ជាតិ
សង្គមជាតិ
កម្ពុជា នៅសល់ផ្ទៃដីមានមីន សំណល់ជាតិផ្ទុះ និងគ្រាប់បែកចង្កោម ជិត២ពាន់គីឡូម៉ែត្រការ៉េទៀត
24, Feb 2022 , 8:59 am        
រូបភាព
សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់ថា កម្ពុជាត្រូវបោសសម្អាតផ្ទៃដីដែលមានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងគ្រាប់បែកចង្កោម ជាង២ ០០០គីឡូម៉ែត្រការ៉េទៀត ដើម្បីសម្រេចបាននូវចក្ខុវិស័យ តាមផែនការយុទ្ធសាស្ត្រជាតិ «កម្ពុជាមួយគ្មានមីនឆ្នាំ២០២៥»។ ក្នុងចំណោមផ្ទៃដីទាំងនោះ ផ្ទៃដីមានមីន ដែលត្រូវបោសសម្អាតមានចំនួន ៧៩៤គីឡូម៉ែត្រការ៉េ និងសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងគ្រាប់បែកចង្កោមចំនួន ១ ២៤០គីឡូម៉ែត្រការ៉េ។

 
នៅក្នុងសារអបអរខួបលើកទី២៣ នៃទិវាជាតិយល់ដឹងអំពីមីន ២៤កុម្ភៈ ប្រមុខរដ្ឋាភិបាល បានបន្ថែមទៀតថា ការងារអប់រំកាត់បន្ថយគ្រោះថ្នាក់ដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម នៅតែជាកិច្ចការដ៏ចាំបាច់មួយ ក្នុងការកាត់បន្ថយគ្រោះថ្នាក់ និងផលប៉ះពាល់អវិជ្ជមាន ដោយសារគ្រឿងផ្ទុះ នៅតាមសហគមន៍ដែលយើងត្រូវតែយកចិត្តទុកដាក់។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានបន្តការប្តេជ្ញាចិត្តរបស់ខ្លួន យកចិត្តទុកដាក់ដោះស្រាយបញ្ហាដែលបង្កឡើងដោយសារមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមផងដែរ។
 
ទន្ទឹមនឹងការប្តេជ្ញានេះ សម្តេច ហ៊ុន សែន ក៏បានយកឱកាសខួសលើកទី២៣នេះ ដើម្បីរំឭកដល់ជនរួមជាតិ ពិសេសអ្នកដែលកំពុងរស់នៅ ក្នុងតំបន់ដែលរងផលប៉ះពាល់ដោយសារមីន គ្រាប់បែចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាម ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះថ្នាក់ដែលបង្កឡើងដោយសារគ្រឿងផ្ទុះទាំងនោះ។ សម្រាប់ សម្តេច ហ៊ុន ការបាត់បង់ជីវិត ពិការ និងរបួសរបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកដោះមីន គឺជាទុក្ខសោក និងជាការសោកស្តាយបំផុតសម្រាប់ប្រទេសជាតិទាំងមូល។
 
«សង្គ្រាមបានបន្សល់នូវគ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ពីសង្គ្រាមយ៉ាងច្រើនសន្ធឹកសន្ទាប់ ដែលបានបណ្តាលឱ្យប្រជាពលរដ្ឋរាប់ម៉ឺននាក់រងរបួស ធ្លាក់ខ្លួនពិការ និងស្លាប់បាត់បង់ជីវិត ព្រមទាំងបង្កនូវសោកនាដកម្ម ដែលមិនធ្លាប់កើតមានពីមុនមក និងរាំងស្ទះដល់ការអភិវឌ្ឍន៍ប្រទេស»។ នេះជាប្រសាសន៍របស់ សម្តេច នាយករដ្ឋមន្ត្រី នៅក្នុងលិខិតអបអរខួបលើកទី២៣ នៃទិវាជាតិយល់ដឹងអំពីមីន  មុននឹងរំឭកពី ការដាក់ចេញនូវនយោបាយ«ឈ្នះ-ឈ្នះ» នៅចុងឆ្នាំ១៩៩៨ ដែលអនុញ្ញាតឱ្យកម្ពុជាមានលទ្ធភាពបង្រួបបង្រួមជាតិ នាំមកនូវស្ថិរភាពនយោបាយ សុខសន្តិភាព និងសុវត្ថិភាពពេញលេញទូទាំងប្រទេស និងការអភិវឌ្ឍន៍លើគ្រប់វិស័យ។ 
 
បើតាមសម្តេច ហ៊ុន សែន សមិទ្ធផលលើវិស័យសកម្មភាពកម្ចាត់មីន ក៏បានចូលរួមចំណែកយ៉ាងសំខាន់ ដល់កិច្ចការពារសន្តិភាព និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិដែរ។ 
 
គិតចាប់ពីឆ្នាំ១៩៩ ដល់ឆ្នាំ២០២១  ផ្ទៃដីទំហំ ២ ៣២៥គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតសម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល ហើយមានប្រជាពលរដ្ឋទទួលផលចំនួន ៧ ៣២២ ៥៣៦នាក់។ ជាមួយគ្នានេះ មីនប្រឆាំងរថក្រោះចំនួន ២៥ ៩១៨គ្រាប់ និងសំណល់ជាតិផ្ទុះពីសង្គ្រាម រាប់បញ្ចូលទាំងគ្រាប់បែកចង្កោមចំនួន ២ ៩៧៧ ២៦៧គ្រាប់ ត្រូវបានរកឃើញ និងបំផ្លាញចោល។ នេះបើតាមសារលិខិតដដែល ដែលបានឱ្យដឹងទៀតថា ចំនួនជនរងគ្រោះដោយសារមីន ក៏បានថមថយចុះពី ៤ ៣២០នាក់ ក្នុងឆ្នាំ១៩៩៦ មកត្រឹម ៤៤នាក់ប៉ុណ្ណោះ ក្នុងឆ្នាំ២០២១កន្លងទៅ។
 
ក្រៅពីកិច្ចប្រឹងប្រែងបោសសម្អាតមីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ នៅក្នុងប្រទេស កម្ពុជាក៏បានចូលរួមយ៉ាងសកម្ម ក្នុងការជួយដល់បណ្តាប្រទេសដែលរងផលប៉ះពាល់ដូចគ្នា តាមរយៈការបញ្ជូនកងកម្លាងរក្សាសន្តិភាព ចំនួន៧ ៨៩៩នាក់ ក្នុងនោះស្ត្រីចំនួន ៥២៨នាក់  ឱ្យបំពេញបេសកកម្ម នៅក្រោមឆ័ត្រអង្គការសហប្រជាជាតិ ក្នុងប្រទេសចំនួន៩ ផងដែរ រួមមាន ប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ ស៊ីប ស៊ីរ៊ី យេម៉ែន ឆាដ ម៉ាលី និងអាហ្វ្រិកកណ្តាល៕
 

Tag:
 មីន
  គ្រាប់បែកចង្កោម
© រក្សាសិទ្ធិដោយ thmeythmey.com