ជាតិ
អ្នកប្រើទូរស័ព្ទចល័តនៅកម្ពុជាជាង២០លានស៊ីម ខណៈអ្នកប្រើអ៊ីនធឺណិតកើនដល់១៧លានលេខ
27, Feb 2022 , 11:29 pm        
រូបភាព
ភ្នំពេញ៖ ឆ្នាំ២០២១នេះ អ្នកចុះឈ្មោះប្រើប្រាស់សេវាទូរសព្ទចល័តមានជាង២០លានលេខ គឺស្មើនឹង១២២.៨៤ភាគរយ នៃចំនួនប្រជាជនសរុប ខណៈការតភ្ជាប់អ៊ីនធឺណិត តាមឧបករណ៍ចល័តមាន១៧.៣៥លានលេខ គឺស្មើនឹង១០៥.៦០ភាគរយ។ នេះបើតាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

 
ឯកសារគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០២២-២០៣៥ ដែលបានដាក់ឱ្យប្រើប្រាស់កាលពីពេលថ្មីៗនេះ បានឲ្យដឹងថា អ្នកចុះឈ្មោះប្រើប្រាស់សេវាអ៊ិនធឺណិតប្រមាណ១៧.៦៥លាន ក្នុងនោះអ្នកចុះឈ្មោះប្រើប្រាស់សេវាអ៊ិនធឺណិតចល័តមានប្រមាណ១៧.៣៥លាន។ នៅកម្ពុជាមានក្រុមហ៊ុនផ្តល់សេវាអ៊ិនធឺណិតចល័តមាន៥ក្រុមហ៊ុន និងក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតអចល័តមានចំនួន៣៥ ក្នុងនោះការគ្រប់ដណ្តប់សេវាទូរសព្ទចល័ត 2G មានចំនួន៩២ភាគរយ នៃប្រជាជនសរុប។ រីឯ ការគ្រប់ដណ្តប់សេវាទូរសព្ទចល័ត 3G មាន៨៥ភាគរយ និងការគ្រប់ដណ្តប់សេវាទូរសព្ទចល័ត 5G មានចំនួន៨២ភាគរយ។
 
ចំពោះ បណ្តាញខ្សែកាបអុបទិកមានប្រមាណ៤៦ពាន់គីឡូម៉ែត្រ និងបណ្តាខ្សែកាបអុបទិកក្រោមសមុទ្រមានចំនួន២ ក្នុងនោះខ្សែកាបអុបទិកក្រោមសមុទ្រទី១ តភ្ជាប់កម្ពុជាទៅប្រទេសថៃ និងម៉ាឡេស៊ី និងខ្សែទី២ តភ្ជាប់កម្ពុជា ទៅប្រទេសចំនួន១៨ ក្នុងទ្វីបអាស៊ី អាហ្វ្រិក និងអឺរ៉ុប។ យ៉ាងណារចនាសម្ព័ន្ធទូរគមនាគមន៍នេះ មិនទាន់គ្រប់ដណ្តប់នៅទូទាំងប្រទេសនៅឡើយ ខណៈបណ្តាញទូរសព្ទចល័តជំនាន់ទី៤ (4G) កំពុងផ្តល់សេវាជូនប្រជាពលរដ្ឋប្រមាណ៨០ភាគរយ។ ឯកសារគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
 
បច្ចុប្បន្នរដ្ឋាភិបាលមានយុទ្ធសាស្រ្តពង្រឹង និងពង្រីកហេដ្ឋារចនាសម្ព័ន្ធទូរសព្ទចល័ត និងអ៊ីនធឺណិតល្បឿនលឿន តាមរយៈសេវាទូរសព្ទចល័តជំនាន់ទី៤(4G) ដើម្បីឈោងទៅចាប់យកសេវាទូរសព្ទចល័តជំនាន់ទី៥ (5G) ព្រមទាំងជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធខ្សែកាបអុបទិកក្រោមបាតសមុទ្រ និងការកសាងហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតល្បឿនលឿន ដល់គ្រប់ឃុំសង្កាត់។ 
 
កាលពីឆ្នាំ២០២០ កម្ពុជារកបានចំណូលពីវិស័យទូរគមនាគមន៍ជាង១១០០លានដុល្លារ ស្មើនឹងប្រមាណ៤.២ភាគរយនៃផលិតផលក្នុងស្រុកសរុប៕ 
 

Tag:
 ស៊ីមទូរស័ព្ទ
© រក្សាសិទ្ធិដោយ thmeythmey.com