ជាតិ
សេដ្ឋកិច្ច
សម្ដេច ហ៊ុន សែន ស្នើឱ្យម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសិប្បកម្មនានា ផ្ដល់ព័ត៌មានពិត ដល់មន្ត្រីជំរឿនសេដ្ឋកិច្ច
26, Feb 2022 , 2:29 pm        
រូបភាព
រដ្ឋាភិបាល នឹងធ្វើជំរឿនសេដ្ឋកិច្ចជាតិ លើកទី២ ចាប់ពីថ្ងៃទី១ ដល់៣១ មីនា ២០២២ ដើម្បីចង់ដឹងពីស្ថានភាពអភិវឌ្ឍន៍ និងការរៀបចំយុទ្ធសាស្រ្តនយោបាយសេដ្ឋកិច្ច។ ដូច្នេះប្រមុខរដ្ឋាភិបាល ស្នើឱ្យម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសិប្បកម្មនានា ផ្ដល់ព័ត៌មានពិត ដល់មន្ត្រីជំរឿនសេដ្ឋកិច្ច។


 
សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ការធ្វើជំរឿនសេដ្ឋកិច្ច ជាការងារដ៏ធំ និងមានសារៈសំខាន់ ដែលមិនខ្វះបាន សម្រាប់ប្រទេសជាតិ ដើម្បីឆ្លើយតបសេចក្តីត្រូវការប្រើប្រាស់ទិន្នន័យចម្បង ដែលមានការកើនឡើងជាលំដាប់របស់ស្ថាប័នរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិនានា សម្រាប់ធ្វើជាធាតុចូល ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច បរិស្ថាន សង្គម វប្បធម៌ និងសុខុមាលភាពរបស់ប្រជាជន។ 
 
បើតាមប្រមុខរដ្ឋាភិបាល ការធ្វើជំរឿននេះ វាក៏ជាសូចនាករសំខាន់សម្រាប់ត្រួតពិនិត្យ តាមដានការសម្រេចនូវការអនុវត្តកម្មវិធីគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់រដ្ឋាភិបាល, យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងការរៀបចំគោលនយោបាយផ្សេងៗ រួមទាំងការឆ្លុះបញ្ចាំងពីផលប៉ះពាល់ដែលបណ្ដាលមកពីការរីករាលនៃជំងឺកូវីដ-១៩ ទៅលើអង្គភាពសេដ្ឋកិច្ច ដែលជាផ្នែកមួយនៃការជំរុញសេដ្ឋកិច្ចកម្ពុជាផងដែរ។
 
សារអំពាវនាវរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី២៣ កុម្ភៈ បានបញ្ជាក់ដូច្នេះថា៖«ទិន្នន័យទាំងអស់ ដែលបានមកពីជំរឿនសេដ្ឋកិច្ច​ គឺជាទិន្នន័យពិតប្រាកដ ដែលបានមកពីគ្រប់អង្គភាពសេដ្ឋកិច្ច សហគ្រាស សិប្បកម្ម អាជីវកម្ម លក់ដុំ លក់រាយ និងសេវាកម្មផ្សេងៗ ។ ដូច្នេះគ្រប់ប្រទេសនៅលើពិភពលោក សុទ្ធតែមានការចាំបាច់ក្នុងការធ្វើជំរឿនគ្រប់អង្គភាពសេដ្ឋកិច្ច ក្នុងនោះប្រទេសដែលមានសុខសន្តិភាព ស្ថិរភាពនយោបាយ អាចប្រមូលទិន្នន័យស្ថិតិបានល្អ ជាពិសេសការធ្វើជំរឿនសេដ្ឋកិច្ចនេះ។ ខ្ញុំសូមជម្រាបជូនថា លទ្ធផលទិន្នន័យ ដែលបានមកពីការធ្វើជំរឿនសេដ្ឋកិច្ច នឹងត្រូវប្រើប្រាស់ទូលំទូលាយ នៅក្នុងវិស័យសាធារណៈ និងវិស័យឯកជន»។
 
ដើម្បីទទួលបានទិន្នន័យលម្អិត និងច្បាស់លាស់នោះ ប្រមុខរដ្ឋាភិបាល បានអំពាវនាវឱ្យម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស សិប្បកម្ម អាជីកម្មលក់ដុំ លក់រាយ និងសេវាកម្មផ្សេងៗ ផ្ដល់ព័ត៌មានតាមសំនួររបស់មន្ត្រីជំរឿនសេដ្ឋកិច្ច ឱ្យបានពិតប្រាកដត្រឹមត្រូវ និងទាន់ពេលវេលា សម្រាប់ជាប្រយោជន៍ដល់រដ្ឋាភិបាល រៀបចំគោលនយោបាយអាទិភាពសំខាន់ៗ ក្នុងការអភិវឌ្ឍប្រទេសជាតិឱ្យបានរីកចម្រើនជឿនលឿន។
 
ការធ្វើជំរឿននេះ ផ្អែកតាមច្បាប់ស្តីពីស្ថិតិ ដែលបានកំណត់ឱ្យធ្វើ«ជំរឿនសេដ្ឋកិច្ច» រយៈពេល១០ឆ្នាំម្ដង ដោយត្រូវអង្កេតចន្លោះជំរឿនសេដ្ឋកិច្ច នៅពាក់កណ្ដាលជំរឿន(៥ឆ្នាំម្ដង) និងបានកំណត់ឱ្យម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស សិប្បកម្ម អាជីកម្មលក់ដុំ លក់រាយ និងសេវាកម្មផ្សេងៗទាំងអស់ ចូលរួមសហការធ្វើជំរឿនសេដ្ឋកិច្ចនេះ។ 
គួរបញ្ជាក់ថា រដ្ឋាភិបាល ធ្លាប់ធ្វើជំរឿនសហគ្រាស លើកទី១ នៅឆ្នាំ២០១១ និងបានអង្កេតចន្លោះជំរឿនសហគ្រាស នៅឆ្នាំ២០១៤៕
 

Tag:
 ហ៊ុន សែន
  សេដ្ឋកិច្ច
© រក្សាសិទ្ធិដោយ thmeythmey.com