ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក កឹម សុខា ចង់មានឱកាសចូលរួមបោះឆ្នោត
16, Feb 2022 , 3:19 pm        
រូបភាព
លោក កឹម សុខា ពេលទៅចូលរួមសវនាការនៃតុលាការភ្នំពេញកន្លងមក (រូបពី AFP)
លោក កឹម សុខា ពេលទៅចូលរួមសវនាការនៃតុលាការភ្នំពេញកន្លងមក (រូបពី AFP)
ដោយ: ថ្មីៗ
អ្វីដែលលោក កឹម សុខា កំពុងប្រាថ្នា គឺការបញ្ចប់សំណុំរឿងរបស់លោកនៅតុលាការ ហើយទទួលបានសិទ្ធិនយោបាយឡើងវិញ ដើម្បីអាចរៀបចំកម្លាំងនយោបាយ ចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំ-សង្កាត់អាណត្តិថ្មី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ រួមទាំងការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០២៣។ គេ ពុំបានឮលោក បង្ហាញឆន្ទៈនេះដោយខ្លួនឯងទេ តែគេបានឮតាមរយៈមេធាវីរបស់លោក។



ក្រោយចេញពីសវនាការ នៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ លោក ផែង ហេង មេធាវីម្នាក់ ក្នុងចំណោមមេធាវីទាំង៤នាក់របស់លោក កឹម សុខា ថ្លែងទៅកាន់ក្រុមអ្នកកាសែតនៅមុខតុលាការភ្នំពេញថា៖«នេះជាឆន្ទៈរបស់ឯកឧត្តម កឹម សុខា ផង ហើយមេធាវីជាអ្នកការពារតាមផ្លូវច្បាប់ ក៏យើង ចង់ឃើញ ដំណើរការរលូនទៅមុខ និងឆាប់រហ័ស ដើម្បីឲ្យអ្នកនយោបាយ បានចូលរួមប្រកួតតាមគោលការណ៍ប្រជាធិបតេយ្យ»។
 
លោក បន្តថា សំណុំរឿងរបស់លោក កឹម សុខា ដែលជាអ្នកនយោបាយ គួរតែត្រូវដោះស្រាយ ដើម្បីឲ្យលោក អាចបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតនាពេលខាងមុខ។ បើតាមលោកមេធាវី វត្តមានរបស់លោក កឹម សុខា ក្នុងការបោះឆ្នោត គឺអាចបង្ហាញឲ្យឃើញពីប្រជាធិបតេយ្យសេរីភាពពហុបក្សនៅកម្ពុជា ហើយក៏ជាកិត្តិយសរបស់ប្រទេសជាតិដែរ។ លោក លើកទស្សនៈមួយថា កាលណា ពន្យារ ឬមានភាពយឺតយ៉ាងក្នុងការផ្តល់យុត្តិធម៌ វា ជាការបដិសេធក្នុងការផ្តល់យុត្តិធម៌។ 
 
លោក ចាន់ ចេន ជាមេធាវីរបស់លោក កឹម សុខា ដែលនោះ បានលើកសារនយោបាយរបស់លោក កឹម សុខា ដែលធ្លាប់និយាយកន្លងមកថា៖«ដំណើរការរបស់គណបក្សសង្គ្រោះជាតិ អត់យកខ្មែរណាធ្វើជាសត្រូវ អត់គុំកួន អត់សងសឹក។ រឿងសំខាន់ គឺទៅបោះឆ្នោត អត់មានរឿងអីក្រៅពីបោះឆ្នោតទេ»។ 
 
សវនាការរបស់លោក កឹម សុខា នឹងត្រូវបន្តនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។ ក្នុង១សប្តាហ៍ តុលាការ ប្រើពេលតែ១ព្រឹកប៉ុណ្ណោះ ក្នុងការបើកសវនាការជំនុំជម្រះលើសុំរឿងរបស់លោក។ គិតចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៧មក សំណុំរឿងរបស់លោក អូសបន្លាយអស់ជាង៤ឆ្នាំហើយ។ លោក ត្រូវចោទពីបទគប់គិតជាមួយបរទេស ដើម្បីផ្តួលរំលំរដ្ឋាភិបាលកម្ពុជា៕ 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com