ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកនាំពាក្យ៖ នៅកម្ពុជា គ្មានអាជីវកម្មកូរ៉េខាងជើងឡើយ
18, Feb 2022 , 12:59 pm        
រូបភាព
ទិដ្ឋភាពរាជធានីភ្នំពេញ ដែលត្រូវបានថតក្នុងពេលរាត្រី កាលពីឆ្នាំ២០១៨។ រូបពី Sokhom Ros
ទិដ្ឋភាពរាជធានីភ្នំពេញ ដែលត្រូវបានថតក្នុងពេលរាត្រី កាលពីឆ្នាំ២០១៨។ រូបពី Sokhom Ros
«កម្ពុជា បានអនុវត្តស្របតាមសេចក្តីសេម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ដោយបានបិទគ្រប់អាជីវកម្ម និងគណនីធនាគាររបស់សាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) ក្នុងប្រទេសកម្ពុជា និងបញ្ឈប់ការផ្តល់បណ្ណការងារដល់កម្មករមកពីសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េផងដែរ»។ នេះជាការឆ្លើយតបរបស់អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ទៅកាន់សារព័ត៌មានបរទេស NK News ដែលលបានចុះផ្សាយអត្ថបទមួយ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមចំណងជើងថា «ចារជនកូរ៉េខាងជើង បើកដំណើរការសណ្ឋាគារ កាស៊ីណូ និង ភ្នាក់ងារទេសចរណ៍នៅកម្ពុជា» ។



NK News អះអាងថា ស្ថាប័នខ្លួន បានចុះផ្សាយអត្ថបទអំពីចារជនកូរ៉េខាងជើង លួចបើកដំណើរការសណ្ឋាគារ កាស៊ីណូ និង ភ្នាក់ងារទេសចរណ៍នៅកម្ពុជា ដោយផ្អែកលើរបាយការណ៍របស់អង្គការសហប្រជាជាតិ។ អ្នកនាំពាក្យការបរទេសកម្ពុជា តាមរយៈសេចក្តីបំភ្លឺ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ បានច្រានចោលការចុះផ្សាយរបស់សារព័ត៌មាន NK News ហើយហៅការចុះផ្សាយនេះថា គ្មានមូលដ្ឋាន និងជាការចោទប្រកាន់មកលើកម្ពុជា។
 
អ្នកនាំពាក្យការបរទេសកម្ពុជា បញ្ជាក់ថា ក្នុងនាមជាសមាជិករបស់អង្គការសហប្រជាជាតិ កម្ពុជា បានបំពេញទាំងស្រុងនូវកាតព្វកិច្ចអន្តរជាតិ ក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិ ហើយបានអនុវត្តយ៉ាងស្មោះត្រង់នូវសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីការដាក់ទណ្ឌកម្មលើកូរ៉េខាងជើង។ 
 
អ្នកនាំពាក្យការបរទេសកម្ពុជា ផ្តល់ព័ត៌មានថា គណនីធនាគារចំនួន៧ (របស់កូរ៉េខាងជើង) នៅក្នុងស្ថាប័នហិរញ្ញវត្ថុ២ផ្សេងគ្នា ត្រូវបានបិទតាំងពីឆ្នាំ២០១៧មក។ អ្នកនាំពាក្យ បន្តថា កម្ពុជា ថែមទាំងបានបិទគ្រប់អាជីវកម្ម ភោជនីយដ្ឋាន និងសារមន្ទីររបស់កូរ៉េខាងជើង នៅកម្ពុជា។ អ្នកនាំពាក្យ បន្ថែមថា ចាប់តាំងពីឆ្នាំ២០១៧មក កម្ពុជា បានបញ្ឈប់ទាំងស្រុងនូវការផ្តល់បណ្ណការងារដល់កម្មករមកពីកូរ៉េខាងជើង ហើយគិតត្រឹមចុងឆ្នាំ២០១៩ រដ្ឋាភិបាលកម្ពុជា បានសម្រេចមិនពន្យារទិដ្ឋាការដល់ប្រជាជនកូរ៉េខាងជើង ដែលបានធ្វើការនៅកម្ពុជាទៀតទេ។  
 
មិនមែនត្រឹមជាសណ្ឋាគារ កាស៊ីណូ ភ្នាក់ងារទេសចរណ៍នោះទេ ចារជនកូរ៉េខាងជើង នៅបានបើកប្រភេទអាជីវកម្មផ្សេងៗទៀតនៅកម្ពុជា ដូចជា ភោជនីយដ្ឋាន និង បា ជាដើម ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២០មកម្ល៉េះ។ នេះបើតាម NK News ជាសារព័ត៌មាន ដែលភាគច្រើនចុះផ្សាយអំពីកូរ៉េខាងជើង៕ 
 
 

Tag:
 កម្ពុជា
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com