ជាតិ
សង្គមជាតិ
ក្រឡេកមើលជីវិតបុគ្គលិកម៉ាស្សាក្នុងអំឡុងពេលកូវីដ-១៩
20, Feb 2022 , 8:39 am        
រូបភាព
ដោយ៖ លោក តាន់ វិសាល អ្នកសម្របសម្រួលគម្រោងកិច្ចគាំពារសង្គមអង្គការអុកស្វាម
 
អ្នកស្រី ភឿម យី ជាបុគ្គលិកម៉ាស្សានៅខេត្តសៀមរាប។ ស្វាមីរបស់គាត់ គឺជាកម្មករសំណង់ ហើយពួកគាត់មានកូនបួននាក់។ អ្នកស្រី ទើបតែសម្រាលកូនស្រីពៅរបស់គាត់កាលពីជាងមួយខែមុន។

 
អ្នកស្រី ភឿម យី និយាយថា នៅពេលគាត់ចាប់ផ្តើមការងារនេះដំបូងកាលពីជាង១០ឆ្នាំមុន នៅម្តុំផ្សាររាត្រី ស្ថានភាពការងារបុគ្គលិកម៉ាស្សាមានសភាពយ៉ាប់យ៉ឺន។ ការធ្វើអ្វីមួយដែលផ្ទុយពីបញ្ជាររបស់ថៅកែ ឬការសម្តែងមតិណាមួយ អាចនឹងត្រូវបណ្តេញចេញពីការងារយ៉ាងងាយស្រួល។
 
«ពីមុនមកយើងធ្លាប់មានថៅកែប្រើហិង្សា និងជេរប្រមាថ។ យើងធ្វើការអត់មានថ្ងៃឈប់សម្រាក ឬគ្មានសិទ្ធិតវ៉ាអីទាំងអស់។ បើយើងអត់ធ្វើតាមថៅកែប្រើ គេវាយដំយើង ជេរយើង បើមិនអញ្ចឹងគេបញ្ឈប់ការងារយើង»។


 
ស្ថានភាព និងលក្ខខណ្ឌការងាររបស់ពួកគាត់ មានភាពប្រសើរឡើងជាសន្សឹមៗ បន្ទាប់ពីបុគ្គលិកម៉ាស្សាបានចូលរួមជាមួយសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)។
 
«ប៉ុន្តែឥឡូវ ឥរិយាបថរបស់ថៅកែម៉ាស្សាមានការផ្លាស់ប្តូរ ដោយសារពួកគាត់ខ្លាចខាងសហជីពប្តឹងផ្តល់ ហើយខ្លាចថាត្រូវបង់ថ្លៃផាកពិន័យធ្ងន់ធ្ងរ។ ឥឡូវ ខាងថៅកែ គាត់ធ្វើល្អដាក់យើងជាងមុនខ្លះ។ក្លាយជាសមាជិកសហជីព ដូចថាយើងមានខែលការពារយើងពីអំពើហិង្សា ការប្រើពាក្យប្រមាថ និងពាក្យគំរោះគំរើយអីអស់ហ្នឹង។ ពេលយើងមានបញ្ហា យើងទាក់ទងទៅសហជីព ហើយគេជួយដោះស្រាយ»។
 
លក្ខខណ្ឌការងារសម្រាប់បុគ្គលិកម៉ាស្សាមានភាពប្រសើរឡើងបើធៀបនឹងកាលពីមុន ក៏ប៉ុន្តែការរីករាលដាលនៃជំងឺកូវីដ១៩ គឺជាវិបត្តិថ្មីមួយដែលពិបាកហ្នឹងដោះស្រាយសម្រាប់បុគ្គលិកម៉ាស្សាដូចជាអ្នកស្រី ភឿម យី។


 
អ្នកស្រី ភឿម យី ស្ថិតក្នុងចំណោមប្រជាជនកម្ពុជារាប់លាននាក់ ដែលបម្រើការងារក្នុងវិស័យទេសចរណ៍  ដែលជាវិស័យរងផលប៉ះពាល់ធ្ងន់ធ្ងរ និងងាយរងគ្រោះបំផុតក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩។ ខេត្តសៀមរាប ពឹងផ្អែកទាំងស្រុងទៅលើវិស័យទេសចរណ៍ និងភ្ញៀវអន្តរជាតិ ដើម្បីទ្រទ្រង់ជីវភាពរស់នៅ និងសេដ្ឋកិច្ចរបស់ប្រជាជនរស់នៅក្នុងខេត្តនេះ។ សៀមរាប ដែលធ្លាប់ជាខេត្តដ៏មមាញឹកខ្លាំង និងមានសកម្មភាពយ៉ាងរស់រវើក ក្នុងការបម្រើភ្ញៀវទេសចរទាំងក្នុង និងក្រៅស្រុក បានក្លាយទៅតំបន់ដ៏ស្ងប់ស្ងាត់ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។
 
ក្នុងអំឡុងមានជំងឺកូវីដ១៩ អ្នកស្រី ភឿម យី បានបាត់បង់ការងារ និងផ្លាស់ប្តូររបៀបរស់នៅទាំងស្រុង។ គាត់បានដាំបន្លែលក់យកទៅលក់នៅផ្សារ ដើម្បីបានប្រាក់ចំណូលបន្តិចបន្តួចចឹញ្ចឹមជីវិតក្នុងអំឡុងពេលដ៏លំបាកនេះ។ អ្នកស្រី រកបានប្រាក់ចំណូលតិចតួចមែនទែន បើធៀបនឹងចំណូលដែលធ្លាប់រកបានពីការងារម៉ាស្សាពីមុនមក។ គាត់ធ្លាប់រកចំណូលបានប្រហែល ៣០០ ដុល្លារក្នុងមួយខែ ពីប្រាក់ខែ និងលុយធីបពីអតិថិជន។
 


អ្នកស្រី ភឿម យី មានប្រសាសន៍ថា «ពេលខ្ញុំឈឺម្តងៗ ខ្ញុំចាយលុយហោប៉ៅខ្លួនឯងដើម្បីទៅពេទ្យ  ពេលខ្លះដាច់លុយខ្លាំង ខ្ញុំត្រូវខ្ចីលុយពីអ្នកស្គាល់គ្នា ដើម្បីយកលុយបង់ថ្លៃពេទ្យ។ បើអត់ជម្រើសទេ ខ្ញុំចូលទៅតូបលក់ថ្នាំទិញលេប បញ្ចុះកំដៅអីទៅ អស់លុយប្រហែល ២ពាន់រៀលអីអញ្ចឹង»។
 
អ្នកស្រី ភឿម យី រំពឹងចង់ទទួលបានការគាំពារបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) តាមរយៈប័ណ្ណ ប.ស.ស ដើម្បីទទួលបាននូវការថែទាំសុខភាព និងការព្យាបាលដោយឥតគិតថ្លៃ និងទទួលបានជំនួយថវិកាខ្លះក្នុងអំឡុងពេលដ៏លំបាកនេះ៕
 





Tag:
 គាំពារសង្គម
© រក្សាសិទ្ធិដោយ thmeythmey.com