ជាតិ
សង្គមជាតិ
លោក នួន ផារ័ត្ន៖«គ្រឹះស្ថានសិក្សាត្រូវសហការជាមួយអាជ្ញាធរ និងមាតាបិតា ដើម្បីទប់ស្កាត់ការឆ្លងមេរោគកូវីដក្នុងសាលារៀន»
25, Feb 2022 , 12:20 pm        
រូបភាព
លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ថ្លែងនៅក្នុងកិច្ចប្រជុំអនឡាញ ជាមួយគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សារាជធានី កាលពីថ្ងៃទី២៤ កុម្ភៈ ២០២២ ។ (រូបពីហ្វេសប៊ុកលោក នួន ផារ័ត្ន)
លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ថ្លែងនៅក្នុងកិច្ចប្រជុំអនឡាញ ជាមួយគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សារាជធានី កាលពីថ្ងៃទី២៤ កុម្ភៈ ២០២២ ។ (រូបពីហ្វេសប៊ុកលោក នួន ផារ័ត្ន)
ភ្នំពេញ៖ សាលារាជធានីភ្នំពេញបានបើកកិច្ចប្រជុំជាមួយគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សារដ្ឋ និងឯកជន ដើម្បីពង្រឹងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដក្នុងសាលារៀន។ កិច្ចពិភាក្សាត្រូវបានរៀបចំតាមរយៈប្រព័ន្ធអនឡាញកាលពីនៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២នេះ។

 
លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញបានស្នើឱ្យគណៈគ្រប់គ្រងគ្រឹះស្ថានអប់រំរបស់រដ្ឋ និងឯកជនបន្តពង្រឹងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅតាមគ្រឹះស្ថានសិក្សា។ សេចក្ដីស្នើនេះត្រូវបានធ្វើឡើងក្នុងពេលដែលជំងឺកូវីដប្រភេទអូមីក្រុងកំពុងផ្ទុះឡើងនៅក្នុងរាជធានីភ្នំពេញ។
 
«សូមលោក លោកស្រី ជាគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាធ្វើជាប្រធានប្រតិបត្តិការផ្ទាល់លើការងារទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងសាលារៀនរបស់ខ្លួន។»។ នេះជាការអំពាវនាវរបស់លោកអភិបាលរងរាជធានី មុននឹងលោករំឭកឱ្យថ្នាក់គ្រប់គ្រងគ្រឹះស្ថានអប់រំក្នុងភូមិសាស្ត្ររាជធានី អនុវត្តសេចក្តីណែនាំរបស់ក្រសួងអប់រំ និងរដ្ឋបាលរាជធានីភ្នំពេញឱ្យបានម៉ឺងម៉ាត់។ 
 
ចំពោះលោក នួន ផារ័ត្ន ក្រៅពីការអនុវត្តតាមវិធានរដ្ឋបាលហើយនោះ គ្រឹះស្ថានសិក្សាក៏ត្រូវសហការឱ្យបានជិតស្និទ្ធជាមួយឪពុកម្ដាយ និងអាណាព្យាបាលរបស់សិស្សដើម្បីប្រសិទ្ធភាពនៃការការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺរាតត្បាតជាសាកលនេះ។ 
 
លោក សម្យ កំសាន្ត នាយករងនៃវិទ្យាល័យព្រះស៊ីសុវត្ថិទទួលបន្ទុកសាលារៀនជំនាន់ថ្មីដែលបានចូលរួមក្នុងកិច្ចប្រជុំអនឡានជាមួយសាលារាជធានីដែរនោះ បានគាំទ្រការលើកឡើងរបស់លោកអភិបាលរងរាជធានីភ្នំពេញ។ លោកនាយករងបានពិពណ៌នាថា គ្រឹះស្ថានរបស់លោកបានអនុវត្តតាមវិធានការសុខាភិបាលផង និងវិធានការរបស់ក្រសួងអប់រំផង និងបានផ្ញើរបាយការណ៍អំពីស្ថានភាពទូទៅនៅក្នុងគ្រឹះស្ថានទៅគណៈកម្មការប្រយុទ្ធប្រឆាំងកូវីដថ្នាក់ខណ្ឌជាប្រចាំផង។
 
លោកនាយករងសាលាជំនាន់ថ្មីបានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗដូច្នេះ៖«យើងបានធ្វើការជាមួយមាតាបិតាសិស្សដូចគ្នា។ យើងមានទំនាក់ទំនងជាមួយពួកគាត់ទាំងអស់។ យើងបានសំណូមពរឱ្យពួកគាត់ជូនដំណឹងមកសាលារៀនបើសិនជាពួកគាត់ ឬកូនៗរបស់ពួកគេមានទំនាក់ទំនង ឬត្រូវបានសង្ស័យថាមានទំនាក់ទំនងជាមួយអ្នកជំងឺកូវីដ។ ក្នុងន័យនេះ គឺដើម្បីពួកយើងអាចជួយតាមដានសុខភាពកូនៗរបស់ពួកគាត់ផង។ បន្ទាប់មក យើងក៏ជូនដំណឹងទៅឪពុកម្ដាយវិញ។»។


 
ដោយសារស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដប្រភេទអូមីក្រុងនេះ សាលារៀនជំនាន់ថ្មីបានសម្រេចដាក់ដំណើរការការសិក្សាផ្ទាល់២០ភាគរយ និងតាមរយៈអនឡាញ៨០ភាគរយ។ នេះជាការបញ្ជាក់របស់លោក សម្យ កំសាន្ត ដែលអះអាងថា មកដល់ពេលនេះ នៅក្នុងគ្រឹះស្ថានសិក្សារបស់លោកមានអ្នកឆ្លងជំងឺកូវីដចំនួន៦៣ ដែលក្នុងនោះគ្រូមានចំនួន១០នាក់។ ប៉ុន្តែថា ជាង៣០នាក់បានជាសះស្បើយវិញហើយ។
 
ស្ថានភាពពុំសូវខុសគ្នាប៉ុន្មានទេ នៅឯគ្រឹះស្ថានសិក្សាឯកជនវេស្ទឡាញ។ លោកឧកញ៉ា ប៉ិច បូឡែន ដែលជាអគ្គនាយកនៃក្រុមហ៊ុន Westline Education Group បានពន្យល់ប្រាប់សារព័ត៌មានថ្មីៗថា ក្នុងករណីរកឃើញមានសិស្សវិជ្ជមានកូវីដ គណៈគ្រប់គ្រងសាលារៀនរបស់លោក ត្រូវយកសំណាកលោកគ្រូ អ្នកគ្រូ និងសិស្សទាំងអស់នៅក្នុងថ្នាក់ និងបន្ទាប់មកត្រូវដាក់ឱ្យសិក្សាអនឡាញរហូតដល់ការជាសះស្បើយតាមវិធានសុខាភិបាល។ លោក ប៉ិច បូឡែន ដែលជាប្រធានសហព័ន្ធសេវាអប់រំនៅកម្ពុជាដែរនោះ បានអះអាងបន្ថែមយ៉ាងដូច្នេះ៖«វាដល់ដំណាក់កាលមួយដែលយើងត្រូវរៀនរស់ជាមួយជំងឺនេះហើយ។ ត្រឹមត្រូវហើយ! សាលារៀន និងអាណាព្យាបាលសិស្សត្រូវសហការគ្នាខ្លាំងមែនទែន។ មាតាបិតាត្រូវតាមដានសុខភាពកូន ដោយមិនត្រូវអនុញ្ញាតឱ្យកូនៗមកសាលារៀនក្នុងករណីកូនពួកគេមានអាការៈផ្តាសាយ។ យើងបានសំណូមពរបែបនេះ។»។ 
 
នៅថ្ងៃទី២៥ ខែកុម្ភៈនេះ ក្រសួងសុខាភិបាលបានប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដប្រភេទ«អូមីក្រុង» ចំនួន៤៧៩ករណីទៀតតាមរយៈលទ្ធផលតេស្ត PCR។ ក្នុងចំណោមនោះ មាន៤៥៣នាក់ជាករណីឆ្លងក្នុងសហគមន៍។ ដោយឡែកអ្នកជាសះស្បើយ៥០៣នាក់ និងស្លាប់១នាក់។
 
មកទល់ពេលនេះ ចំនួនអ្នកឆ្លងជំងឺកូវីដ កើនដល់១២៩ ០៧៨នាក់។ អ្នកជាសះស្បើយពីជំងឺនេះ មានចំនួន១២២ ៣៨០នាក់ ។ អ្នកស្លាប់ដោយសារកូវីដ-១៩ នៅកម្ពុជាកើនដល់ ៣,០២៧នាក់៕
 

Tag:
 នួន ផារ័ត្ន
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com