ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា ប្រាថ្នាឲ្យមេត្តាធម៌ កើតមានដល់មេដឹកនាំ ដើម្បីនាំសេចក្តីសុខជូនប្រជាជាតិ
15, Feb 2022 , 4:02 pm        
រូបភាព
លោក កឹម សុខា យកអំណោយទៅជូនប្រជាជន កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់លោក
លោក កឹម សុខា យកអំណោយទៅជូនប្រជាជន កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។ រូបពីទំព័រហ្វេសប៊ុករបស់លោក
ដោយ: ថ្មីៗ
លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ ដែលត្រូវបានហាមឃាត់មិនឲ្យធ្វើនយោបាយ បានឆ្លៀតពេលចុះទៅជួបប្រជាជននៅ២ទីតាំង គឺនៅស្រុកបាទី ខេត្តតាកែវ និងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ ដោយភ្ជាប់ជាមួយអំណោយមួយចំនួន ដូចជាអង្ករ ត្រីខ មី ទឹកផ្លែឈើ រួមទាំងថវិកាផងដែរ។

 
 
លោក បានសរសេរលើទំព័រហ្វេសប៊ុកថា ថ្វីបើអំណោយរបស់លោក មានចំនួនតិចតួចក្តី តែជាសក្ខីកម្មនៃមនោសញ្ចេតនា និងទឹកចិត្តមនុស្សធម៌របស់លោក ដែលនៅជាប់ជាមួយប្រជាជនជានិច្ច។ បន្ថែមពីនេះ ប្រធានអតីតគណបក្សប្រឆាំង បានធ្វើសេចក្តីប្រាថ្នាក្នុងចិត្តដូច្នេះថា៖«ក្នុងឱកាសនេះដែរ ខ្ញុំសូមឲ្យទឹកចិត្តនៃក្តីមេត្តា ដែលជាគុណធម៌ដ៏ប្រពៃ កើតមានដល់មនុស្សលោក ជាពិសេសមានដល់អ្នកដឹកនាំទាំងឡាយ ដើម្បីនាំមកនូវសេចក្តីសុខ សន្តិភាពពិត ជូនប្រជាជាតិរៀងៗខ្លួន និងពិភពលោក»។ 
 
នៅព្រឹកថ្ងៃស្អែក (១៦កុម្ភៈ) លោក កឹម សុខា ដែលអ្នកគាំទ្រខ្លះរបស់លោក ចាត់ទុកជាអ្នកនយោបាយអហិង្សា នឹងបន្តឡើងសវនាការ។ លោក ត្រូវបានចោទប្រកាន់ពីបទគប់គិតជាមួយបរទេស (សន្ទិដ្ឋភាព) ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៧មក។ ក្រោយការចាប់ខ្លួន និងការចោទប្រកាន់លោកបាន២-៣ខែ ពោលគឺនៅខែវិច្ឆិកា ឆ្នាំ២០១៧ គណបក្សសង្គ្រោះជាតិ ដែលជាអតីតគណបក្សប្រឆាំងធំជាងគេ និងជាដៃគូប្រជែងរបស់គណបក្សកាន់អំណាច ក៏ត្រូវបានតុលាការកំពូលរំលាយចោល ក្រោមហេតុផលថា មេដឹកនាំរបស់ខ្លួន ជាប់ពាក់ព័ន្ធនឹងអំពើក្បត់ជាតិ៕  
 

Tag:
 កឹម សុខា
© រក្សាសិទ្ធិដោយ thmeythmey.com