ជាតិ
សង្គមជាតិ
លោក ប៉ាន សូរស័ក្ដិ៖ ការគាំទ្ររបស់អង់គ្លេស នឹងជួយសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២២
27, Feb 2022 , 1:59 pm        
រូបភាព
លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាវេទិកាធុរកិច្ចអង់គ្លេស អាស៊ាន ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ។ រូបភាពពី ក្រសួងពាណិជ្ជកម្ម។
លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នាវេទិកាធុរកិច្ចអង់គ្លេស អាស៊ាន ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ។ រូបភាពពី ក្រសួងពាណិជ្ជកម្ម។
ភ្នំពេញ៖ ការគាំទ្ររបស់អង់គ្លេស នឹងជួយឱ្យកម្ពុជាសម្រេចបានសមិទ្ធផលអាទិភាពសេដ្ឋកិច្ចឆ្នាំ២០២២ និងវិស័យសក្ដានុពលសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន-អង់គ្លេស។ នេះជាការលើកឡើងរបស់ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងវេទិកាធុរកិច្ចអង់គ្លេស-អាស៊ាន ឆ្នាំ២០២២ (UK-ASEAN Business Forum 2022) តាមប្រព័ន្ធវីដេអូ។


 
បើតាមលោក ប៉ាន សូរស័ក្តិ ការគាំទ្ររបស់អង់គ្លេសនេះ គឺផ្តោតលើការគាំទ្រផ្នែកពាណិជ្ជកម្មឌីជីថល, ការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព ក្នុងដំណើរការឆ្ពោះទៅរកសហគមន៍អាស៊ាន ប្រកបដោយចីរភាព បរិយាប័ន្ន និងភាពធន់រឹងមាំ។ 
 
ក្រសួងពាណិជ្ជកម្ម បានស្រង់សម្តីលោករដ្ឋមន្ត្រីក្រសួង មកសរសេរលើហ្វេសប៊ុកដូច្នេះ៖ «សារៈសំខាន់ នៃវិស័យឯកជន ក្នុងការស្ដារសេដ្ឋកិច្ចឡើងវិញ សម្រាប់កម្ពុជា ក៏ដូចជាតំបន់អាស៊ាន ជាពិសេសការពង្រឹងខ្សែច្រវ៉ាក់ផ្គត់ផ្គង់ និងផលិតកម្មសាកល តាមរយៈការពង្រឹងកិច្ចសម្រួលពាណិជ្ជកម្ម និងពាណិជ្ជកម្មអេឡិចត្រូនិកជាដើម»។ 
 
ក្រៅពីការគាំទ្រអង់គ្លេស ក៏មានវិស័យឯកជន និងវិធានការគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋគ្រប់រូប គឺជាកត្តាសំខាន់ ក្នុងការស្ដារឡើងវិញនូវសេដ្ឋកិច្ចសង្គម រួមទាំងការខិតខំធ្វើឱ្យប្រសើរឡើង នូវបរិយាកាសវិនិយោគ និងធុរកិច្ចកម្ពុជា។ នេះបើតាមលោក ប៉ាន សូរក្តិ ដែលបានថ្លែងនៅក្នុងកិច្ចប្រជុំធុរកិច្ចអង់គ្លេស-អាស៊ាន ឆ្នាំ២០២២ ដោយមានឥស្សរជនសេដ្ឋកិច្ចជាន់ខ្ពស់ចូលរួម២៥០នាក់៕
 

Tag:
 យុទ្ធនាការចាក់វ៉ាក់សាំង
  វេទិកាធុរកិច្ចអង់គ្លេស-អាស៊ាន ២០២២
© រក្សាសិទ្ធិដោយ thmeythmey.com