ជាតិ
សង្គមជាតិ
នាយករដ្ឋមន្រ្តី ចេញបញ្ជា៖ ត្រូវពិនិត្យឲ្យហ្មត់ចត់ កុំឲ្យមានករណីសុំនាំចូលសារធាតុគីមី ហើយបន្លំផលិតគ្រឿងញៀនដូចកន្លងមក
19, Feb 2022 , 3:59 pm        
រូបភាព
សម្តេច ហ៊ុន សែន ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីខែមករា ឆ្នាំ២០២០ និងទិដ្ឋភាពអាជ្ញាធរកម្ពុជា ដុតកម្ទេចគ្រឿងញៀន កាលពីខែកក្កដា ឆ្នាំ២០២១។ រូបពី AFP
សម្តេច ហ៊ុន សែន ថ្លែងក្នុងសន្និសីទសារព័ត៌មាន កាលពីខែមករា ឆ្នាំ២០២០ និងទិដ្ឋភាពអាជ្ញាធរកម្ពុជា ដុតកម្ទេចគ្រឿងញៀន កាលពីខែកក្កដា ឆ្នាំ២០២១។ រូបពី AFP
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាទៅក្រសួង-ស្ថាប័នពាក់ព័ន្ធ ឲ្យពិនិត្យ និងវាយតម្លៃឲ្យបានហ្មត់ចត់ មុនផ្តល់អាជ្ញាបណ្ណអនុញ្ញាតឲ្យរោងចក្រ-សហគ្រាស បើកដំណើរការអាជីវកម្ម ដែលពាក់ព័ន្ធនឹងការប្រើប្រាស់សារធាតុគីមី។ ប្រមុខរដ្ឋាភិបាល ប្រាប់ឲ្យពិនិត្យ និងវាយតម្លៃឲ្យបានហ្មត់ចត់យ៉ាងដូច្នេះ ដ្បិតបារម្ភថា រោងចក្រ-សហគ្រាសទាំងនោះ អាចលួចកែច្នៃសារធាតុគីមី ចេញជាគ្រឿងញៀន ដែលករណីបែបនេះ ធ្លាប់កើតមាននៅកម្ពុជារួចមកហើយ។



អាជ្ញាធរ មិនមែនគ្រាន់តែពិនិត្យមើលក្នុងដំណាក់កាល ដែលរោងចក្រ-សហគ្រាស ស្នើសុំបើកអាជីវកម្ម ហើយក៏ឈប់អើពើនោះទេ។ បើតាមបញ្ជារបស់សម្តេច ហ៊ុន សែន ក្រោយពិនិត្យបានហ្មត់ចត់ និងផ្តល់អាជ្ញាបណ្ណអនុញ្ញាតហើយនោះ អាជ្ញាធរ ត្រូវចុះទៅពិនិត្យមើលដោយផ្ទាល់ជាប្រចាំផងដែរ នូវដំណើរការអាជីវកម្មរបស់រោងចក្រ-សហគ្រាស់ទាំងឡាយណា ដែលមានប្រើប្រាស់សារធាតុគីមី។ 
 
បន្ថែមពីនេះ សម្តេចនាយករដ្ឋមន្រ្តី ណែនាំឲ្យអាជ្ញាធរ រៀបចំវិធានការគ្រប់គ្រងការនាំចូល ការរក្សាទុក ការចែកចាយ និង ការប្រើប្រាស់រាល់សារធាតុគីមីរបស់រោងចក្រ-សហគ្រាស ដើម្បីអាចមានម្ចាស់ការ ក្នុងការចាត់វិធានការ បើរោងចក្រ-សហគ្រាស់ទាំងនោះ «លួចបង្វែរសារធាតុគីមី យកទៅកែច្នៃ ផលិតជាសារធាតុញៀនខុសច្បាប់»។ 
 
បញ្ជា និងការណែនាំខាងលើរបស់ប្រមុខរដ្ឋាភិបាល ធ្វើឡើងតាមរយៈផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៧ ដែលចេញនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២។ ផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៧ នឹងត្រូវអាជ្ញាធរ យកទៅអនុវត្តពេញ១ឆ្នាំ ក្នុងឆ្នាំ២០២២នេះ។  
 
កម្ពុជា ទើបនឹងជួបប្រទះនូវករណីសុំនាំចូលសារធាតុគីមីដោយស្របច្បាប់ ហើយសារធាតុគីមីនោះ ត្រូវបានលួចកែច្នៃជាគ្រឿងញៀន។ សារធាតុគីមីនោះ មានរហូតដល់ទៅជាង១០០តោនឯណោះ ហើយត្រូវបានសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទម្លាយជាសាធារណៈ ក្នុងកម្មវិធីមួយ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ពីការស៊ើបដឹងរបស់អាជ្ញាធរកម្ពុជា ដែលសារធាតុគីមីនោះ ត្រូវបានកែច្នៃជាគ្រឿងញៀន។ 
 
សារធាតុគីមីជាង១០០តោន ត្រូវបាននាំចូលដោយស្របច្បាប់ ដោយសារមានការចុះហត្ថលេខាអនុញ្ញាតពីមន្រ្តីកម្ពុជា។ បើតាមសម្តេចរដ្ឋមន្រ្តីមហាផ្ទៃ អ្នកសុំនាំចូល បានប្រាប់អាជ្ញាធរកម្ពុជាថា ការនាំចូលសារធាតុញៀនជាង១០០តោននោះ គឺដើម្បីយមកធ្វើជាជី តែទីបំផុត បែរជាលួចផលិតគ្រឿងញៀនទៅវិញ។ រដ្ឋមន្រ្តីមហាផ្ទៃ បានស្នើដោយមិនបញ្ចេញឈ្មោះ ទៅកាន់រដ្ឋមន្រ្តី ដែលអនុញ្ញាតឲ្យនាំចូលសារធាតុគីមីជាង១០០តោន ឲ្យត្រួតពិនិត្យឡើងវិញលើក្រុមហ៊ុនឬរោងចក្រ ដែលនាំចូលសារធាតុគីមីជាង១០០តោននោះ។ 
 
ស្រដៀងគ្នានេះដែរ កាលពីចុងឆ្នាំ២០២១ សមត្ថកិច្ចកម្ពុជា បានចុះទៅបង្រ្កាបនៅរោងចក្រមួយ ក្នុងខេត្តកំពង់ស្ពឺ ដែលលួចផលិតគ្រឿងញៀន។ សមត្ថកិច្ច បានរកឃើញគ្រឿងញៀនជាង២តោន និងសារធាតុគីមីផ្សំ សម្រាប់ផលិតគ្រឿងញៀនជាង៨០តោន ក្នុងរោងចក្រនោះ។ ម្ចាស់រោងចក្រនោះ មានឱកាសអាចលួចផលិតគ្រឿងញៀនទ្រង់ទ្រាយធំបែបនេះ ដែលស្ទើរតែមិនធ្លាប់មាននៅកម្ពុជា គឺដោយសារកុហកអាជ្ញាធរកម្ពុជាថា បើកដំណើរការអាជីវកម្មធម្មតា។ 
 
តាមរយៈផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៧ដដែល សម្តេច ហ៊ុន សែន បានប្រាប់អាជ្ញាធរ ឲ្យអនុវត្តវិធានការច្បាប់ឲ្យបានម៉ឺងម៉ាត់លើបទល្មើសគ្រឿងញៀន ដោយគ្មានការយោគយល់។ សម្តេចនាយករដ្ឋមន្រ្តី សង្កត់ធ្ងន់ថា អាជ្ញាធរ ត្រូវខិតខំស្រាវជ្រាវរកឲ្យឃើញ «ខ្សែរយៈឧក្រិដ្ឋជនជួញដូរគ្រឿងញៀនធំៗ ដើម្បីបង្ក្រាបឲ្យដល់ឫសគល់»។

ប្រមុខរដ្ឋាភិបាល បន្តថា អាជ្ញាធរ ត្រូវតស៊ូស្វែងរកឲ្យឃើញទីតាំងលួចដាំ កែច្នៃ ផលិតគ្រឿងញៀននៅកម្ពុជា។ មេដឹកនាំកម្ពុជា បន្ថែមថា អាជ្ញាធរ ត្រូវខិតខំបង្ក្រាបការលួចនាំចូលគ្រឿងញៀននៅគ្រប់ច្រល្ហក រួមមាន តាមផ្លូវគោក តាមផ្លូវទឹក និង តាមផ្លូវអាកាស។  
 
ចំណុចសំខាន់២ទៀត ដែលមេដឹកនាំកម្ពុជា ក្រើនរម្លឹកអាជ្ញាធរកម្ពុជា ឲ្យបន្តអនុវត្តដែរនោះ គឺទី១ ត្រូវយកចិត្តទុកដាក់ក្នុងការផ្សព្វផ្សាយអំពីគ្រោះថ្នាក់គ្រឿងញៀនដល់ប្រជាជន ទី២ ត្រូវពង្រឹងការព្យាបាល និងការស្តារនីតិសម្បទាដល់អ្នកប្រើប្រាស់គ្រឿងញៀន។ 
 
ប្រធានយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនលើកទី៧ នៅតែជាសម្តេច ស ខេង ដដែល ដោយមានលោក កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាអនុប្រធាន។ សម្តេច ស ខេង តែងត្រូវបានសម្តេច ហ៊ុន សែន តែងតាំងឲ្យធ្វើជាប្រធាន សម្រាប់អនុវត្តផែនការស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលដាក់ចេញនៅឆ្នាំមុនៗកន្លងមក។ 
 
ឆ្នាំ២០២១ អាចចាត់ទុកជាឆ្នាំ ដែលបទល្មើសគ្រឿងញៀន បានកើតឡើងច្រើនជាងឆ្នាំមុនៗ ហើយបើពិនិត្យលើបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំ ដែលកើតឡើងក្នុងឆ្នាំ២០២១ ក៏មានច្រើនជាងឆ្នាំមុនៗដែរ ដែលជាហេតុគួរឲ្យព្រួយបារម្ភសម្រាប់សង្គមកម្ពុជា។ នៅឆ្នាំ២០២១ អាជ្ញាធរ កម្ពុជា រឹបអូសគ្រឿងញៀនបានជាង៤,៦ពាន់តោន រឹបអូសសារធាតុគីមីសម្រាប់ផលិតគ្រឿងញៀនបានជាង៨៤តោន និង ចាប់ជនល្មើសជាង១,៣ម៉ឺននាក់។ ក្នុងចំណោមជនល្មើសជាង១,៣ម៉ឺននាក់ មានជនល្មើស៣១នាក់ ដែលជាមេខ្លោងគ្រឿងញៀនទ្រង់ទ្រាយធំ៕ 
 

Tag:
 ហ៊ុន សែន
  គ្រឿងញៀន
© រក្សាសិទ្ធិដោយ thmeythmey.com