ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេដឹកនាំកម្ពុជា ចង់ឃើញរុស្ស៊ី និងអ៊ុយក្រែន ដោះស្រាយជម្លោះដោយសន្តិវិធី
25, Feb 2022 , 12:19 pm        
រូបភាព
រូបរង្វល់មូល គឺសម្តេច ហ៊ុន សែន ទៅចូលរួមធ្វើជាអធិបតីក្នុងពិធីរម្លឹកខួប៦៨ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលពិធីរម្លឹកខួប៦៨ឆ្នាំនេះ ត្រូវបានរៀបចំឡើងក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ និងទិដ្ឋភាពផ្សែងខ្មៅ ដែលកើតចេញពីការផ្ទុះអាវុធនៅក្នុងក្រុង Chuguev នៃខេត្ត Kharkiv ប្រទេសអ៊ុយក្រែន បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក ពូទីន ប្រកាសវាយប្រហារអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ រូបពី AFP
រូបរង្វល់មូល គឺសម្តេច ហ៊ុន សែន ទៅចូលរួមធ្វើជាអធិបតីក្នុងពិធីរម្លឹកខួប៦៨ឆ្នាំនៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលពិធីរម្លឹកខួប៦៨ឆ្នាំនេះ ត្រូវបានរៀបចំឡើងក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩ និងទិដ្ឋភាពផ្សែងខ្មៅ ដែលកើតចេញពីការផ្ទុះអាវុធនៅក្នុងក្រុង Chuguev នៃខេត្ត Kharkiv ប្រទេសអ៊ុយក្រែន បន្ទាប់ពីប្រធានាធិបតីរុស្ស៊ី លោក ពូទីន ប្រកាសវាយប្រហារអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ រូបពី AFP
មេដឹកនាំកំពូលរបស់កម្ពុជា គឺសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងថា សម្តេច ចង់ឲ្យឃើញរុស្ស៊ី និង អ៊ុយក្រែន ចូលតុចរចាស្វែងរកដំណោះស្រាយតាមផ្លូវសន្តិវិធីជាមួយគ្នា។ ការថ្លែងរបស់សម្តេច ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយលោក ដាតូ ស្រ៊ី អ៊ីស្មាអ៊ិល សាប្រ៊ី ប៊ីន យ៉ាកុប (Dato Sri Ismail Sabri Bin Yaakob) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅវិមានសន្តិភាព រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បន្ទាប់ពីនាយករដ្ឋមន្រ្តីទាំង២ បញ្ចប់កិច្ចពិភាក្សាជាមួយគ្នារួច។



សម្តេច ហ៊ុន សែន ប្រាប់អ្នកកាសែតថា ក្នុងជំនួបជាមួយគ្នា សម្តេច និងលោក អ៊ីស្មាអ៊ិល បានពិភាក្សាគ្នាពីជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។ សម្តេចប្រមុខរដ្ឋាភិបាលកម្ពុជា លើកឡើងថា សម្តេច និង លោក អ៊ីស្មាអ៊ិល សុទ្ធតែចង់ឃើញដំណោះស្រាយតាមផ្លូវសន្តិវិធីរវាងរុស្ស៊ី និងអ៊ុយក្រែន។ លោកនាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានធ្វើទស្សនកិច្ចនៅកម្ពុជា ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ 
 
មេដឹកនាំកម្ពុជា បញ្ជាក់ថា៖«ពិតហើយ អ្វីដែលយើងចង់ឃើញ គឺដំណោះស្រាយដោយសន្តិវិធី។...ប៉ុន្តែ ព្រឹត្តិការនៅអ៊ុយក្រែន យើង ត្រូវយកមកពិភាក្សាក្នុងភាពស្ងាត់ស្ងៀម។ ឯកឧត្តមនាយករដ្ឋមន្រ្តី អ៊ីស្មាអ៊ិល និងខ្ញុំ គឺបានយល់ស្របគ្នាថា ទាមទារនូវកិច្ចសន្ទនា និងដំណោះស្រាយដោយសន្តិវិធី»។


សម្តេច ហ៊ុន សែន និង លោក អ៊ីស្មាអ៊ិល ស្ថិតក្នុងសន្និសីទសារព័ត៌មាន នៅវិមានសន្តិភាព កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

យ៉ាងណាក៏ដោយ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកំពុងកាន់តំណែងជាប្រធានអាស៊ានឆ្នាំ២០២២នេះ អះអាងថា អាស៊ាន មិនមានកុងស៊ុងស៊ិស ដើម្បីចេញសេចក្តីថ្លែងការណ៍ស្តីពីជម្លោះរុស្ស៊ី និងអ៊ុយក្រែនឡើយ។ សម្តេច បន្តថា រាល់ការចេញសេចក្តីថ្លែងការណ៍ណាមួយ អាស៊ាន ចាំបាច់ត្រូវមានសំឡេងរួម (កុងស៊ុងស៊ិស)។ ប្រធានអាស៊ានឆ្នាំ២០២២ សង្កត់ធ្ងន់ថា៖«ខ្ញុំ ជាមួយឯកឧត្តមនាយករដ្ឋមន្រ្តី អ៊ីស្មាអ៊ិល បាននិយាយយ៉ាងច្បាស់ថា អាស៊ាន ត្រូវការសំឡេងរួមគ្នា ទើបអាស៊ានខ្លាំង»។ 
 
ពិភពលោកទាំងមូល កំពុងចោលភ្លែកទៅមើលជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន។ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ លោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានសម្រេចធ្វើប្រតិបតិការសឹកវាយប្រហារទៅលើអ៊ុយក្រែន និងបានចូលកាន់កាប់តំបន់ផលិតថាមពលនុយក្លេអ៊ែឆឺណូប៊ីលរបស់អ៊ុយក្រែន (Chernobyl Nuclear Power Plants)។ មេដឹកនាំតាមបណ្តាប្រទេសធំៗផ្នែកលោកសេរី បាននាំគ្នាថ្កោលទោស និងដាក់ទណ្ឌកម្មលើរុស្ស៊ី ហើយស្នើឲ្យលោក ពូន ទីន ប្រញាប់ដកទ័ពចេញពីអ៊ុយក្រែន។ 
 
ជាងនេះទៀត ប្រជាជនអ៊ុយក្រែន នៅតាមបណ្តាប្រទេសនានា បាននាំគ្នាចេញធ្វើបាតុកម្មប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៊ី ទៅលើអ៊ុយក្រែន។ មែនទែនទៅ សូម្បីប្រជាជនរុស្ស៊ីមួយចំនួន ក៏ចេញមកប្រមូលផ្តុំគ្នា ដើម្បីប្រឆាំងនឹងការធ្វើសង្គ្រាមពីសំណាក់មេដឹកនាំខ្លួន ទៅលើអ៊ុយក្រែនដែរ។ លើបណ្តាញសារព័ត៌មាន និងលើបណ្តាញសង្គម គេ ឃើញប្រជាជនតាមបណ្តាប្រទេសផ្សេងៗ រួមទាំងប្រជាជនរុស្ស៊ីផង បានបង្ហាញក្តីសេចក្តីស្រឡាញ់ និងក្តីអាណិត ចំពោះប្រជាជនអ៊ុយក្រែន ដែលកំពុងរងទុក្ខវេទនាពីសង្គ្រាមនេះ។ 
 
បុរសខ្លាំងរបស់រុស្ស៊ី លោក ពូទីន ថ្លែងតាមកញ្ចក់ទូរទស្សន៍ថា៖«អ្នកណាក៏ដោយ ឲ្យតែព្យាយាមបង្អាក់យើង [ក្នុងការប្រតិបត្តិការយោធាលើអ៊ុយក្រែន] និងគំរាមកំហែងដល់ប្រទេសយើង ប្រជាជនយើង អ្នក ត្រូវដឹងថា រុស្ស៊ី នឹងឆ្លើយតបវិញភ្លាមៗ ហើយនឹងធ្វើឲ្យអ្នក ទទួលលទ្ធផល ដែលអ្នក មិនធ្លាប់ជួបប្រទះក្នុងប្រវត្តិសាស្រ្តរបស់អ្នក។ យើង ត្រៀមខ្លួនរួចហើយ ដើម្បីទទួលលទ្ធផលគ្រប់យ៉ាង»។

លោក វូឡូឌីមៀ ហ្សេឡិនស្គី ប្រធានាធិបតីអ៊ុយក្រែន សរសេរលើបណ្តាញធ្វីតធឺថា៖«យើង នឹងផ្តល់អាវុធដល់ប្រជាជនណា ដែលចង់ចូលរួមការពារប្រទេសយើង។ ចូរត្រៀមខ្លួនទាំងអស់គ្នា ដើម្បីគាំទ្រអ៊ុយក្រែន»។
 
លោក ចូបៃ ឌិន ប្រធានាធិបតីមហាអំណាចអាម៉េរិក ប្រកាសតាមរយៈសេចក្តីថ្លែងការណ៍ថា៖«លោកប្រធានាធិបតី ពូទីន ជាអ្នកជ្រើសរើសធ្វើសង្គ្រាម ដែលនឹងនាំឲ្យបាត់បង់ជីវិតមនុស្ស និងការឈឺចាប់ដល់មនុស្សជាតិ។ រុស្ស៊ីតែមួយគត់ ដែលនឹងទទួលខុសត្រូវលើការបាត់ជីវិតមនុស្ស និងការបំផ្លិចបំផ្លាញពីការវាយប្រហារនេះ។ សហរដ្ឋអាម៉េរិក និងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាម៉េរិក នឹងឆ្លើយតបនឹងរុស្ស៊ី តាមផ្លូវមួយប្រកបដោយសាមគ្គីភាព និងឥតរារែក។ ពិភពលោក នឹងឲ្យរុស្ស៊ី ទទួលខុសត្រូវ [ចំពោះការវាយប្រហារលើអ៊ុយក្រែន]»។ 
 
រុស្សី អ៊ុយក្រែន និងប្រទេស១៣ទៀត ធ្លាប់បានផ្សារភ្ជាប់សាច់ឈាមធ្វើជាញាតិជាមួយគ្នា ដ្បិតប្រទេសទាំង១៥នេះ បានរួមគ្នាបង្កើតទៅជាប្រទេសតែ១ ដែលហៅថា សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត (សសសស) តាំងពីឆ្នាំ១៩២២ ដល់ឆ្នាំ១៩៩១។ នៅពេលបង្កើតជាសហភាពសាធារណរដ្ឋសង្គមនិយមសូវៀត រុស្ស៊ី ជាអ្នកកាន់អំណាចកណ្តាល ឬប្រៀបដូចជាបងធំរបស់រដ្ឋទាំង១៤នោះ។ 
 
នៅឆ្នាំ១៩៩១ សហភាពសាធារណរដ្ឋសង្គមនិយមសូវៀត ឬហៅខ្លីថា សហភាពសូវៀត ក៏បានដួលរលំ ហើយប្រទេសទាំង១៥ បានចែកផ្លូវគ្នាទៅប្រកាសឯករាជ្យរៀងៗខ្លួនដូចដើមវិញ។ ចាប់តាំងពីសហភាពសូវៀត ដួលរលំមក រុស្ស៊ី និងអ៊ុយក្រែន ចេះតែរកាំរកូសជាមួយគ្នារហូត ហើយទីបំផុត ប្រទេសទាំង២នេះ ក៏ផ្ទុះសង្គ្រាមជាមួយគ្នា ដោយរុស្ស៊ី ជាអ្នកចាប់ផ្តើមមុន។ ការផ្ទុះអាវុធក្នុងថ្ងៃដំបូង គឺថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ មនុស្សមិនតិចជាង១៣០នាក់ឡើយ ដែលភាគច្រើនជាយោធា និងប្រជាជនអ៊ុយក្រែន បានបាត់បង់ជីវិត៕  

Tag:
 កម្ពុជា
  រុស្ស៊ី-អ៊ុយក្រែន
© រក្សាសិទ្ធិដោយ thmeythmey.com