អន្តរជាតិ
សិង្ហបុរី ជំរុញប្រជាជនខ្លួនចាកចេញពីអ៊ុយក្រែនឱ្យបានឆាប់រហ័ស
14, Feb 2022 , 2:18 pm        
រូបភាព
លោក Vivian Balakrishnan រដ្ឋមន្រ្តីការបរទេសសិង្ហបុរី។ រូបភាព៖ AFP
លោក Vivian Balakrishnan រដ្ឋមន្រ្តីការបរទេសសិង្ហបុរី។ រូបភាព៖ AFP
ក្រសួងការបរទេសិង្ហបុរី នៅថ្ងៃទី១៣ ខែកុម្ភៈ បានចេញសេចក្តីណែនាំមួយ ជុំវិញស្ថានការណ៍នៅអ៊ុយក្រែន ដោយជំរុញឱ្យប្រជាជនខ្លួនចាកចេញពីអ៊ុយក្រែន ឱ្យបានឆាប់រហ័សតាមមធ្យោបាយផ្ទាល់ខ្លួន ស្របពេលវិបត្តិអ៊ុយក្រែន កំពុងតែតានតឹងខ្លាំង ខណៈបណ្តាប្រទេសលោកខាងលិចព្រមានពីការវាយប្រហាររបស់រុស្ស៊ី។

 
មួយរយៈចុងក្រោយនេះ ប្រទេសលោកខាងលិច បានព្រមានជារឿយៗ ពីការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែន ស្របពេលដែលស្ថានការណ៍ហាក់កាន់តែតានតឹង។ ដោយបារម្ភពីការវាយប្រហារ ប្រទេសជាច្រើនរួមទាំងនៅអឺរ៉ុប អូស្រ្តាលី និងនូវែលសេឡង់ បានអំពាវនាវឱ្យប្រជាជនខ្លួន ចេញពីប្រទេសមួយនេះជាបន្ទាន់ ក្រោមហេតុផលសន្តិសុខ។ 
ឯសិង្ហបុរីវិញ ក៏ប្រាប់ឱ្យប្រជាជនចាកចេញពីអ៊ុយក្រែនដែរ។
 
«ប្រជាជនសិង្ហបុរីនៅអ៊ុយក្រែន ត្រូវបានជំរុញឱ្យចាកចេញពីប្រទេសនេះ ឱ្យបានកាន់តែឆាប់ តាមមធ្យោបាយពាណិជ្ជកម្ម»។ ក្រសួងការបរទេសសិង្ហបុរី បានបញ្ជាក់បែបនេះ ដោយបន្ថែមថាក្រសួងនឹងមិនអាចធានាបានឡើយ ក្នុងការផ្តល់ជំនួយទៅប្រជាជនសិង្ហបុរីឱ្យចាកចេញពីប្រទេសនោះ ក្នុងករណីសង្រ្គាមផ្ទុះឡើង ដោយសារសិង្ហបុរីមិនមានស្ថានបេសកកម្មនៅអ៊ុយក្រែន។ 
 
តាមរយៈស្ថានការណ៍វិវដ្តចុងក្រោយ អាម៉េរិក បានចោទរុស្ស៊ីដដែលៗថា អាចវាយប្រហារលើអ៊ុយក្រែនគ្រប់ពេល បើទោះត្រូវបានក្រុងមូស្គូច្រានចោលក៏ដោយ។ មិនតែប៉ុណ្ណោះ ក្រុងវ៉ាស៊ីនតោន ថែមទាំងបានលើកឡើងថា ក្រុងមូស្គូ អាចនឹងលេងល្បិច ដើម្បីវាយប្រហារលើអ៊ុយក្រែនផងដែរ ប៉ុន្តែអាម៉េរិក មិនបានបញ្ជាក់ឱ្យបានលម្អិតឡើយជុំវិញការវាយប្រហារនោះឡើយ។ 
 
កន្លងមក ប្រទេសលោកខាងលិច បានចោទរុស្ស៊ីថាអាចវាយប្រហារលើអ៊ុយក្រែន ដោយសារខ្លួន បានសំអាងលើយោធាប្រមាណ ១០ម៉ឺននាក់ និងសម្ភារយោធារុស្ស៊ី រួមជាមួយ កន្លែងព្យាបាលបណ្តោះអាសន្ន ការបញ្ជូនឈាម និងសមយុទ្ធនៅបេឡារុស និងសមុទ្រខ្មៅជាដើម៕ 
 

Tag:
 សិង្ហបុរី
  អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com