ជាតិ
​​​ន​យោ​បាយ​ជាតិ​
សម្តេច ហ៊ុន សែន ប្រាប់អាជ្ញាធរបង្កលក្ខណៈឲ្យបក្សផ្សេងទៀត មានសិទ្ធិជួបជុំ និងលើកផ្លាកដូចបក្សកាន់អំណាច
16, Feb 2022 , 10:34 am        
រូបភាព
ដោយ: រួបរួម
សម្តេច ហ៊ុន សែន បានបញ្ជាក់ថា សម្តេចមិនចង់ឃើញការបោះឆ្នោតមួយដែលញាំញីដោយអំពើហិង្សា ជម្លោះរហូតដល់មានមនុស្សគ្រោះថ្នាក់នោះឡើយ។ ពិធីសម្ពោធស្ពាន៧កន្លែងនៅក្រចេះ និងព្រៃវែង នាថ្ងៃនេះ ប្រមុខរដ្ឋាភិបាលកម្ពុជា បានអំពាវនាវឲ្យអាជ្ញាធរមូលដ្ឋានបង្កលក្ខណៈឲ្យគណបក្សទាំងអស់ដែលប្រជែងសម្រាប់ការបោះឆ្នោតឃុំ-សង្កាត់ នាខែមិថុនា ខាងមុខ មានសិទ្ធិជួបជុំសមាជិក សមាជិកា និងលើកផ្លាក ដូចគគណបក្សកាន់អំណាច។



«មិនមែនតែគណបក្សកាន់អំណាចមួយទេ ដែលមានសិទ្ធិលើកផ្លាក បក្សដទៃទៀត ក៏មានសិទ្ធិលើកផ្លាកដូចយើងផងដែរ [..] ទីធ្លារសាធារណៈយើងអាចប្រជុំបាន បក្សដទៃក៏អាចប្រជុំបានដែរ»។ នេះជាការគូសបញ្ជាក់របស់សម្តេច ហ៊ុន សែន។

សម្តេចបានលើកឡើងថា ការជួបជុំសមាជិក សមាជិកា ក៏ដូចជាការលើកផ្លាកបក្ស មិនត្រូវមានការរំខានណាមួយពីមូលដ្ឋាននោះឡើយ ប៉ុន្តែពួកគេត្រូវទទួលបាននូវការការពារសុវត្ថិភាព ពីព្រោះសម្តេចមិនចង់ឃើញការបោះឆ្នោតមួយដែលញាំញីដោយហិង្សា ជម្លោះរហូតដល់មានមនុស្សគ្រោះថ្នាក់។

«ខ្ញុំសូមអំពាវនាឲ្យគ្រប់មូលដ្ឋានទាំងអស់ គ្រប់ខេត្តធានាយ៉ាងម៉េចឲ្យសេរីភាពបណ្តាបក្សនយោបាយគេ អាចមានឱកាសធ្វើការជួបជុំ គេអាចមានឱកាសដើម្បីលើកផ្លាកគណបក្សនៅទីកន្លែងដែលយើងបានកំណត់ ហើយគណបក្សនយោបាយត្រូវតែគោរពនូវបែបទដែលមានចែងក្នុងច្បាប់ និងបទបញ្ជាដោយគ.ជ.ប ជាធរមាន»។

សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ការអំពាវនាវរបស់សម្តេច គឺប្រៀបដូចជាបទបញ្ជាយ៉ាងដូច្នោះដែរ ពីព្រោះពេលមានបញ្ហាគេតែងតែជេនាយករដ្ឋមន្ត្រី ហើយគណបក្សដែលសម្តេចបានសំដៅនោះ គឺបណ្តាបក្សដែលបានចុះបញ្ជីផ្លូវការ រីឯគណបក្សមិនស្របច្បាប់ គឺជារឿងមួយផ្សេងទៀត។

ជាមួយគ្នានេះ ប្រមុខរដ្ឋាភិបាលក៏បានដឹងដែរថា បណ្តាគណបក្សជាច្រើនកំពុងត្រៀមខ្លួនសម្រាប់ការប្រជែងកៅអីឃុំសង្កាត់នាពេលខាងមុខ ហើយខ្លះកំពុងត្រៀមរៀបចំបង្កើនសម្ព័ន្ធភាព ដែលនេះជាលំហរប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា៕






© រក្សាសិទ្ធិដោយ thmeythmey.com