ជាតិ
សង្គមជាតិ
គ្រោះថ្នាក់សង្គមថយចុះ៦ភាគរយ ខណៈអ្នកស្លាប់កើនជាង២០០នាក់ នៅឆ្នាំ២០២១
22, Feb 2022 , 8:59 pm        
រូបភាព
ភ្នំពេញ៖ ឆ្នាំ២០២១ គ្រោះថ្នាក់សង្គមនៅកម្ពុជា បានកើតឡើងចំនួន៧៣៤៧លើក ក្នុងនោះមានទាំងគ្រោះថ្នាក់ចរាចរណ៍ អគ្គិភ័យ និងផ្ទុះអាវុធជាដើម។ ចំនួនគ្រោះថ្នាក់សង្គមនេះ បានថយចុះ៤៧១លើក ស្មើនឹង៦ភាគរយ ខណៈអ្នកស្លាប់បានកើនចំនួន២៥៩នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។

 
តាមរបាយការណ៍ដដែល ក្នុងចំណោមគ្រោះថ្នាក់សង្គមសរុបនៅកម្ពុជា រយៈពេល១ឆ្នាំកន្លងមកនេះ មានអ្នករងរបួស ថយចុះ៦៤៤នាក់។ លោកឧត្តមសេនីយ៍ ប៉ោ ភក្ដិ បានបញ្ជាក់ថា ក្នុងចំណោមគ្រោះថ្នាក់សង្គមសរុបនោះ មានគ្រោះថ្នាក់ចរាចរណ៍ ២៦៥៤លើក បណ្ដាលឱ្យមនុស្សស្លាប់១៤៨៥នាក់ និងរបួស៣៥៩៧នាក់។
 
ក្រៅពីនេះ មានអគ្គិភ័យ៦៧០លើក បណ្ដាលឱ្យមនុស្សស្លាប់១៨នាក់ និងរបួស៣៥នាក់។ ចំណែកឯ ករណីឆេះផ្ទះ និងតូបលក់ដូរ ចំនួន៧០៣ និងករណីផ្ទុះអាវុធ បានកើតឡើងចំនួន៣១លើក ស្លាប់មនុស្ស៩នាក់ និងរបួស៣០នាក់។ រីឯគ្រោះថ្នាក់ផ្សេងៗ មានចំនួន៣៩៩២លើក បណ្ដាលឱ្យមនុស្សស្លាប់៣៥៧១នាក់ និងរបួស៥៤២នាក់។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃដដែល។
 
ទន្ទឹមនឹងនេះ ក្រសួងមហាផ្ទៃ ក៏បានចាត់វិធានការបង្ការ ទប់ស្កាត់ និងសង្គ្រោះនានា ដោយជំរុញរៀបចំក្របខណ្ឌគតិយុត្ត និងធ្វើការផ្សព្វផ្សាយ រឹតបន្តឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស ក្នុងនោះបានត្រួតពិនិត្យលើយានយន្តសរុប២ ០៩៥ ៩៣១គ្រឿងផងដែរ៕
 

Tag:
 គ្រោះថ្នាក់
© រក្សាសិទ្ធិដោយ thmeythmey.com