ជាតិ
​​​ន​យោ​បាយ​ជាតិ​
រដ្ឋមន្រ្តីការបរទេសជប៉ុន ហៅលោក ហ៊ុន ម៉ាណែត ថាជាអ្នកនយោបាយប្រកបដោយទស្សនវិស័យ
15, Feb 2022 , 11:30 am        
រូបភាព
ជំនួបរវាងលោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងកម្ពុជា និងលោក ហាយ៉ាស៊ី យូស៊ីមាសា រដ្ឋមន្រ្តីការបរទេសជប៉ុន នៅទីស្តីការក្រសួងការបរទេសជប៉ុន នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត
ជំនួបរវាងលោក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងកម្ពុជា និងលោក ហាយ៉ាស៊ី យូស៊ីមាសា រដ្ឋមន្រ្តីការបរទេសជប៉ុន នៅទីស្តីការក្រសួងការបរទេសជប៉ុន នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់លោក ហ៊ុន ម៉ាណែត
ដោយ: ថ្មីៗ
ក្នុងជំនួបផ្ទាល់មុខជាមួយគ្នា លោក ហាយ៉ាស៊ី យូស៊ីមាសា (Hayashi Yoshimasa) រដ្ឋមន្រ្តីការបរទេសជប៉ុន បានសរសើរលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកកម្ពុជា ថាមិនត្រឹមតែជា «បញ្ញវន្តផ្នែកសេដ្ឋកិច្ច» នោះទេ តែក៏ជា «អ្នកនយោបាយជាន់ខ្ពស់ប្រកបដោយទស្សនវិស័យ» ផងដែរ។ នេះបើតាមការផ្សាយរបស់ក្រសួងព័ត៌មានកម្ពុជា។


 
លោក ហ៊ុន ម៉ាណែត បានទៅបំពេញទស្សនកិច្ចរយៈពេល៤ថ្ងៃនៅជប៉ុន គឺពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។ នៅចំពោះមុខរដ្ឋមន្រ្តីការបរទេសជប៉ុន លោក ហ៊ុន ម៉ាណែត  បានអរគុណប្រជាជន ក៏ដូចជារដ្ឋាភិបាលជប៉ុន ដែលជួយឧបត្ថម្ភគាំទ្រកម្ពុជាជាប់រហូតមក ក្នុងការស្វែងរកសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។ 
 
ជាការឆ្លើយតប រដ្ឋមន្រ្តីការបរទេសជប៉ុន បានបង្ហាញការប្តេជ្ញាចិត្តរបស់ជប៉ុន ក្នុងការបន្តជួយដល់ដំណើរការអភិវឌ្ឍកម្ពុជាបន្ថែមទៀត។ លើសពីនេះ លោករដ្ឋមន្រ្តី បានបង្ហាញការគាំទ្រផងដែរ ចំពោះដំណើរការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០២២ នៅកម្ពុជា ស្របតាមគោលការណ៍ប្រជាធិបតេយ្យ។
 
លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន រៀនចប់ពីបណ្ឌិត្យសភាយោធាអាម៉េរិក West Point (កម្រិតសញ្ញាបត្រស្មើបរិញ្ញាបត្រ) និងរៀនចប់ថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ចនៅអាម៉េរិកដដែល ហើយបានបន្តទៅរៀនដល់ចប់ថ្នាក់បណ្ឌិតសេដ្ឋកិច្ចនៅអង់គ្លេស។ លោក ត្រូវបានគណបក្សប្រជាជនកម្ពុជា ជ្រើសតាំងជាអនាគតបេក្ខជននាយករដ្ឋមន្រ្តី កាលពីចុងឆ្នាំ២០២១។ 
 
ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (Mikami Masahiro) បានអបអរសាទ័រលោក ហ៊ុន ម៉ាណែត ដែលត្រូវបានជ្រើសតាំងជាអនាគតបេក្ខជននាយករដ្ឋមន្រ្តី។ ការអបអរសាទររបស់លោកឯកអគ្គរាជទូត ធ្វើឡើងក្នុងជំនួបផ្ទាល់មុខជាមួយលោក ហ៊ុន ម៉ាណែត នៅទីបញ្ជាការដ្ឋានកងទ័ពជើងគោក កាលចុងខែមករា ឆ្នាំ២០២២៕ 

Tag:
 ហ៊ុន ម៉ាណែត
  Hayashi Yoshimasa
  កម្ពុជា-ជប៉ុន
© រក្សាសិទ្ធិដោយ thmeythmey.com