ជាតិ
សង្គមជាតិ
អាជ្ញាធរកម្ពុជា អះអាងថា អាជ្ញាធរវៀតណាម មិនទទួលយកជនអន្តោប្រវេសន៍វៀតណាមពីកម្ពុជាវិញ
25, Feb 2022 , 8:59 pm        
រូបភាព
លោក ប៉ោ ភក្តិ ស្ថិតក្នុងកិច្ចប្រជុំមួយ កាលពីខែមករា ឆ្នាំ២០២១ (រូបពីទំព័រហ្វេសប៊ុករបស់នាយកដ្ឋានព័ត៌មានវិទ្យាក្រសួងមហាផ្ទៃ)។ ផ្ទះបណ្តែតលើផ្ទៃទន្លេក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលក្នុងនោះ ក៏មានផ្ទះបណ្តែតទឹករបស់ជនជាតិវៀតណាមដែរ (រូប ថតដោយសហការី កាលពីខែមិថុនា ឆ្នាំ២០២១)។
លោក ប៉ោ ភក្តិ ស្ថិតក្នុងកិច្ចប្រជុំមួយ កាលពីខែមករា ឆ្នាំ២០២១ (រូបពីទំព័រហ្វេសប៊ុករបស់នាយកដ្ឋានព័ត៌មានវិទ្យាក្រសួងមហាផ្ទៃ)។ ផ្ទះបណ្តែតលើផ្ទៃទន្លេក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលក្នុងនោះ ក៏មានផ្ទះបណ្តែតទឹករបស់ជនជាតិវៀតណាមដែរ (រូប ថតដោយសហការី កាលពីខែមិថុនា ឆ្នាំ២០២១)។
លោកនាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន​ក្រសួង​មហាផ្ទៃ បានរាប់រៀបពីបញ្ហាប្រឈមមួយចំនួន ដែលអាជ្ញាធរកម្ពុជា ជួបប្រទះក្នុងការគ្រប់គ្រងជនអន្តោប្រវេសន៍ ពិសេសជនអន្តោប្រវេសន៍ខុសច្បាប់។ ក្នុងចំណោមបញ្ហាទាំងអស់នោះ ការដែលអាជ្ញាធរវៀតណាម មិនព្រមទទួលយកជនអន្តោប្រវេសន៍របស់ខ្លួនវិញ ដែលត្រឡប់ទៅពីកម្ពុជា គឺជាបញ្ហាប្រឈម១ សម្រាប់អាជ្ញាធរកម្ពុជា។



ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២ ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពសម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី-រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ប៉ោ ភក្តិ បានថ្លែងតាមរយៈការអានរបាយការណ៍យ៉ាងដូច្នេះថា៖«អាជ្ញាធរវៀតណាម មិនទទួលយកជនអន្តោប្រវេសន៍វៀតណាមគ្រប់រូប ឬជនអន្តោប្រវេសន៍វៀតណាម ដែលមានបំណងត្រឡប់ទៅវៀតណាមវិញ»។ 
 

លោក ប៉ោ ភក្តិ អានរបាយការណ៍ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២២។

ដោយគិតក្នុងភូមិសាស្រ្តរាជធានីភ្នំពេញតែ១ បច្ចុប្បន្ន មានជនជាតិវៀតណាមប្រមាណ៣ម៉ឺននាក់ ដែលកំពុងរស់នៅ។ នេះបើតាមរបាយការណ៍ពីសមាគមន៍ខ្មែរ-វៀតណាមនៅកម្ពុជា ដែលដកស្រង់ទៅចុះផ្សាយដោយសារព័ត៌វីអិនអ៊ិចប្រេសរបស់វៀតណាម (VNEXPRESS) កាលពីចុងខែធ្នូ ឆ្នាំ២០២១។  
 
លោក ង្វៀន សួនហ៊្វុក ប្រធានាធិបតីវៀតណាម ធ្លាប់និយាយថា៖«នៅកម្ពុជា គ្មានសហគមន៍ណា ដែលជួបការលំបាកច្រើនដូចសហគមន៍ជនជាតិវៀតណាមភាគតិចនោះទេ។ ការជួបការលំបាកច្រើនជាងគេ គឺដោយសារពួកគេ មានស្ថានភាពមិនច្បាស់លាស់អំពីភាពស្របច្បាប់ ហើយភាគច្រើនក្នុងចំណោមពួកគេ មិនមានឯកសារសម្គាល់ខ្លួន ដូចជា អត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន ជាដើម»។ 
 
លោកប្រធានាធិបតីវៀតណាម និយាយសម្តីខាងលើនេះ ទៅកាន់មន្រ្តីទូតវៀតណាម តំណាងពាណិជ្ជករវៀតណាម និង តំណាងសហគមន៍វៀតណាមនៅកម្ពុជា ក្នុងអំឡុងលោក មកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីចុងខែធ្នូ ឆ្នាំ២០២១។   
 
បច្ចុប្បន្ន ក្នុងចំណោមជនអន្តោប្រវេសន៍បរទេសទាំងអស់នៅកម្ពុជា មានជនអន្តោប្រវេសន៍ជិត១ម៉ឺននាក់ ពុំបានទៅសុំបណ្ណស្នាក់នៅថ្មី និងពុំបានទៅសុំបន្តសុពលភាពបណ្ណស្នាក់នៅ ពីអាជ្ញាធរកម្ពុជា។ ក្រៅពីជនអន្តោប្រវេសន៍ជិត១ម៉ឺននាក់នោះ នៅមានជនអន្តោប្រវេសន៍ ដែលទើបគ្រប់អាយុ១៨ឆ្នាំមួយចំនួនទៀត ក៏ពុំបានទៅសុំធ្វើបណ្ណស្នាក់នៅដែរ។ ជាមួយគ្នានេះ ម្ចាស់លំនៅឋានខ្លះ មិនសហការក្នុងការរាយការណ៍អំពីការរស់នៅរបស់ជនអន្តោប្រវេសន៍ ទៅកាន់អាជ្ញាធរកម្ពុជា។ ទាំងអស់នេះ សុទ្ធតែជាបញ្ហាប្រឈមក្នុងការគ្រប់គ្រងជនអន្តោប្រវេសន៍ ដែលលោក ប៉ោ ភក្តិ រំលេចឡើងក្នុងរបាយការណ៍របស់លោក។ 
 
នៅមានបញ្ហាប្រឈម១ទៀត នោះគឺជនអន្តោប្រវេសន៍ ដែលត្រូវអាជ្ញាធរកម្ពុជា បណ្តេញចេញហើយ បានលួចឆ្លងដែនខុសច្បាប់ត្រឡប់មកកម្ពុជាវិញ។ លោក ប៉ោ ភក្តិ បញ្ជាក់ដូច្នេះថា៖«នៅតែមានវត្តមានជនបរទេសឆ្លងដែនខុសច្បាប់ ចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបង្កផលប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងនោះ មានការលេចឡើងនូវបាតុភូតបង្ខាំងមនុស្សឲ្យធ្វើការល្មើសនឹងលក្ខខណ្ឌការងារ និងរំលោភសិទ្ធិមនុស្ស»៕ 
 

Tag:
 អន្តោប្រវេសន៍វៀតណាម
© រក្សាសិទ្ធិដោយ thmeythmey.com