ជាតិ
សេដ្ឋកិច្ច
លោក ប៊ូ សុភក្ដិ ច្នៃផ្លែផាសិនជាស្រា ហើយស្វែងរកទីផ្សារនាំចេញទៅជប៉ុន កូរ៉េ និងរុស្ស៊ី
13, Feb 2022 , 6:59 pm        
រូបភាព
លោក ប៊ូ សុភក្តិ បានបង្កើតសហគ្រាសកែច្នៃផ្លែផាសិន ជាស្រា ក្រោមឈ្មោះ ស្រាផាសិនមណ្ឌលគិរី។ ស្រាផាសិនមណ្ឌលគិរី មានពីរប្រភេទ គឹជាស្រាពណ៌ក្រហម និងស្រាផាសិនពណ៌លឿង។ ក្រោយមានវត្តមាននៅក្នុងទីផ្សារប្រមាណ៨ឆ្នាំ ជាមួយនឹងគាំទ្រពីភ្ញៀវជាតិ និងអន្តរជាតិជាពិសេសជនជាតិ ជប៉ុន កូរ៉េ និងរុស្ស៊ី លោក   ប៊ូ សុភក្តិ ចង់ពង្រីកទីផ្សារផលិផលរបស់ខ្លួន ទៅប្រទេសទាំង៣នេះ។

 
លោក ប៊ូ សុភក្តិ ជាម្ចាស់សហគ្រាសផលិតស្រាផាសិនមណ្ឌលគិរី។ ម្ចាស់សហគ្រាសរូបនេះ មានគម្រោងពង្រីកផលិតកម្មស្រាផាសិនរបស់ខ្លួន ដើម្បីនាំចេញទៅប្រទេសជប៉ុន កូរ៉េខាងត្បូង និងប្រទេសរុស្ស៊ី ក្រោយផលិតផលនេះ ទទួលបានគាំទ្រច្រើនពីពលរដ្ឋក្នុងស្រុក និងជនបរទេស តាំងពីចុងឆ្នាំ២០១៦មក។ «ពលរដ្ឋខ្មែរមានការគាំទ្រពេញទំហឹង ចាប់តាំងពីមានការបំផុសពីក្រសួងទេសចរណ៍ និងក្រសួងកសិកម្ម ឱ្យពលរដ្ឋស្គាល់ពីផលិតផលខ្មែរ។ ពេលចូលពិព័រណ៍ម្តងៗ គឺថ្នាក់ដឹកនាំ រដ្ឋមន្ត្រីទេសចរណ៍ និងរដ្ឋមន្រ្តីពាណិជ្ជកម្ម បានចូលមើលផ្ទាល់»។ នេះជាការបញ្ជាក់របស់លោក ប៊ូ សុភក្តិ ម្ចាស់សហគ្រាសផលិតស្រាផាសិនមណ្ឌលគិរី។


លោក ប៊ូ សុភក្តិ ម្ចាស់សហគ្រាសផលិតស្រាផាសិន
 
លោក ប៊ូ សុភក្តិ ថ្លែងប្រាប់សារព័ត៌មាន Thmeythmey25 តាមទូរសព្ទថា បច្ចុប្បន្នសហគ្រាសរបស់ខ្លួន មានផលិតស្រាច្នៃពីផ្លែផាសិន ឬក្រូចវល្លិ៍នេះ ២ប្រភេទ គឺស្រាផាសិនពណ៌ក្រហម និងស្រាផាសិនពណ៌លឿង។ ស្រាផាសិន មួយដប មានតម្លៃ ៦ម៉ឺនរៀល។ ក្នុងមួយឆ្នាំៗ បុរសរូបនេះ អះអាងថា លោកអាចលក់ចេញបានពី ៤ពាន់ដង ទៅ៥ពាន់ដប។


ស្រាផាសិនមណ្ឌលគិរី ពេលដាក់តាំងពិព័រណ៍។ រូបភាពពីលោក ប៊ូ សុភក្តិ

 
 
ជុំវិញផែនការពង្រីកទីផ្សារស្រាផាសិនទៅក្រៅប្រទេស ម្ចាស់សហគ្រាសវ័យ ៣៥ឆ្នាំ មានសុដ្ឋិនិយមខ្លាំង ថាផលិតផលរបស់ខ្លួន នឹងទទួលបានជោគជ័យ ខណៈវាទទួលបានទទួលការពេញនិយមពីជនជាតិជប៉ុន កូរ៉េ និងរុស្ស៊ី ដែលរស់នៅ ប្រទេសកម្ពុជារួចទៅហើយ។ លោក សុភក្តិ ពន្យល់បន្ថែមដូច្នេះ៖«ខ្ញុំមើលឃើញពីសន្ទុះគាំទ្ររបស់ជនជាតិទាំង៣ ច្រើនជាងជនជាតិដទៃ។ ភ្ញៀវជប៉ុនមក១០នាក់ គឺមានភ្ញៀវ៩នាក់ទិញ ហើយគាត់នាំគ្នាគាត់ មកទិញទៀត។ ជនជាតិកូរ៉េវិញ ចូលចិត្តខ្លាំងមែនទែន បន្ទាប់ពីជប៉ុន ហើយលេខ៣ គឺរុស្ស៉ី។ កាលរុស្ស៉ី នៅកំពត និងព្រះសីហនុច្រើន គឺគាត់កម្មង់រហូត។ (ជនជាតិ)រុស្ស៊ី ភ្លក់១០(នាក់)  គឺទិញទាំង១០(នាក់)»។


ស្រាផាសិនមណ្ឌលគិរី ពណ៌ក្រហមដែលមានកម្រិតជាត~១៣.៥ ដឺក្រេ។ រូបភាពពីហ្វេសប៊ុកលោក ប៊ូ សុភក្តិ
 
តាមពិតទៅ លោក មានគម្រោងពង្រីកទីផ្សារនេះ តាំងពីឆ្ននាំ២០២០ម្ល៉េះ ប៉ុន្តែដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ ផែនការនេះក៏ត្រូវបានពន្យារពេល។ ដោយមើលឃើញថា ស្ថានភាពនៃជំងឺកូវីដ-១៩ បច្ចុប្បន្ន ហាក់បានធូរស្រាល ដែលវាសញ្ញាវិជ្ជមានមួយ សម្រាប់ការពង្រីកទីផ្សាររបស់ម្ចាស់សហគ្រាសរូបនេះ។
 
ទន្ទឹមនឹងគម្រោងពង្រីកទីផ្សារក្នុងឆ្នាំ២០២២នេះ លោក ប៊ូ សុភក្តិ ក៏កំពុងគិតពិចារណា លើដៃគូផ្គត់ផ្គង់វត្ថុធាតុដើមក្នុងស្រុក និងការស្វែងរកដៃគូចែកចាយនៅក្រៅប្រទេសដែរ ដើម្បីឱ្យដំណើរការពង្រីកទីផ្សារស្រាផាសិនរបស់ខ្លួន ទទួលបានជោគជ័យ។ «ការនាំចេញ យើងអត់ស្ទាក់ស្ទើរទេ ប៉ុន្តែដើម្បីនាំចេញបាន ទាល់តែយើងពង្រីកការផ្ទៃដីដាំដុះ។ សហគ្រាសខ្ញុំនៅតូច ហើយកាលណាធ្វើដល់៣ដំណាក់កាល គឺយើងរត់អត់រួចទេ។ ក្នុងដំណើរការផលិតកម្មមួយ គេមានដៃគូសហការគ្នា ដោយមាន ផ្នែកដាំដុះ ឬផ្គត់ផ្គង់វត្ថុធាតុដើម ផ្នែកផលិតកែច្នៃ និងផ្នែកទីផ្សារ។ នេះជាអ្វីដែលយើងពិចារណា»។
 
សព្វថ្ងៃនេះ លោក ប៊ូ សុភក្តិ ប្រមូលផលផ្លែផាសិនពីចម្ការទំហំ១ហិកតារបស់ខ្លួន ដែលមានទីតាំងនៅភូមិពូលូ ឃុំដាក់ដាំ ស្រុកអូរាំង និងប្រមូលទិញពីកសិករនៅតំបន់ជុំវិញ ក្នុងបរិមាណ ១០០គីឡូ ទៅ៣០០គីឡូក្រាម ដើម្បីយកមកចម្រាញ់ជាស្រា។ ប្រសិនបើគម្រោងពង្រីកទីផ្សារទៅក្រៅប្រទេស មានដំណើរការវិជ្ជមាន នោះការពង្រីកការដាំដុះផ្លែផាសិនរបស់ម្ចាស់សហគ្រាសរូបនេះ ក៏ត្រូវពង្រីកដែរ៕


ស្រាផាសិនមណ្ឌលគិរី ពណ៌លឿង ដែលមានកម្រិតអាល់កុល១០.៥ដឺក្រ។ រូបភាពពីលោក ប៊ូ សុភក្តិ 

Tag:
 សម្ភាស
  ស្រាផាសិន
  ផ្លែផាសិន
  សហគ្រាសផលិតស្រា
© រក្សាសិទ្ធិដោយ thmeythmey.com