COVID-19
អន្តរជាតិ
វៀតណាម បើកជើងហោះហើរមកពីបរទេសដោយមិនកំណត់ដូចមុនការផ្ទុះជំងឺកូវីដ-១៩
14, Feb 2022 , 4:18 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
វៀតណាម នឹងលើកចោលការរឹតត្បិតជើងហោះហើរអន្តរជាតិ ចាប់ពីពាក់កណ្តាលខែកុម្ភៈ ខាងមុខ។ អាជ្ញាធរអាកាសចរណ៍វៀតណាម បានបញ្ជាក់បែបនេះ នៅថ្ងៃទី១៣ ខែកុម្ភៈ ស្របពេលវៀតណាម មានករណីឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃជាច្រើនម៉ឺនករណី។

 
ចាប់តាំងពីខែមករា វៀតណាម បានបើកជើងហោះហើរធម្មតាជាមួយអាម៉េរិក ជប៉ុន ថៃ កម្ពុជា តៃវ៉ាន់ សិង្ហបុរី អូស្រ្តាលី រុស្ស៊ី អង់គ្លេស បារាំង និងអាល្លឺម៉ង់ និងបន្ថយរយៈពេលធ្វើចត្តាឡីស័កមកត្រឹម ៣ថ្ងៃប៉ុណ្ណោះ សម្រាប់អ្នកដំណើរ ដែលបានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ រួច។ 
 
ដើម្បីទទួលអ្នកដំណើរមកពីបណ្តាប្រទេសផ្សេងទៀត វៀតណាម បានសម្រេចបើកជើងហោះហើរអន្តរជាតិពេញលេញ ដោយមិនមានការកំណត់ចំនួនជើងហោះហើរ។ 
 
«ជើងហោះហើរអន្តរជាតិធម្មតា នឹងត្រូវរៀបចំឡើងវិញ ឱ្យដូចមុនពេលផ្ទុះជំងឺឆ្លង»។ លោក Dinh Viet Son អនុប្រធានអាជ្ញាធរអាកាសចរណ៍ស៊ីវិលវៀតណាម (CAAV) បានបញ្ជាក់បែបនេះ ក្នុងកិច្ចសម្ភាសជាមួយកាសែតTuoi Tre នៅថ្ងៃទី១៣​ ខែកុម្ភៈ។ 
 
កន្លងមក គណៈកម្មាធិការទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ បានកំណត់ជើងហោះហើរអន្តរជាតិនេះ ដើម្បីជាផ្នែកមួយនៃការទប់ស្កាត់ជំងឺកូវីដ-១៩ ។
 
ពាក់ព័ន្ធការលើកចោលការរឹតត្បិតជើងហោះហើរ វៀតណាម បានជូនដំណឹងទៅដៃគូរបស់ខ្លួនរួចហើយ ប៉ុន្តែចិន មិនបានឯកភាពស្តារជើងហោះហើរធម្មតាជាមួយវៀតណាមទេ ខណៈកូរ៉េខាងត្បូង និងជប៉ុន នៅតែបន្តរឹតត្បិតជាមួយវៀតណាម ក្រោមហេតុផលទប់ស្កាត់ជំងឺកូវីដ-១៩។ 
 
បើទោះលុបចោលវិធានខាងលើក៏ដោយ ប៉ុន្តែអ្នកដំណើរមកដល់វៀតណាម ត្រូវគោរពតាមវិធានទប់ស្កាត់ជំងឺកូវីដ-១៩ ដដែល។ ចំណែកចំនួនជើងហោះហើរពីវៀតណាម ទៅប្រទេសដទៃ គឺអាស្រ័យលើអាជ្ញាធរក្នុងស្រុក។ 
 
វៀតណាម មានករណីឆ្លងជំងឺកូវីដ-១៩ សរុបចំនួន ២,៤លានករណី និងអ្នកស្លាប់មានចំនួនជាង ៣ម៉ឺននាក់។ មិនតែប៉ុណ្ណោះ ប្រជាជនវៀតណាម ប្រមាណ ៧៩,២លាននាក់ បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ យ៉ាងហោចណាស់ មួយដូស៕ 
 

Tag:
 វៀតណាម
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com