ពីនេះ ពីនោះ
«មា» និង «មារ» មានន័យខុសគ្នា
18, Feb 2022 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
«មា» និង «មារ» មានសូរដូចគ្នា ដោយគ្រាន់តែខុសគ្នាត្រង់អក្សរ «រ»។ តាមវចនានុក្រម សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យទាំងពីរ មានន័យខុសគ្នាទាំងស្រុង។

 
«មា» ជាពាក្យសម្រាប់កូនរបស់បង ហៅបុរសជាប្អូនរបស់មាតា ឬរបស់បិតា ( ពូ ); ហៅថា ឪពុកមា ក៏បាន ( តាមទម្លាប់ដោយស្រុក ) ។ ហៅបុរសដទៃមិនមែនជាញាតិដែលមានវ័យក្មេងជាងមាតាបិតារបស់ខ្លួនក៏បាន ដោយទុកដាក់ថាដូចជាប្អូនប្រុសរបស់មាតាបិតា ។
 
«មាក្មេក» ប្អូនប្រុសរបស់ម្តាយក្មេកឬរបស់ឪពុកក្មេក។ មាក្មេកខាងម្ដាយ, មាក្មេកខាងឪពុក; មាក្មេកជីដូនមួយ, មាក្មេកជីដូនមួយខាងម្ដាយ ។ ល ។ មាជីដូនមួយ, មាជីទួតមួយ, មាជីលួតមួយ បុរសដែលជាប្អូនជីដូនមួយ, –ជីទួតមួយ, –ជីលួតមួយរបស់មាតាឬរបស់បិតា : មាជីដូនមួយខាងម្ដាយ, មាជីទួតមួយខាងឪពុក, មាជីលួតមួយខាងម្ដាយ ។ មាធម៌ បុរសដែលជាប្អូនធម៌របស់មាតាឬរបស់បិតា ។ មាបង្កើត បុរសដែលជាប្អូនបង្កើតរបស់មាតាឬរបស់បិតា ។
 
រីឯ «មារ» វិញ ចេញពីភាសាបាលី-សំសង្ក្រឹត ដែលមានន័យថា ដំណើររារំាង; ការសម្លាប់; សេចក្ដីស្លាប់; . . . ។ អ្នករារំាង, ជំទាស់មិនឲ្យអ្នកដទៃធ្វើបុណ្យធ្វើកុសលកើត; ឈ្មោះទេវបុត្រដែលជាសត្រូវចំពោះព្រះពុទ្ធ ។ មារជិ, មារជិត, មារជិន អ្នកឈ្នះមារ ( ព្រះពុទ្ធ ) ។ មារជ្រែក មារចូលជ្រែកក្នុងរូបកាយនៃមនុស្ស ។ 
 
ពាក្យប្រៀប៖ ហេតុអាក្រក់ ដែលស្រាប់តែបណ្ដាលឡើងភ្លាមនាំឲ្យទាស់ដំណើរកិច្ចការ ឬមនុស្សដែលជំទាស់កិច្ចការកំពុងស្រួលឲ្យរអាក់រអួល; និយាយថា មារមកជ្រែក ឬ មានមារមកជ្រែក ក៏បាន។ កំពុងតែធ្វើការស្រួលៗ ស្រាប់តែមានមារមកជ្រែក ឲ្យទាស់ការអស់ ! ។
 
មារធីតា មាន័យថា កូនស្រីរបស់មារ ។ មារព័ន្ធន៍ ចំណងមារ; ចំណងកិលេស គឺគ្រឿងសៅហ្មងចិត្ត ដែលទុកដូចជាចំណងចងពួកសត្វ ។ ឈ្មោះគម្ពីរឬបរិច្ឆេទមួយសម្ដែងរឿងព្រះឧបគុត្តត្ថេរចងមារ ។ មារវិជ័យ គឺ ជម្នះមារ; អ្នកឈ្នះមារ ( ព្រះពុទ្ធ ) ។ 
 
ព្រះពុទ្ធរូបដែលគង់ផ្គត់ព្រះភ្នែនដាក់ព្រះហស្តឆ្វេងផ្ងារ ព្រះអង្គុលីផ្ទាប់លើព្រះភ្នែនខាងឆ្វេង ព្រះហស្តស្ដាំសណ្ដូកផ្កាប់ព្រះអង្គុលីសំយុងផ្ទាប់លើព្រះភ្នែនខាងស្ដាំហៅថា ព្រះមារវិជ័យ ឬ ព្រះពុទ្ធរូបមារវិជ័យ ( ព្រះពុទ្ធរូបផ្ចាញ់មារ ) ។ មារសេនា ( មារ:សេន៉ា ) សេនាមារ គឺពួករេហ៍ពលរបស់មារ កាលដែលលើកមកផ្ចាញ់ព្រះពុទ្ធ ។ មារាធិរាជ ក្រុងមារ ។ ល ។
 

© រក្សាសិទ្ធិដោយ thmeythmey.com