ពីនេះ ពីនោះ
«នាយ» មានន័យថា ឯណោះ, «អាយ» មានន័យថា ឯណេះ
18, Feb 2022 , 7:29 am        
រូបភាព
«នាយ» និង «អាយ» ជាពាក្យពីរផ្ទះគ្នា ដែល​សំដៅ​លើទីឆ្ងាយជិត។ ជាទូទៅ គេនិយមប្រើពាក្យទាំងពីរ​បញ្ចូលគ្នា។ ពាក្យទាំងនេះ ក៏មាន​ការពន្យល់ក្នុង​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត ផងដែរ។

 
«នាយ» សំដៅខាងម្ខាងទីទៃពីខាងអាយ, ឯណោះ។ ខាងនាយ, ត្រើយនាយ, ស្រុកនាយ, ខ្ញុំនៅឯនាយ. . . ។ រីឯន័យផ្សេងទៀត គឺ​ អ្នកដឹកនាំ, អ្នកត្រួតត្រា។ លោកនាយ, នាយវេន, នាយគយ, នាយទាហាន, នាយឧទ្យាន, នាយត្រួត... ។
 
ពាក្យ​ «នាយ» ដដែល ក៏ប្រើ​សម្រាប់ហៅដោយដំណើរគួរសម ឬលើកតម្កើងចំពោះមនុស្សប្រុសឥតបណ្តាស័ក្តិ, ឥតមានមុខការត្រួតត្រាលើគេទេក៏បាន។ នាយទេព, នាយព្រហ្ម, នាយយស, នាយសុខ ជាដើម ។
 
ប៉ុន្តែសម្រាប់​ការលើកពាក្យនេះ មក​ពន្យល់ គឺ​សារព័ត៌មានថ្មីៗ ចង់ភ្ជាប់ជាមួយ​នឹងពាក្យ «អាយ»។ អាយ ជាពាក្យ​ទីទៃពីពាក្យ នាយ ឬ ខាងនាយ។ «អាយ» គឺខាងនេះ, ខាងឯណេះ។ ខាងអាយ; ត្រើយអាយ, ស្រុកអាយ, ឯអាយ, រៀងអាយ, មកអាយសិន! ។
 
«នាយអាយ» ក្លាយជាកិរិយាវិសេសន៍ ដែលមានន័យថា ពីនេះពីនោះ, ខាងណេះខាងណោះ, ត្រង់ណេះត្រង់ណោះ។ និយាយលេងនាយអាយ; ចាំរកនាយអាយមើល ក្រែងលោបាន ។ ថានាយថាអាយ ថានេះថានោះ, ថានេះហើយថានោះទៀត ។ លូកនាយលូកអាយ គឺ​លូកនេះហើយលូកនោះទៀត ។ 
 
ឧទាហរណ៍ផ្សេងទៀតចំពោះពាក្យ «នាយអាយ»៖ និយាយដៀមដាម បញ្ឆិតបញ្ឆៀងកៀសនាយអាយ (កោសរូស), អធិប្បាយផ្សែផ្សំនាយអាយ, ផ្សែផ្សំលើកដាក់នាយអាយ, សូកប៉ាន់នាយអាយបំបិទដំណើរអាក្រក់មិនឲ្យលេចឮឡើង, បញ្ជោរនាយអាយ ដោយប្រើពាក្យក្លែង តាមតែចិត្តឯង ឲ្យបានប្រយោជន៍៕
 

Tag:
 ពន្យល់ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com