ជាតិ
បុគ្គលិកណាហ្គាវើលដ៍៤រូប ត្រូវចូលបំភ្លឺករណីរារាំងការអនុវត្តវិធានការកូវីដ-១៩ នៅស្នងការនគរបាល
18, Feb 2022 , 11:12 am        
រូបភាព
បុគ្គលិកណាហ្គាវើលដ៍ តវ៉ានៅខាងមុខស្ថានទូតអូស្រ្តាលីនាពេលកន្លងមក។ រូបដោយ លោក ភួង វ៉ាន់ថា
បុគ្គលិកណាហ្គាវើលដ៍ តវ៉ានៅខាងមុខស្ថានទូតអូស្រ្តាលីនាពេលកន្លងមក។ រូបដោយ លោក ភួង វ៉ាន់ថា
ភ្នំពេញ៖ បុគ្គលិកណាហ្គាវើលដ៍៤រូប ត្រូវទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ម៉ោង២រសៀល ថ្ងៃទី១៨ កុម្ភៈនេះ តាមដីកាព្រះរាជអាជ្ញា ដើម្បីចូលទៅបំភ្លឺដំណើររឿង រារាំងដល់ការអនុវត្តវិធានការ ទប់ស្កាត់កូវីដ-១៩។ ទន្ទឹមនឹងនេះ ក្រុមបុគ្គលិកតវ៉ាណាហ្គាវើលដ៍ ក៏គ្រោងទៅជួបជុំគ្នា នៅស្នងការដ្ឋានរាជធានីភ្នំពេញដែរ។

 
បុគ្គលិកណាហ្គាវើលដ៍៤រូប មានអ្នកស្រី  ខេង ចិន្តា កញ្ញា អ៊ុក សុភ័ក្រម៉ូលីកា អ្នកនាង អេង ស្រីបូ និងកញ្ញា ម៉េង កាក់នីកា នឹងចូលបំភ្លឺរឿង រារាំងដល់ការអនុវត្តវិធានការ របស់អាជ្ញាធរ ក្នុងការទប់ស្កាត់កូវីដ-១៩ នៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
 
សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ បានចេញសេចក្ដីជូនដំណឹងនៅថ្ងៃទី១៨កុម្ភនេះថា ការចូលទៅបំភ្លឺនេះ ធ្វើឡើងតាមដីការបស់ព្រះរាជអាជ្ញារង សេង ហៀង។ តែយ៉ាងណាសហជីព អះអាងថា អ្នកទាំង៤រូបខាងលើ មិនមែនតំណាងឲ្យក្រុមអ្នកតវ៉ាឡើយ។ ដូច្នេះពួកគេ មិនមានឥទ្ធិពលអ្វីបង្គាប់បញ្ជាឲ្យក្រុមអ្នកតវ៉ាផ្សេងទៀតស្ដាប់តាមនោះទេ។ 
 
សេចក្ដីជូនដំណឹងដដែលបានបញ្ជាក់យ៉ាងដូច្នេះ៖ «ការដែលលើកឡើងថា កូដករទាំង៤នាក់នេះ រារាំងដល់ការអនុវត្តវិធានការ ទប់ស្កាត់ជំងឺកូវីដ-១៩ គឺមិនពិតទេ។ ជាក់ស្ដែងយើងខ្ញុំទាំងអស់គ្នាបានទៅយកសំណាកគ្រប់គ្នា តាមពេលកំណត់»។
 
បុគ្គលិកណាហ្គាវើលដ៍ដែលកំពុងតវ៉ា ទទូចឲ្យព្រះរាជអាជ្ញា ត្រួតពិនិត្យករណីនេះ ដោយសុភវិនិច្ឆ័យ និងយុត្តិធម៌ ខណៈពួកគេទាមទារសិទ្ធិសហជីពនៅកន្លែងការងារ។ 
 
ពាក់ព័ន្ធនឹងការចុះយកសំណាកក្រុមបុគ្គលិកតវ៉ារបស់ណាហ្គវើលដ៍នេះ ក៏មានបុគ្គលិក៣រូប ត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៥កុម្ភៈ ក្រោមហេតុផល រារាំងដល់ការអនុវត្តវិធានការ ទប់ស្កាត់កូវីដ-១៩៕ 
 

Tag:
 វិវាទការងារ
  ណាហ្គាវើលដ៍
© រក្សាសិទ្ធិដោយ thmeythmey.com