ជាតិ
អុក​ស្វាមកម្ពុជាស្នើឲ្យរដ្ឋាភិបាល​​បញ្ចូល​ក្រុមសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ក្នុង​គោលនយោបាយជាតិ​គាំពារសង្គម ​
18, Feb 2022 , 5:29 pm        
រូបភាព
 ក្រុមអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ក្រុមអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
ភ្នំពេញ៖ នៅរយៈពេលជាង១០ឆ្នាំចុងក្រោយនេះ កម្ពុជាយកចិត្តទុកដាក់លើកិច្ចគាំពារសង្គម ប៉ុន្តែ កិច្ចការនេះ នៅមានកម្រិតនៅឡើយ ពិសេស ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងក្រុមចាស់ជរា។ លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមប្រចាំកម្ពុជា ស្នើឲ្យរដ្ឋាភិបាលបញ្ចូលក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចូលក្នុងគោលនយោបាយជាតិគាំពារសង្គម។

 
រដ្ឋដើរតួនាទីសំខាន់ក្នុងជួយគាំពារសង្គម ហើយសង្គមស៊ីវិលក៏ជាតួអង្គចូលរួមចំណែកយ៉ាងសកម្មដែរ ក្នុងការពាំនាំតម្រូវការនិងជួយសម្របសម្រួលដល់ពលរដ្ឋតាមសហគមន៍ ឲ្យទទួលបានកិច្ចគាំពារ។ តំណាងឲ្យក្រុមងាយរងគ្រោះ អង្គការអុកស្វាម ស្នើឲ្យរដ្ឋាភិបាលបន្តជួយ និងចែងគោលនយោបាយបន្ថែមពួកគេ។ 
 
ក្នុងកិច្ចសម្ភាសន៍ជាមួយ សារព័ត៌មានថ្មីៗ លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមប្រចាំកម្ពុជា បានលើកឡើងថា កិច្ចគាំពារសង្គម គឺជាសិទ្ធិមនុស្ស សម្រាបជួយឲ្យពលរដ្ឋរស់នៅ​បានសមរម្យ។ ជាក់ស្ដែង ពលរដ្ឋគ្រប់រូបសុទ្ធបានចូលរួមលើស្ទួយចរន្តសេដ្ឋកិច្ចនិងសង្គម តាមការបង់ពន្ធជូនរដ្ឋ ដោយផ្ទាល់ ឬប្រយោល។ ប៉ុន្តែ ក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងជនចាស់ជរា ពុំទាន់ទទួលបានសិទ្ធិគាំពារពេញលេញនៅឡើយទេ។ 
 
ការបើតាមការមើលឃើញរបស់ នាយិកាអង្គការអុកស្វាម ដោយបន្ថែមថា នាតំណាក់កាលនេះ កម្ពុជាគួរតែមានកិច្ចគាំពារសង្គមដ៏រឹងមាំ ស្របពេលដែលសេដ្ឋកិច្ចកំពុងរីកដុះដាល។ កិច្ចការនេះ ត្រូវមានបរិយាបន្ន និងប្រកបដោយសមធម៌ ដោយផ្អែកតាមសិទ្ធិ និងឆ្លើយតបតាមគោលការយេនឌ័រ។  
 
 
«ក្នុងបរិបទកូវីដ-១៩ ជនងាយរងគ្រោះ បានរងគ្រោះបន្ថែមទៀត បើរដ្ឋាភិបាលពុំបានឆ្លើយតបជួយគាំពារដល់ពួកគេ»។ នេះជាការព្រួយបារម្ភរបស់អង្គការអុកស្វាម ហើយចំណុចគួរឲ្យកត់សម្គាល់នោះ គឺរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់លើពលរដ្ឋនៅក្រោមបន្ទាត់ភាពក្រីក្រ រួមទាំងអ្នកបាត់បងការងាផងដែរ។ 
 
ក្នុងនាមជាសង្គមស៊ីវិល អង្គការ អុកស្វាម កំពុងផ្ដោតលើកិច្ចការងារសំខាន់ចំនួនបី គឺការលើកកម្ពស់ភាពអង្គអាចផ្នែកសេដ្ឋកិច្ចស្រី្ត អភិបាលកិច្ចធនធានធម្មជាតិ និងកិច្ចគាំពារសង្គម។ លោកស្រី សោភ័ណ បានឲ្យដឹងថា៖ «ជាអង្គការសង្គមស៊ីវិល យើងដើរតួនាទីជាអ្នកតំណាងពលរដ្ឋ ឲ្យសំឡេងឬតម្រូវការគាត់បានឭនិងទៅដល់រដ្ឋាភិបាល»។ លោកស្រី បន្តថាជនងាយរងគ្រោះ ដូចជាប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានកម្មករសំណង់ អ្នកធ្វើការផ្នែកប្រើសេវាតាមតំបន់ទេសចរណ៍និងកន្លែងកម្សាន្ត មិនទាន់អត្ថប្រយោជន៍នៅឡើយទេ។ បញ្ហានេះ កើតឡើងដោយសារកន្លែងការងាររបស់ពួកគេខ្លះមិនបានចុះបញ្ជី ហើយរដ្ឋក៏មិនទាន់ទទួលស្គាល់ ឬចែកគោលនយោបាយសម្រាប់ពួកគេ។ 
 
នាយិកាអង្គការអុកស្វាមប្រចាំកម្ពុជាពន្យល់ថា កម្មករក្រៅប្រព័ន្ធទទួលបានត្រឹមប្រាក់នៃកិច្ចការងារប្រចាំថ្ងៃប៉ុណ្ណោះ ប៉ុន្តែសេវាគាំពារសុខុមាភាពដទៃទៀតមិនទាន់មានឡើយ។ លើសពីនេះ ការយកចិត្តទុកដាក់លើស្រី្តអំឡុងពេលពួកគេមានផ្ទៃពោះនិងក្រោយពេលសម្រាល ប្រាក់អត្ថប្រយោជន៍ប្រចាំឆ្នាំ រួមទាំងអត្ថប្រយោជន៍ផ្សេងទៀត ពុំទាន់មាននោះទេ។ ចំណែក ចាស់ជរាដែលមិនបានបានធ្វើការងារនៅស្ថាប័នរដ្ឋវិញ ពុំក៏មិនទាន់មានកម្មវិធីសោធនដែរ។
 
«ក្រុមទាំងនេះ ពេលឈឺត្រូវពេទ្យ និយោជិករបស់ពួកគាត់អត់ចេញលុយឲ្យ ដូចយើងអ្នកធ្វើការតាមស្ថាប័នដែលមានរបរសុខុមាភាពសង្គមពេញលេញនោះទេ។ អ៊ីចឹង អុកស្វាមមើលឃើញគម្លាតហ្នឹងហើយ ផ្ដោតលើយកចិត្តទុកដាក់សំខាន់លើការនាំយកតម្រូវការនិងភាពរងគ្រោះរបស់ពួកគេឡើងមក»។ នេះជាការបញ្ជាក់របស់លោកស្រី សោភ័ណ ហើយបានឲ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៧៩ ដល់បច្ចុប្បន្ននេះ ដែលអុកស្វាមធ្វើការមក គឺបានយកចិត្តទុកដាក់លើការជួយអភិវឌ្ឍន៍សង្គម ជួយគាំពារពលរដ្ឋ ជួយសម្របសម្រួល ពិសេសការទទួលសេវាសុខភាព សេវាគ្រោះថ្នាក់ការងារ ប័ណ្ណសមធម៌ ប័ណ្ណពិការភាព ជាសោធនសង្គមដើម។ 
 

លោកស្រី ភាណ សោភ័ណ នាយិកាអង្គការអុកស្វាមប្រចាំកម្ពុជា។ 
 
គោលនយោបាយរបស់រដ្ឋាភិបាល ថ្វីត្បិតតែបានយកចិត្តទុកដាក់ ប៉ុន្តែការគាំទ្រនៅមានកម្រិតទាប។ តាមការពិនិត្យ ពលរដ្ឋដែលរស់នៅក្រោមបន្ទាត់ក្រីក្រ មានប័ណ្ណក្រីក្រដោយទទួលសេវាសុខភាពឥតគិតថ្លៃ។ ប៉ុន្តែ អ្នកនៅក្បែរបន្ទាត់ក្រីក្រ ដែលភាគច្រើនជាអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពុំទទួលបានសេវាសង្គមដែលរដ្ឋាភិបាលកំពុងផ្ដល់ឲ្យនៅឡើយទេ។ 
 
ក្នុងសប្ដាហ៍នៃកិច្ចគាំពារសង្គមឆ្នាំ២០២២នេះ នាយិកាអង្គការអុកស្វាមប្រចាំកម្ពុជាបានស្នើទៅរដ្ឋាភិបាលយ៉ាងដូច្នេះ៖ «ក្នុងនាមអង្គការអុកស្វាម ក៏ដូចជាតំណាងសំឡេងប្រជាពលរដ្ឋដែលត្រូវការកិច្ចគាំពារសង្គម សុំសូមពរឲ្យរដ្ឋាភិបាលជួយជំរុញឲ្យមានការទទួលស្គាល់ និងដាក់បញ្ចូលកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ ពិសេសយុវជននិងស្រី្ត ក្នុងគោលនយោបាយជាតិគាំពារសង្គម ច្បាប់​ស្តីពី​ប្រព័ន្ធ​គាំពារ​សង្គម និងច្បាប់របរសន្តិសុខសង្គម»។ លោកស្រីអះអាងថា ការបញ្ចូលក្នុងគោលនយោបាយនិងច្បាប់ទាំងនេះ នឹងជួយឲ្យពួកគេមានសិទ្ធិពេញលេញ ទទួលបានកិច្ចគាំពារពីរដ្ឋាភិបាល និងអ្នកមានតួនាទីទទួលខុសត្រូវផ្សេងទៀត។ 
 
ជាមួយគ្នាដែរ នាយិកាអង្គការអុកស្វាមប្រចាំកម្ពុជា ស្នើឲ្យរដ្ឋាភិបាលផ្ដោតសំខាន់លើកិច្ចគាំពារដល់ស្រី្ត មានវិសមភាពការងារ រួមទាំងយកចិត្តទុកដាក់​ស្រី្តអំឡុពេលមានផ្ទៃពោះ និងក្រោយពេលសម្រាល។ ចំណុច សំខាន់មួយទៀត គឺការបង្កើនទំហំថវិកា ក្នុងកិច្ចប្រព័ន្ធគាំពារសង្គម និងជំនួយសង្គម ដើម្បីឆ្លើយតបនឹងគ្រោះមហន្តរាយ ពិសេសដល់ជនចាស់ជរា ស្ត្រី កុមារ និងជនពិការភាព៕ 
 

Tag:
 Oxfam
  កិច្ចគាំពារសង្គម
© រក្សាសិទ្ធិដោយ thmeythmey.com