ជាតិ
សង្គមជាតិ
បុគ្គលិកណាហ្កា បន្តតវ៉ា, អាជ្ញាធរ បន្តចាត់វិធានការ
22, Feb 2022 , 4:59 pm        
រូបភាព
បុគ្គលិកណាហ្កាវើលដ៍ ប្រមូលផ្តុំគ្នា ត្រៀមទៅតវ៉ានៅជិតក្រុមហ៊ុនណាហ្កាវើលដ៍ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ តែត្រូវអាជ្ញាធារទប់ស្កាត់។ រូបពី CCHR
បុគ្គលិកណាហ្កាវើលដ៍ ប្រមូលផ្តុំគ្នា ត្រៀមទៅតវ៉ានៅជិតក្រុមហ៊ុនណាហ្កាវើលដ៍ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ តែត្រូវអាជ្ញាធារទប់ស្កាត់។ រូបពី CCHR
ទោះរងការព្រមានយ៉ាងណា បុគ្គលិកណាហ្កាវើលដ៍ នៅតែបន្តចេញតវ៉ា។ អាជ្ញាធរ មិនទាន់មានដោះស្រាយណាផ្សេង ក្រៅពីការចាត់វិធានការលើពួកគេឡើយ។

 

ក្រោយធ្វើតេស្ត២លើក ដោយលទ្ធផលបង្ហាញថា គ្មានជំងឺកូវីដ-១៩ និងបានបញ្ចប់់ការធ្វើចត្តាឡីស័កនៅផ្ទះរៀងៗខ្លួនអស់រយៈពេលកន្លះខែរួចមក បុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្កាវើលដ៍ ក៏បបួលគ្នាចេញតវ៉ានឹងក្រុមហ៊ុនរបស់ពួកឡើងវិញភ្លាម នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។ ការប្រមូលផ្តុំរបស់ពួកគេ មិនបានប្រព្រឹត្តទៅដោយស្រួល និងបានរយៈពេលយូរឡើយ ដោយអាជ្ញាធរ បានទៅរារាំងដូចរាល់ដង។

តាមរយៈវីដេអូ ដែលត្រូវបង្ហោះលើបណ្តាញសង្គម ពួកគេ មិនទាន់ទៅដល់ជិតរបងក្រុមហ៊ុនណាហ្កាវើលដ៍ផង ពួកគេ ក៏ត្រូវអាជ្ញា ចាប់ដាក់ក្នុងរថយន្តក្រុង ហើយដឹកយកដាក់នៅមណ្ឌលចត្តាឡីស័ក ដែលស្ថិតក្នុងបរិវេណសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍។ សហជីពទ្រទ្រង់បុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្កាវើលដ៍ បានចេញថ្លែងការណ៍មួយ នៅថ្ងៃ២២ ខែកុម្ភៈ ឆ្នាំ២០២២ ដើម្បីបំភ្លឺពីការរារាំង និងការចាប់បុគ្គលិកណាហ្កាវើលដ៍ យកទៅមណ្ឌលចត្តាឡីស័ក។ 
 
សេចក្តីថ្លែងការណ៍ បានសរសេរថា ពេលចាប់បុគ្គលិកណាហ្កាវើលដ៍ ដាក់ក្នុងរថយន្ត អាជ្ញាធរ បានប្រើហិង្សាលើពួកគេ។ សេចក្តីថ្លែងការណ៍ បានឲ្យដឹងទៀតថា ពេលទៅដល់មណ្ឌលចត្តាឡីស័ក បុគ្គលិកណាហ្កាវើលដ៍៦៤នាក់ (ប្រុស៨នាក់) ត្រូវបានតម្រូវឲ្យធ្វើតេស្តសាជាថ្មី បើទោះបីពួកគេ ប្រឹងបរិយាយប្រាប់អាជ្ញាធរថា ពួកគេ បានធ្វើតេស្តរួចហើយក្តី។ ក្រោយចរចាគ្នាយ៉ាងយូរ បុគ្គលិកណាហ្កាវើលដ៍ បានព្រមធ្វើតេស្ត។ បើតាមសេចក្តីថ្លែងការណ៍ដដែល ក្រៅពីធ្វើតេស្ត ពួកគេ ត្រូវបានតម្រូវឲ្យផ្តិតមេដៃលើកិច្ចសន្យាថែមទៀត។ 
 
មានវីដេអូមួយផ្សេងទៀត ដែលបង្ហាញពីទិដ្ឋភាពបុគ្គលិកណាហ្កាវើលដ៍ផ្តិតមេដៃលើកិច្ចសន្យា ត្រូវបានបង្កោះលើបណ្តាញសង្គម។ ស្រ្តីម្នាក់ជាបុគ្គលិកណាហ្កាវើដ៍ និងជាអ្នកថតវីដេអូនោះ បាននិយាយក្នុងវីដេអូរបស់ខ្លួនថា៖«កិច្ចសន្យាបែបបង្ខំ ទាល់តែស៊ីញ៉េហើយ បានអាចទៅផ្ទះបាន ហើយអ្នកជំងឺ [កូវីដ-១៩] ទាល់តែធ្វើកិច្ចសន្យា បានយកទៅព្យាបាល...»។  
 
ក្នុងសេចក្តីថ្លែងការណ៍ សហជីពទ្រទ្រង់បុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្កាវើលដ៍ បានហៅកិច្ចសន្យានោះ ថាផ្ទុយពីស្មារតីនៃច្បាប់ការងារ។ បុគ្គលិកណាហ្កាវើលដ៍ ប្រកាសតាមរយៈសេចក្តីថ្លែងការណ៍ថា៖«បើទោះបីជាមានផលវិបាក ការរំខានឥតឈប់ឈរក្តី ក៏យើងខ្ញុំ មិនបោះបង់ឡើយ។ យើងខ្ញុំ ជាកូដករ សូមបង្ហាញជំហរថា យើងខ្ញុំ នៅតែបន្តធ្វើកូដកម្ម ដោយការប្រើប្រាស់សិទ្ធិស្របច្បាប់ ដែលមានការចែងក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងអនុសញ្ញាអង្គការពលកម្មអន្តរជាតិ»។  

ហេតុផលធំបំផុតរបស់អាជ្ញាធរភ្នំពេញ ដែលរារាំងបុគ្គលណាហ្កាវើលដ៍ មិនឲ្យប្រមូលផ្តុំគ្នា មានតែម្យ៉ាងគត់ គឺដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ពិសេសជំងឺកូវីដ-១៩ប្រភេទថ្មីអូមីក្រុង ដែលកំពុងវាយលុកខ្លាំងក្នុងសហគមន៍។ ការពិន័យប្រាក់ និងការចាប់ដាក់ពន្ធនាគារ សុទ្ធតែជាសារព្រមាន ដែលអាជ្ញាធរភ្នំពេញ ប្រើទៅកាន់បុគ្គលិកណាហ្កាវើលដ៍។ 
 
មិនមែនព្រមានចោលទេ ពិតជាមានការចាប់ខ្លួនបុគ្គលិណាហ្កាវើលដ៍ជាក់ស្តែងមែន ហើយបច្ចុប្បន្ន ពួកគេ កំពុងជាប់ឃុំបណ្តោះអាសន្ន។ អ្នកកំពុងជាប់ឃុំទាំងនោះ មាន១១នាក់ ដែលជាបុគ្គលិកណាហ្កាវើលដ៍ ហើយក៏ជាតំណាងរបស់បុគ្គលិកណាហ្កាវើលដ៍ដែរ។
 
នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ គឺក្នុងថ្ងៃដែលបុគ្គលិកណាហ្កាវើលដ៍ ប្រមូលផ្តុំគ្នាឡើងវិញ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងមួយ ដោយបកស្រាយថា បុគ្គលិកណាហ្កាវើលដ៍ មិនត្រឹមតែមិនអនុវត្តវិធានការសុខាភិបាលទេ តែពួកគេ នៅតែចចេសរឹងរូស និងបន្តប្រមូលផ្តុំគ្នាយ៉ាងអនាធិបតេយ្យ ដែលបង្កឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ ពិសេសអាចបង្កការរាលដាលជំងឺកូវីដ-១៩ធ្ងន់ធ្ងរក្នុងសហគមន៍។

រដ្ឋបាលរាជធានីភ្នំពេញ អះអាងថា អាជ្ញាធរ គ្មានជម្រើសអ្វីក្រៅពីអនុវត្តវិធានការរដ្ឋបាលឡើយ ដោយបានអញ្ជើញបុគ្គលិកណាហ្កាវើលដ៍៦៤នាក់ ទៅមណ្ឌលចត្តាឡីស័ក ដើម្បីផ្ទៀងផ្ទាត់ឈ្មោះពួកគេ ដែលមិនទាន់បានធ្វើតេស្តរកជំងឺកូវីដ-១៩លើកទី២។ ក្នុងករណីផ្ទៀងផ្ទាត់ឃើញមានអ្នកដែលមិនទាន់ធ្វើតេស្តលើកទី២ ពួកគេ ត្រូវតម្រូវឲ្យធ្វើតេស្តលើកទី២។ 
 
បុគ្គលិកណាហ្កាវើលដ៍ បបួលគ្នាចេញតវ៉ានឹងក្រុមហ៊ុនណាហ្កាវើលដ៍របស់ពួកគេ ចាត់តាំងពីខែធ្នូ ឆ្នាំ២០២១មក។ គោលបំណងរបស់ពួកគេ គឺចង់ឲ្យក្រុមហ៊ុន ទទួលយកបុគ្គលិក៣៦៥នាក់ជាគ្នារបស់ពួកគេ ដែលត្រូវបានបញ្ឈប់ពីការងារ បានចូលធ្វើការងារវិញ។ ជាមួយគ្នានេះ ការដោះលែងតំណាងរបស់ពួកគេទាំង១១នាក់ ក៏ស្ថិតក្នុងការទាមទាររបស់ពួកគេដែរ។ 
 
បុគ្គលិកណាហ្កាវើលដ៍ ទទូចសុំឲ្យអាជ្ញាធរ បញ្ឈប់ការរំខានលើការអនុវត្តសិទ្ធិរបស់ពួកគេ ហើយអនុញ្ញាតឲ្យពួកគេ ប្រមូលផ្តុំគ្នានៅក្បែរក្រុមហ៊ុនណាហ្កាវើលដ៍១ និងណាហ្កាវើលដ៍២។ រដ្ឋបាលរាជធានីភ្នំពេញ ទទូចសុំត្រឡប់ទៅវិញ ឲ្យបុគ្គលិកណាហ្កាវើលដ៍ សហការជាមួយអាជ្ញាធរ ក្នុងការអនុវត្តច្បាប់ស្តីពីបាតុកម្មដោយសន្តិភាព និងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩ ពិសេសជំងឺកូវីដ-១៩ប្រភេទអូមីក្រុង៕   
 
 

Tag:
 បុគ្គលិកណាហ្កាវើលដ៍
© រក្សាសិទ្ធិដោយ thmeythmey.com