ជាតិ
សេដ្ឋកិច្ច
កម្ពុជា និងអ៊ីរ៉ង់ ឯកភាពជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ឱ្យបានខ្ពស់មួយកម្រិតទៀត
23, Feb 2022 , 11:25 am        
រូបភាព
ភ្នំពេញ៖ កម្ពុជា និងអ៊ីរ៉ង់ បានឯកភាពគ្នា ជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ឱ្យបានខ្ពស់មួយកម្រិតទៀត។ លោក ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និងលោក អាលី អាកបា ណាហ្សារី (Ali Akbar Nazari) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចំាកម្ពុជា (និវេសនដ្ឋាននៅទីក្រុងហាណូយ) បានពិភាក្សាពីលទ្ធភាពពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ កាលពីថ្ងៃទី២២ កុម្ភៈ។


លោក ពេជ ឫទ្ធី បានរៀបរាប់ពីកាលានុវត្តភាពវិនិយោគ និងបរិយាកាសធុរកិច្ចនៅកម្ពុជា ដែលមានលក្ខណៈអំណោយផលដល់វិនិយោគិន និងធុរជនក្នុងស្រុកនិងបរទេស ប្រកបដោយបរិយាប័ន្ន និងចីរភាព។ 
 
រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មរូបនេះ បានជំរុញឱ្យវិនិយោគិនអ៊ីរ៉ង់ ចាប់យកឱកាសផ្នែកសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈការបង្កើតផលិតកម្ម ឬការចូលរួមក្នុងខ្សែច្រវ៉ាក់ផលិតកម្មក្នុងតំបន់ ឬការវិនិយោគ ដើម្បីអាចប្រើប្រាស់ពិពិធកម្មទីផ្សារសម្រាប់ការនាំចេញ ផ្តល់ដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលកម្ពុជាសម្រេចបានក្នុងក្របខណ្ឌទ្វេភាគីរវាងកម្ពុជា-ចិន និងកម្ពុជា-កូរ៉េ ,ក្របខណ្ឌអាស៊ានបូកដៃគូ និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយតំបន់ (RCEP)។ លោក ពេជ ឫទ្ធី ជំរុញឱ្យវិនិយោគិនអ៊ីរ៉ង់ វិនិយោគលើផលិតផលសក្តានុពលរបស់កម្ពុជា រួមមាន៖ អង្ករ កៅស៊ូ ដំឡូង ចេក ស្វាយ ទំនិញសម្រាប់ការធ្វើដំណើរ កង់ និងវាយនភ័ណ្ឌជាដើម។
 
ក្រសួងពាណិជ្ជកម្ម បានស្រង់សម្តីលោក ពេជ ឫទ្ធី ដែលពន្យល់ប្រាប់ឯកអគ្គរដ្ឋទូតអ៊ីរ៉ង នៅលើហ្វេសប៊ុកដូច្នេះថា៖«តាមរយៈតួនាទីការទូតដ៏មានសារៈសំខាន់ផ្សារភ្ជាប់នឹងចក្ខុវិស័យវែងឆ្ងាយរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត     ភាគីទាំងពីរនឹងមានលទ្ធភាពពង្រឹងទំនាក់ទំនងទ្វេភាគី ជាពិសេសពង្រីកកិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែខ្ពស់មួយកម្រិតទៀត»។
 
លោក អាលី អាកបា ណាហ្សារី (Ali Akbar Nazari) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចំាកម្ពុជា ប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែទូលាយថែមទៀត។ លោក អាលី កត់សម្គាល់ថា ប្រទេសទាំងពីរសុទ្ធសឹងតែមានសក្តានុពល ជាពិសេសក្នុងវិស័យពាណិជ្ជកម្ម ដែលអាចបំពេញឱ្យគ្នាទៅវិញទៅមក តាមរយៈការផ្លាស់ប្តូរផលិតផលសក្តានុពល និងការផ្តល់ច្រកទីផ្សារ សម្រាប់ការនាំចេញទៅក្នុងតំបន់មជ្ឈឹមបូព៌ា និងអាស៊ាន ដែលមានប្រជាជនសរុបប្រមាណ ១,២០០ លាននាក់។ 
 
ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចំាកម្ពុជារូបនេះ ក៏បង្ហាញពីចំណាប់អារម្មណ៍លើកិច្ចសហប្រតិបត្តិការជាសារវ័ន្ត រួមមាន៖ តំបន់សេដ្ឋកិច្ចពិសេស ការវិនិយោគ និងកិច្ចសហការរវាងសភាពាណិជ្ជកម្មទ្វេរភាគី។ ជាពិសេសការផ្គត់ផ្គង់មុខទំនិញសក្តានុពលរបស់អ៊ីរ៉ង់រួមមាន៖ ថ្នាំពេទ្យ ប្រេងនិងឧស្ម័ន និងឥន្ធនៈ។
 
លោក អាលី បានស្នើឱ្យកម្ពុជា ពិនិត្យលទ្ធភាពបង្កើតគណៈកម្មាធិការសេដ្ឋកិច្ចចម្រុះរួមគ្នាមួយ ដើម្បីអាចប្រើប្រាស់ជាក្របខណ្ឌសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដែលភាគីអ៊ីរ៉ង់ ធ្លាប់បានអនុវត្តជាមួយថៃ វៀតណាម ម៉ាឡេស៊ី ចិន និងរុស្ស៊ី កន្លងមក។ «តាមរយៈក្របខណ្ឌនៃគណៈកម្មាធិការសេដ្ឋកិច្ចចម្រុះនេះ ភាគីទាំងពីរអាចពង្រីកកិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យដែលជាសក្តានុពល សំដៅបម្រើដល់ខឿនអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិរបស់ប្រទេសទាំងពីរ»។ នេះបើតាមក្រសួងពាណិជ្ជកម្ម ដែលបានស្រង់សម្តីឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចំាកម្ពុជា។
 
ក្រសួងពាណិជ្ជកម្មកម្ពុជា នឹងពិចារណាលើសំណើររបស់ភាគីអ៊ីរ៉ង់ រួមទាំងជួយសម្របសម្រួលកិច្ចសហប្រតិបត្តិការក្នុងវិស័យសក្តានុពលដទៃទៀតនាពេលអនាគត ដើម្បីលើកកម្ពស់ធុរកិច្ចនិងវិនិយោគ ជាពិសេសការពង្រឹងភាពជាដៃគូបំពេញឱ្យគ្នាទៅវិញទៅមក។ «រាជរដ្ឋាភិបាលកម្ពុជាបើកជំហរ និងស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការ ដែលអាចចូលរួមចំណែកក្នុងបច្ច័យនៃការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព សម្រាប់ប្រជាជាតិទាំងមូល»។ នេះជាការអះអាងរបស់លោក ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម៕
 
 

Tag:
 សេដ្ឋកិច្ច
  ពាណិជ្ជកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com