ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ប្រាក់ សុខុន អះអាងថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ប្រព្រឹត្តទៅយ៉ាងរលូន
18, Feb 2022 , 3:57 pm        
រូបភាព
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា ដឹកនាំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសអាស៊ាន ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។
លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា បង្ហោះសារលើទំព័រហ្វេសប៊ុក នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២២ ថា កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន បានប្រព្រឹត្តទៅយ៉ាងរលូន។ លោក បង្ហោះសំណេរនេះ នៅក្រោយការបញ្ចប់កិច្ចប្រជុំចង្កៀតរដ្ឋមន្រ្តីការបទេសអាស៊ាន ដែលត្រូវបានរៀបចំឡើងនៅទីរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។

 
លោក ប្រាក់ សុខុន ដែលធ្វើជាប្រធានដឹកនាំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមយ៉ាងសកម្មរបស់សហសេវិកទាំងអស់ ក្នុងការពិភាក្សាអំពីបញ្ហាប្រឈមធំៗ ក្នុងតំបន់នាពេលបច្ចុប្បន្ន និងអនាគត។ លោក បន្តថា កិច្ចពិភាក្សាទាំងនេះ គឺសំដៅធានាឲ្យអាស៊ាន បន្តអភិវឌ្ឍ និងរីកចម្រើនជាមួយគ្នា។ 
 
បន្ថែមពីនេះ លោក បានអរគុណចំពោះការប្រឹងប្រែង និងការចូលរួមចំណែកពីគ្រប់ភាគី ដើម្បីធ្វើឲ្យកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន ទទួលបានជោគជ័យ។ លោក ចាត់ទុក ការរៀបចំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាននៅកម្ពុជា ថាជាបទពិសោធដ៏មានតម្លៃមួយសម្រាប់អាស៊ាន។ 
 
ប្រមុខការទូតកម្ពុជា បញ្ជាក់ដូច្នេះថា៖«កម្ពុជា ទន្ទឹងរង់ចាំរៀបចំកិច្ចប្រជុំផ្សេងៗទៀតក្នុងឆ្នាំនេះ។ ខ្ញុំ ក៏នឹងបន្តបំពេញតួនាទីរបស់ខ្ញុំឲ្យអស់ពីសមត្ថភាព ដើម្បីកម្ពុជា និងអាស៊ានទាំងមូល»។
 
រដ្ឋមន្រ្តីការបរទេសទាំងអស់នៃប្រទេសក្នុងតំបន់អាស៊ាន បានចូលរួមប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន ដែលរៀបចំឡើងដោយកម្ពុជា ជាប្រធានអាស៊ានឆ្នាំ២០២២។ លើកលែងតែតំណាងនៃរបបយោធាមីយ៉ាន់ម៉ាប៉ុណ្ណោះ ដែលមិនមានវត្តមានក្នុងកិច្ចប្រជុំនេះ។ 
 
រដ្ឋមន្រ្តីការបរទេស៦រូប គឺរដ្ឋមន្រ្តីការបរទេសកម្ពុជា រដ្ឋមន្រ្តីការបរទេសឡាវ រដ្ឋមន្រ្តីការបរទេសសិង្ហបុរី រដ្ឋមន្រ្តីការបរទេសហ្វីលីពីន រដ្ឋមន្រ្តីការបរទេសឥណ្ឌូណេស៊ី រដ្ឋមន្រ្តីការបរទេសម៉ាឡេស៊ី បូករួមទាំងអគ្គលេខាធិការអាស៊ានម្នាក់ទៀត បានចូលរួមប្រជុំចង្អៀតរដ្ឋមន្រ្តីអាស៊ានដោយផ្ទាល់។ រដ្ឋមន្រ្តីការបរទេស៣រូប គឺរដ្ឋមន្រ្តីការបរទេសវៀតណាម រដ្ឋមន្រ្តីការបរទេសថៃ និងរដ្ឋមន្រ្តីការបរទេសព្រុយណេ ចូលរួមប្រជុំតាមអនឡាញ។ 
 
រដ្ឋមន្រ្តីការបរទេសនៃរបបយោធាមីយ៉ាន់ម៉ា ពុំទទួលបានការអញ្ជើញ ឲ្យចូលរួមប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ានឡើយ ដោយរបបយោធានេះ ទទួលបានការអញ្ជើញត្រឹមតំណាងមិនមែននយោបាយ ឲ្យចូលរួមជំនួសវិញ។ របបយោធាមីយ៉ាន់ម៉ា ហៅការមិនអញ្ជើញរដ្ឋមន្រ្តីការបរទេសខ្លួន ឲ្យចូលរួមប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេស ថាជារឿងគួរឲ្យសោកស្តាយ ហើយក៏សម្រេចមិនបញ្ជូនតំណាងមិនមែននយោបាយ ឲ្យចូលរួមជំនួសនោះទេ៕ 
 

Tag:
 ប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន
  ប្រាក់ សុខុន
© រក្សាសិទ្ធិដោយ thmeythmey.com