ជាតិ
លោក ម៉េង តុង ប្រឹងជួយជនពិការដទៃទៀតក្នុងមូលដ្ឋាន ឲ្យយល់ដឹងពីសិទ្ធិ និងមានជីវភាពប្រសើរ
22, Feb 2022 , 1:59 pm        
រូបភាព
លោក ម៉េង តុង ជួយជនពិការដទៃទៀត ក្នុងស្រុកបាធាយ ខេត្តកំពង់ចាម ឲ្យទទួលបានប័ណ្ណ សមធម៌ កាន់តែ ឆាប់រហ័ស ដើម្បីដោះស្រាយបញ្ហាជីវភាព។ បុរសដែលពិការជើងឆ្វេងរូបនេះ ប្រឹងប្រែងជួយជនពិការភាព តាមរយៈអង្គការសង្គមស៊ីវិលនិងអាជ្ញាធរ ពិសេសធ្វើយ៉ាងណាឲ្យពួកគេ មានជីវភាពពួកគេប្រសើឡើង និងយល់ដឹងពីសិទ្ធិរបស់ពួកគេនៅក្នុងសង្គម។

 
ជាមន្រី្តសម្របសម្រួលមូលដ្ឋានរបស់អង្គការតំណាងជនពិការជួយខ្លួនឯង ស្រុកបាធាយ(RSDOB) លោក ម៉េង តុង តែងតែរីករាយក្នុងការបំពេញការងាររបស់ខ្លួននៅមូលដ្ឋាន។ សព្វថ្ងៃ លោកបង្រៀនពីវិធីសាស្ត្រចិញ្ចឹមមាន់ទា ដាំបន្លែ និងចំណេះដឹងផ្សេងៗទៀត។ លោកប្តេជ្ញាថា នឹងបន្តបង្រៀន និងជួយជនពិការខេត្តកំពង់ចាមរបស់ខ្លួន ឲ្យបានកាន់តែច្រើនឡើងៗ។ 
 
លោក ម៉េង តុង ដើរតួនាទីកាន់តែសំខាន់ក្នុងការជួយកិច្ចការសង្គម បន្ទាប់ពីលោកចូលជាសមាជិកនៃអង្គការ RSDOB នៅឆ្នាំ២០២១។ ទោះបីពិការភាពជើងខាងឆ្វេងក៏ពិតមែន តែលោកជួយជនពិការភាពយ៉ាងផុសផុល ពិសេសគឺការជួយឲ្យពួកគេទទួលបានប័ណ្ណសមធម៌។ 
 



បុរសវ័យ៣៥ឆ្នាំដែលរស់នៅក្នុងឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាមរូបនេះ ជាអ្នកពាំនាំបញ្ហាជនពិការតាមមូលដ្ឋាន ទៅកាន់អាជ្ញាធរ និងសង្គមស៊ីវិល។ លោកបរិយាយទាំងសំឡេងរីករាយមកកាន់សារព័ត៌មានថ្មីៗថា៖«ខ្ញុំជាអ្នកចុះជជែកជាមួយបងប្អូនជនពិការដទៃទៀតតាមភូមិ មានចែកមាន់ចែកទា ប្រាប់ពីរបៀបចិញ្ចឹម ហើយណែនាំបង្រៀនឲ្យពួកគេចេះដាំបន្លែ តាមអ្វីដែលខ្ញុំបានទទួលការបណ្ដុះបណ្ដាលពីអង្គការ។ ទុក្ខលំបាកបងប្អូនជនពិការដែលខ្ញុំបានជួប ខ្ញុំតែនាំយកទៅប្រាប់បន្តដល់អង្គការ ភូមិឃុំ ដើម្បីមានការជួយដល់ពួកគាត់វិញ»។
 
ទន្ទឹមនឹងនេះ ពេលចុះជួបជនពិការភាពតាមមូលដ្ឋាន លោកតែចែករំលែកចំណេះដឹងពី សិទ្ធិ និងការទទួលបានកិច្ចគាំពារ ដោយជំរុញឲ្យជនពិការដទៃទៀត ចូលរួមកិច្ចសង្គម បញ្ចេញមតិ និងខិតខំស្វែងរកចំណេះជំនាញបន្ថែមទៀតផង។ 
 
ដ្បិតការងារសហគមន៍ តម្រូវឲ្យលោក ម៉េង តុង ដើរច្រើន ក៏លោកមិនរួញរា ហើយចូលរួមកិច្ចជាមួយអាជ្ញាធរ តាមមូលដ្ឋាន ដើម្បីជំរុញឲ្យជនពិការដទៃទៀត ទទួលបានប័ណ្ណសមធម៌កាន់តែលឿន ដើម្បីសម្រួលដល់ ជីវភាពប្រចាំរបស់ពួកគេ។ 
 
បញ្ហាប្រឈមមានតិចតួចបំផុសសម្រាប់លោក ម៉េង តុង ហើយបរិយាយថា៖ «ខ្ញុំដើរច្រើនរាងឈឺជើងបន្តិច តែសប្បាយជាមួយការងារ។ ពេលអាជ្ញាធរចុះសម្ភាសន៍ បងប្អូនដែលមានពិការភាព ខ្ញុំចុះទៅជាមួយជួយសម្របសម្រួល ពន្យល់ពីទុក្ខលំបាក ជំរុញឲ្យពួកគាត់ទទួលបានប័ណ្ណសមធម៌ឲ្យបានឆាប់ យ៉ាងហោចណាស់ បានប័ណ្ណអាទិភាពសម្រាប់ទទួលសេវាសុខភាពដោយឥតអស់កម្រៃ»។ 
 



ស្ថិតក្នុងបរិបទកូវីដ-១៩នេះ គ្រួសារលោកបានជួបវិបត្តិសេដ្ឋកិច្ចក្នុងគ្រួសារ រួមទាំងបំណុលដែល លោកខ្ចីឯកជនមួយចំនួនទៀតផង។ យ៉ាងណា តាមរយៈកិច្ចខំប្រឹងប្រែង លោក ម៉េង តុង ទទួលប្រាក់ខែបន្តិចបន្តួចពីអង្គការ និងការឧបត្ថម្ភសាច់ប្រាក់តាមរយៈប័ណ្ណសមធម៌ពីរដ្ឋាភិបាល។ 
 
ទោះបីខ្វះខាត លោក ម៉េង តុង នៅតែមានបំណងរៀនបន្តទៀត ដើម្បីយកចំណេះជួយជនពិការភាពក្នុងខេត្ត ឲ្យបានកាន់តែច្រើន។ លោកពោលបន្តថា កិច្ចចុះជួបពលរដ្ឋតាម​សហគមន៍ តម្រូវឲ្យការរៀបចំសរសេររបាយការណ៍ និងចេះរៀបចំទិន្នន័យ ទើបលោកមានគម្រោងរៀនផ្នែកគណនេយ្យបន្ត។ 
 
បុរសដែលមានគ្រួសារ និងកូនតូច៣នាក់ រូបនេះ បានឲ្យដឹងថា៖ ««ខ្ញុំចង់រៀនគណនេយ្យបន្ត ហើយខាងអង្គការខ្ញុំជួយចេញនឹងជួយបង់ថ្លៃរៀនពាក់កណ្ដាលឲ្យ ដើម្បីបានជំនាញថ្មីជួយការងារ បានកាន់តែច្រើនដល់អង្គការ ជនពិការក្នុងខេត្ត និងចំណេះទុកក្នុងខ្លួនផង»។ 
 
ពាក់ព័ន្ធនឹងពិការភាព ជនពិការ ពិសេសអ្នកក្រីក្រតែងជួបប្រទះការរើសអើងក្នុងសង្គម រួមជាមួយនឹងការលំបាកទាំងផ្នែកកាយសម្បទា និងហិរញ្ញវត្ថុ ដែលពិបាកទៅរកសេវាសុខាភិបាល ការអប់រំ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។ កត្តាទាំងនេះ នាំឲ្យជនពិការភាពមិនមានលទ្ធភាពចូលរួមបង្កើនផលិតភាពសេដ្ឋកិច្ច។ នេះបើតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦ ដល់២០២៥ ហើយក្របខណ្ឌនេះ ក៏មានកម្មវិធីឧបត្ដម្ភសាច់ប្រាក់ដល់ជនពិការ ដែលរៀបចំឡើងតាមអនុក្រឹត្យស្ដីពី របបគោលនយោបាយចំពោះជនពិការក្រីក្រតាមសហគមន៍។ ដូច្នេះកម្មវិធីនេះ នឹងអនុវត្តដល់ជនពិការភាពក្រីក្រ ដែលមានប័ណ្ណសមធម៌។ 
 
រដ្ឋត្រូវយកចិត្តទុកដាក់ ជួយលើកកម្ពស់ជីវភាពរស់នៅរបស់ជនពិការឲ្យបានសមរម្យ ស្របតាមស្ថានភាពសេដ្ឋកិច្ចជាតិ។ រដ្ឋត្រូវមានវិធានការចាំបាច់នានា ដើម្បីបំផុសលើកទឹកចិត្តពលរដ្ឋ សប្បុរសជន និងអង្គការសង្គមស៊ីវិល ឲ្យចូលរួមជួយឧបត្ថម្ភដល់ជនពិការភាព។ នេះជាកាតព្វកិច្ចរបស់រដ្ឋ ដែលយោងតាមច្បាប់ស្ដីពី កិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ ។
 
មាត្រា១០ និង១១ ហើយមាត្រា១២នៃច្បាប់នេះ បានសង្កត់ធ្ងន់ថា រដ្ឋត្រូវរៀបចំគោលនយោបាយផ្គត់ផ្គង់ និងមានថវិកាប្រចាំឆ្នាំដើម្បីជួយឧបត្ថម្ភដល់ជនពិការ។  លើសពីនេះ កម្ពុជាក៏ចូលជាភាគី នៃអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពី សិទ្ធិជនពិការ​ដែរ។ ច្បាប់ទាំងពីរនេះ គឺផ្ដោតសំខាន់លើការជួយគាំពារផ្នែកសេដ្ឋកិច្ច ការអប់រំចំណេះ និងជំនាញ៕ 
 
 

Tag:
 គាំពារសង្គម
  ជនពិការ
© រក្សាសិទ្ធិដោយ thmeythmey.com