ថវិកាមូលនិធិបរិស្ថាន និងសង្គមជូនទៅ សមាគមអភិរក្សដំរីអៃរាវត្តា ដើម្បីការអភិរក្ស និងបង្កើនចំនួនដំរីនៅកម្ពុជា។

 
ក្នុងពិធីសមោសរប្រមូលមូលនិធិរបស់សមាគមអៃរាវត្តា (Airavata Elephant Foundation) កាលពីថ្ងៃទី១២ ខែកុម្ភៈ ម្សិលមិញនេះ លោក អ៊ាង សុផល្លែត បានលើកឡើងថា៖«ក្រសួងបរិស្ថានប្រកាសបន្តគាំទ្រ សមាគមអភិរក្សដំរីអៃរាវត្តា Airavata Elephant Foundation ក្នុងការចូលរួមការពារ និងអភិរក្សសត្វដំរី ដែលជាសត្វកម្រ និងជិតផុតពូជ»។ 
 
លោក បន្តថា ការអភិរក្សធនធានធម្មជាតិ និងសត្វព្រៃ ជាពិសេសសត្វដំរី ជាបេសកកម្មដ៏ធំរបស់ក្រសួងបរិស្ថាន។ 
 
បច្ចុប្បន្ន កម្ពុជាមានដំរីអាស៊ីប្រមាណចន្លោះពី៤០០ ទៅ៦០០ក្បាលប៉ុណ្ណោះ។ ដំរីទាំងនោះ ភាគច្រើនរស់នៅ តំបន់ជួរភ្នំក្រវាញ,តំបន់ខ្ពង់រាប,ខាងជើងទន្លេសាប និងតំបន់ទេសភាពខ្ពង់ រាបខាងកើត ដែលជាតំបន់ជីវៈចម្រុះ ប្រព័ន្ធអេកូទ្បូស៊ី ដ៏សម្បូរបែប និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃដដៃទៀត។ នេះបើតាមការបញ្ជាក់របស់លោក អ៊ាង សុផល្លែត ដែលបន្តថា ដំរីស្រុកមានប្រមាណ៧០ក្បាលប៉ុណ្ណោះ ដូច្នេះចាំបាច់ត្រូវមានការការពារ និងអភិរក្ស។
 
រដ្ឋលេខាធិការរូបនេះបញ្ជាក់ទៀតថា ក្រសួងបរិស្ថាន បានបង្កើតតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ លើផ្ទៃដីជាង៧លានហិកតា ដែលវាជាទីជម្រកសម្រាប់សត្វព្រៃគ្រប់ប្រភេទ ជាពិសេសសត្វដំរី។
 
សូមបញ្ជាក់ថា សមាគមអភិរក្សដំរីអៃរាវត្តា (Airavata Elephant Foundation) មានទីតាំងស្ថិតនៅខេត្តរតនគិរី ជាមជ្ឈមណ្ឌលបង្កាត់ពូជដំរី ដើម្បីអភិរក្ស និងបង្កើនចំនួនដំរីនៅកម្ពុជា៕


លោក អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថាន រូបភាពពីក្រសួងបរិស្ថាន


Tag:
 ដំរី
 សមាគមន៍អភិរក្សដំរី
 អៃរាវត្តា
© រក្សាសិទ្ធិដោយ thmeythmey.com