អន្តរជាតិ
កូរ៉េខាងត្បូង ចាប់ផ្តើមយុទ្ធនាការបោះឆ្នោតប្រធានាធិបតី
15, Feb 2022 , 2:16 pm        
រូបភាព
លោក Lee Jae-myung មកពីបក្សប្រជាធិបតេយ្យ (ខាងឆ្វេង) និង លោក Yoon Seok-Youl មកពីបក្សអំណាចប្រជាជន។ រូបភាព៖ AFP
លោក Lee Jae-myung មកពីបក្សប្រជាធិបតេយ្យ (ខាងឆ្វេង) និង លោក Yoon Seok-Youl មកពីបក្សអំណាចប្រជាជន។ រូបភាព៖ AFP
យុទ្ធនាការស្វែងរកសំឡេងគាំទ្រ ក្នុងការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូងរយៈពេល ២២ថ្ងៃ បានចាប់ផ្តើមហើយនៅថ្ងៃទី១៥ ខែកុម្ភៈ។ ក្នុងការបោះឆ្នោតប្រធានាធិបតីលើកទី៨ នេះ បេក្ខជនចំនួន ១៤រូប បានចុះឈ្មោះប្រជែងយកតំណែងកំពូលរបស់ប្រទេស។ យុទ្ធនាការស្វែងរកសំឡេងគាំទ្រ អាចធ្វើឡើងចាប់ពីម៉ោង ៦ព្រឹក រហូតដល់ម៉ោង ១១យប់។

 
យុទ្ធនាការស្វែងរកសំឡេងគាំទ្រសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី៩ ខែមីនា ខាងមុខ បានចាប់ផ្តើមហើយ។ នេះជាការបោះឆ្នោតប្រធានាធិបតីកូរ៉េខាងត្បូងលើកដំបូង ដែលអនុញ្ញាតឱ្យយុវជនវ័យ ១៨ឆ្នាំចូលរួមបោះឆ្នោត បន្ទាប់ពីត្រូវបានបន្ថយអាយុពី ១៩ឆ្នាំ នៅក្នុងឆ្នាំ២០២០។ 
 
បុគ្គលចំនួន ១៤រូប បានចុះឈ្មោះធ្វើជាបេក្ខភាពប្រជែងយកតំណែងកំពូលរបស់ប្រទេស។ ក្នុងការបោះឆ្នោតនេះ បេក្ខភាពប្រជែងតំណែងប្រធានាធិបតីចំនួនតែ ២រូបប៉ុណ្ណោះ ត្រូវបានមើលឃើញថា មានសំឡេងគាំទ្រច្រើន និងតាមពីក្រោយបេក្ខភាពពីររូបទៀត។ 
 
បេក្ខជនទាំង ពីររូបនោះ មានដូចជា លោក Lee Jae-myung មកពីបក្សប្រជាធិបតេយ្យ ដូចគ្នានឹងលោកមូន ចេអ៊ីន ប្រធានាធិបតីកូរ៉េខាងត្បូងបច្ចុប្បន្ន។ លោក Yoon Seok-Youl មកពីបក្សអំណាចប្រជាជន ដែលជាបក្សប្រឆាំងដ៏សំខាន់។ ចំណែក លោកស្រី Sim Sang-jung មកពីបក្សយុត្តិធម៌ និងលោក Ahn Cheol-soo ពីបក្សប្រជាជន មានសំឡេងគាំទ្រតាមពីក្រោយអ្នកទាំងពីរខាងលើ។ 
 
កន្លងមក សារព័ត៌មានធំៗនៅកូរ៉េខាងត្បូង បានផ្តោតលើតែ លោក Lee មកពីបក្សប្រជាធិបតេយ្យ និងលោក Yoon ប៉ុណ្ណោះ ដោយអ្នកទាំងពីរជាគូប្រកួតស្រួចស្រាវ។ បេក្ខភាពប្រជែងតំណែងប្រធានាធិបតីមកពីបក្សទាំងពីរខាងលើ មិនធ្លាប់ធ្វើជាសមាជិកសភា និងខ្វះបទពិសោធច្រើន ទាក់ទិននឹងគោលនយោបាយការបរទេស។ ជាក់ស្តែង Lee Jae-myung ធ្លាប់ធ្វើជាអភិបាលក្រុង Seongnam និងអភិបាលខេត្ត Gyeonggi។ ចំណែក លោក Yoon Seok-Youl ធ្លាប់ជារដ្ឋអាជ្ញា ក្រោមរដ្ឋបាលរបស់លោក មូន។ 
 
ក្នុងយុទ្ធនាការបោះឆ្នោតនៅថ្ងៃដំបូង លោក Lee បានជ្រើសយកក្រុងប៊ូសាន ដើម្បីស្វែងរកសំឡេងគាំទ្រ។ ពីអគារគ្រប់គ្រងចរាចរណ៍នាវា បេក្ខភាពមកពីបក្សប្រជាធិបតេយ្យរូបនេះ បានបេជ្ញាធ្វើឱ្យទីក្រុងកំពង់ផែមួយនេះ ជាមជ្ឈមណ្ឌលដ៏សំខាន់មួយ សម្រាប់តំបន់ភាគខាងត្បូង។ លោក Lee ក៏បានប្តេជ្ញាអភិវឌ្ឍសេដ្ឋកិច្ចប្រទេស និងកែប្រែជីវភាពប្រជាជនខ្លួនបន្ថែម។ 
 
ចំណែកលោក Yoon បេក្ខភាពមកពីបក្សប្រឆាំងកូរ៉េខាងត្បូង ដែលមានសំឡេងគាំទ្រច្រើនជាងគេដោយផ្អែកលើការធ្វើប្រជាមតិពីវិទ្យាស្ថានគំនិតសង្គមកូរ៉េ (KSOI) បានចាប់ផ្តើមរកការគាំទ្ររបស់ខ្លួនពីកន្លែងបញ្ចុះសពជាតិក្រុងសេអ៊ូល។ ក្នុងយុទ្ធនាការថ្ងៃដំបូងនេះ លោក Yoon បានសន្យាកែប្រែកូរ៉េខាងត្បូង ទៅជាប្រជាជាតិមួយដ៏អស្ចារ្យ។ បន្ទាប់ពីចេញពីក្រុងសេអ៊ូល បេក្ខជនមកពីបក្សអំណាចប្រជាជនរូបនេះ បានបន្តយុទ្ធនាការបោះឆ្នោតទៅក្រុង Daejeon, ក្រុង Daegu និងក្រុងប៊ូសាន។ 
 
ក្នុងថ្ងៃដដែលនេះ លោក Ahn Cheol-soo មកពីបក្សប្រជាជន បានធ្វើយុទ្ធនាការបោះឆ្នោតនៅក្រុង Daegu ខណៈលោកស្រី Sim Sang-jeung បានឃោសនារកសំឡេងឆ្នោត នៅខេត្ត Jeolla ខាងជើង។ 
 
ក្នុងអំឡុងពេលយុទ្ធនាការរកសំឡេងឆ្នោតរយៈពេល ២២ថ្ងៃ បេក្ខជនទាំងអស់ ត្រូវបានអនុញ្ញាតឱ្យបោះពុម្ភគោលនយោបាយរបស់បក្ស និងយុទ្ធនាការផ្សេងៗលើសារព័ត៌មានចំនួន ៧០លើក និងចាក់ផ្សាយលើទូរទស្សន៍ និងវិទ្យុរយៈពេល ១នាទី រហូតដល់ ៣០លើក ក្នុងមួយស្ថាប័ន។ បន្ថែមពីនេះ យុទ្ធនាការបោះឆ្នោតអាចចាប់ផ្តើមពីម៉ោង ៦ព្រឹក រហូតដល់ ម៉ោង១១យប់៕ 
 

Tag:
 កូរ៉េខាងត្បូង
  ការបោះឆ្នោត
© រក្សាសិទ្ធិដោយ thmeythmey.com