ជាតិ
ក្រសួងស្នើអាជ្ញាធរមូលដ្ឋានបញ្ឈប់អាជីវកម្មទេសចរណ៍ណា មិនគោរពវិធានសុវត្ថិភាព
24, Feb 2022 , 11:14 am        
រូបភាព
រូបភាព៖ ក្រសួងទេសចរណ៍
រូបភាព៖ ក្រសួងទេសចរណ៍
ដោយ៖ ហេង ស្រីលីន

ភ្នំពេញ៖ ក្រសួងទេសចរណ៍ ស្នើអាជ្ញាធរមូលដ្ឋានបញ្ឈប់អាជីវកម្មណា មិនអនុវត្តច្បាប់ស្តីពីវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ខណៈជំងឺកាចសាហាវនេះបន្តកើនឡើង។ លើសពីនេះ មន្ទីរទេសចរណ៍រាជធានី-ខេត្ត និងម្ចាស់ជីវកម្មទេសចរណ៍ទាំងអស់ត្រូវពង្រឹងអនាម័យ និងមិនត្រូវទទួលភ្ញៀវលើសចំនួនកំណត់។

 
បើតាមសារាចរណែនាំរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី២១កុម្ភៈ ឆ្នាំ២០២១ ជំងឺកូវីដ-១៩ បំប្លែងថ្មីអូមីក្រុងបន្តកើនឡើងជាបន្តបន្ទាប់នៅក្នុងប្រទេសកម្ពុជា។ ការណ៍នេះធ្វើឱ្យ ក្រសួងទេសចរណ៍ចេញសារាចរណែនាំ ឱ្យមន្ទីរទេសចរណ៍នានាបន្តពង្រឹងវិធានសុវត្ថិភាព ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩បំប្លែងថ្មីប្រភេទអូមីក្រុង ក្នុងសហគមន៍។
 
ក្នុងសារាចរចំនួន២ទំព័រនេះ ក្រសួងទេសចរណ៍ ក៏បានណែនាំឱ្យអាជីវកម្មទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍ទាំងអស់កុំទទួលភ្ញៀវលើសចំនួនកំណត់ និងហាមការជួបជុំផឹកស៊ី បង្កឱ្យមានហានិភ័យការឆ្លងជំងឺកូវីដ-១៩ ខុសពីគោលការណ៍ក្រសួងសុខាភិបាល ។ សម្រាប់អាជីវកម្មទេសចរណ៍ ឬរមណីយដ្ឋានណា មិនអនុវ​ត្តវិធានសុខាភិបាលត្រឹមត្រូវ ក្រសួងទេសចរណ៍ ឱ្យមន្ទីរទេសចរណ៍តាមរាជធានី-ខេត្ត ស្នើអាជ្ញាធរមូលដ្ឋាន​បិទ អាជីវកម្មនោះជាកំហិត។
 
ក្រៅពីអនុវត្តវិធានសុវត្ថិភាព អាជីវកម្មទេសចរណ៍ទាំងអស់ត្រូវពង្រឹងការរក្សាអនាម័យ សមត្ថភាពបុគ្គលិក និងផលិតផលទេសចរណ៍បន្ថែមទៀត ខណៈភ្ញៀវទេសចរជាតិ និងទេសចរបរទេសផ្ទៃក្នុងចាប់ផ្ដើមដើរកម្សាន្តឡើងវិញ ក្រោយរដ្ឋាភិបាលប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍២០កុម្ភៈ។
 
គួរបញ្ជាក់ផងដែរថា មកទល់ពេលនេះ ចំនួនអ្នកឆ្លងកូវីដ-១៩ នៅកម្ពុជាកើនដល់ ១២៨ ១៣៣នាក់ ដោយក្នុងនោះ ករណីអូមីក្រុងក្នុងសហគមន៍ មាន៦៩៣២នាក់។ ដោយឡែក អ្នកជាសះស្បើយពីជំងឺនេះមានដល់ ១២១ ៥៥៣នាក់ ផងដែរ៕
 

Tag:
 ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com