អន្តរជាតិ
អាល្លឺម៉ង់៖ ប្រទេសលោកខាងលិច ត្រៀមខ្លួនចរចាជាមួយរុស្ស៊ី តែក៏ត្រៀមទណ្ឌកម្មដែរ
15, Feb 2022 , 11:59 am        
រូបភាព
លោក Olaf Scholz អធិការបតីអាល្លឺម៉ង់ (ខាងស្តាំ) ជជែក ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព៖ AP
លោក Olaf Scholz អធិការបតីអាល្លឺម៉ង់ (ខាងស្តាំ) ជជែក ជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី។ រូបភាព៖ AP
បណ្តាប្រទេសលោកខាងលិច បានត្រៀមខ្លួនជាស្រេចលើកិច្ចចរចាដ៏ម៉ត់ចត់មួយជាមួយរុស្ស៊ី សម្រាប់ធានាសន្តិសុខនៅអឺរ៉ុប។ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានបញ្ជាក់បែបនេះ នៅថ្ងៃទី១៤ ខែកុម្ភៈ។ ការលើកឡើងរបស់មេដឹកនាំអាល្លឺម៉ង់បែបនេះ ធ្វើឡើងស្របពេលស្ថានការណ៍នៅអឺរ៉ុប កំពុងស្ថិតនៅលើមាត់ជ្រោះនៃសង្រ្គាម។

 
មេដឹកនាំអាល្លឺម៉ង់ លោក Olaf Scholz បានធ្វើទស្សនកិច្ចនៅក្រុងកៀវ ដើម្បីស្វែងរកច្រកចេញលើវិបត្តិមួយនេះ។ ចេញពីកៀវ លោកនឹងបន្តដំណើរទៅមូស្គូ។
 
នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃទី១៤ ខែកុម្ភៈ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បានអំពាវនាវឱ្យរុស្ស៊ីស្វែងរកកិច្ចចរចា ដើម្បីបន្ធូរបន្ថយវិបត្តិនៅអ៊ុយក្រែន ខណៈអឺរ៉ុប បានត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចចរចា។ 
 
«យើងបានត្រៀមខ្លួនសម្រាប់កិច្ចចរចាម៉ត់ចត់ជាមួយរុស្ស៊ីលើសន្តិសុខអឺរ៉ុប»។ អធិការបតីអាល្លឺម៉ង់ បានសង្កត់ធ្ងន់បែបនេះ មុនព្រមានជាថ្មីថា អឺរ៉ុប បានត្រៀមទណ្ឌកម្មដ៏មានប្រសិទ្ធភាពជាច្រើនក្នុងករណីរុស្ស៊ី ហ៊ានបំពានអធិបតេយ្យអ៊ុយក្រែន ក្នុងនោះមានដូចជាទណ្ឌកម្មលើសេដ្ឋកិច្ច, នយោបាយ និងភូមិសាស្រ្តយុទ្ធសាស្រ្តជាដើម។
 
ទាក់ទិននឹងសំណើសន្តិសុខរបស់អាម៉េរិក និងអឺរ៉ុបតបទៅរុស្ស៊ី លោក Scholz ដែលទើបធ្វើទស្សនកិច្ចនៅអាម៉េរិក បានបន្តថា វាគឺអាស្រ័យលើក្រុងមូស្គូ ក្នុងការឆ្លើយតបនឹងសំណើប្រទេសលោកខាងលិច ជុំវិញបញ្ហាសន្តិសុខនៅតំបន់អឺរ៉ុបខាងកើត។ 
 
កន្លងមក អាម៉េរិក និងប្រទេសអឺរ៉ុប នៅតែបន្តគាំទ្រអ៊ុយក្រែនឱ្យចូលជាសមាជិកសម្ព័ន្ធយោធាណាតូ និងបន្តអនុវត្តគោលនយោបាយបើកចំហរចំពោះសមាជិកថ្មី ប្រសិនបើគោរពតាមលក្ខខណ្ឌ។ ក្នុងសន្និសីទដដែលនោះ មេដឹកនាំអាល្លឺម៉ង់ បានក៏បានលើកឡើងពីការផ្តល់ជំនួយហិរញ្ញវត្ថុទៅឱ្យអ៊ុយក្រែនផងដែរ។ 
 
មិនតែប៉ុណ្ណោះ មេដឹកនាំអាល្លឺម៉ង់ បានយល់ថា វាមិនមែនជាហេតុផលល្អឡើយសម្រាប់កម្លាំងយោធារុស្ស៊ីប្រមាណ១០ម៉ឺននាក់ នៅតំបន់ក្បែរព្រំដែនអ៊ុយក្រែន ហើយអធិបតេយ្យភាព និងបូរណភាពដែនដីអ៊ុយក្រែន មិនអាចចរចាបានឡើយ។ បើតាមលោក Scholz អាល្លឺម៉ង់រំពឹងថារុស្ស៊ី នឹងមានចំណាត់ការដ៏ច្បាស់លាស់ ក្នុងការដោះស្រាយបញ្ហានៅអ៊ុយក្រែន។ 
 
ចំណែក លោក ហ្សេលេនស្គីវិញ បានប្រកាសថា ការចូលជាសមាជិកសម្ព័ន្ធយោធាណាតូ នឹងធានាពីការជួយសង្រ្គោះរបស់ប្រទេស និងការពារអ៊ុយក្រែនពីមហិច្ឆតារុស្ស៊ីពីការពង្រីកឥទ្ធិពលមកក្នុងតំបន់ជិតខាង។ ក្នុងជំនួបដដែលនោះ មេដឹកនាំអ៊ុយក្រែន បានហៅគម្រោងបង្ហូរឧស្ម័ន Nord Stream 2 ជាអាវុធភូមិសាស្រ្តនយោបាយរបស់រុស្ស៊ី។ 
 
លោកប្រធានាធិបតីអ៊ុយក្រែន ក៏បានប្រកាស ដាក់ថ្ងៃទី១៦ ខែកុម្ភៈ ជាទិវានៃការបង្រួបបង្រួមដែរ និងអះអាងថា រុស្ស៊ីអាចវាយប្រហារខ្លួននៅថ្ងៃនោះ។ ការអះអាងរបស់មេដឹកនាំអ៊ុយក្រែន គឺផ្អែកលើរបាយការណ៍របស់អាម៉េរិក។ 
 
វិបត្តិអ៊ុយក្រែន ត្រូវបានប្រទេសលោកខាងលិច ចាត់ទុកថា កំពុងស្ថិតលើមាត់ជ្រោះនៃសង្រ្គាមទៅហើយ។ អ្នកនាំពាក្យក្រសួងការបរទេសជាតិ លោក John Kirby បានព្រមានថា យោធារុស្ស៊ី បានធ្វើសមយុទ្ធ ដើម្បីបង្កើនសមត្ថភាពយោធារបស់ខ្លួនយ៉ាងខ្លាំង និងអាចវាយប្រហារអ៊ុយក្រែនគ្រប់ពេល ខណៈរដ្ឋមន្រ្តីការបរទេសបារាំង លោក Jean-Yves Le Drian បានបញ្ជាក់ថា កម្លាំងទ័ពរុស្ស៊ី បានត្រៀមរួចរាល់ ក្នុងការឈ្លានពានលើប្រទេសជិតខាងខ្លួន។ 
 
ដោយបារម្ភពីការផ្ទុះឡើងនៃសង្រ្គាម អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតេរ៉េស ដែលបានជជែកជាមួរដ្ឋមន្រ្តីការបរទេសរុស្ស៊ី និងអ៊ុយក្រែននាពេលកន្លងទៅ បានជំរុញបន្ធូរបន្ថយភាពតានតឹង និងកាត់បន្ថយសកម្មភាពយោធា។ 
 
មិនតែប៉ុណ្ណោះ លោក បូរីស ចនសុន នាយករដ្ឋមន្រ្តីអង់គ្លេស ដែលទើបទៅអ៊ុយក្រែន នាពេលកន្លងទៅ ក៏បានជជែកជាមួយប្រធានាធិបតីអាម៉េរិក លោក ចូ បៃឌិន តាមទូរសព្ទប្រមាណ ៤០នាទីផងដែរ។ ក្នុងកិច្ចសន្ទនានោះ ភាគីទាំងពីរ បានឯកភាពបន្តកិច្ចចរចាលើវិបត្តិអ៊ុយក្រែន និងទណ្ឌកម្មលើរុស្ស៊ី៕
 

Tag:
 អាល្លឺម៉ង់
  រុស្ស៊ី
  អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com