ជាតិ
សង្គមជាតិ
លោក ជាម យៀប ទទួលបានទីប្រឹក្សា១៧នាក់ទៀត បន្ថែមពីលើ៣៣នាក់
28, Feb 2022 , 10:29 am        
រូបភាព
លោក ជាម យៀប ឡើងថ្លែងក្នុងកិច្ចប្រជុំរដ្ឋសភា កាលពីខែតុលា ឆ្នាំ២០២១។ រូបពីរដ្ឋសភា
លោក ជាម យៀប ឡើងថ្លែងក្នុងកិច្ចប្រជុំរដ្ឋសភា កាលពីខែតុលា ឆ្នាំ២០២១។ រូបពីរដ្ឋសភា
តាមការក្រាបបង្គំថ្វាយសុំរបស់សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ព្រះមហាក្សត្រ ទ្រង់បានតែងតាំងទីប្រឹក្សា១៧នាក់ទៀត ដល់លោក ជាម យៀប អនុប្រធានរដ្ឋសភាទី១។ ការតែងតាំងទីប្រឹក្សាទាំង១៧នាក់ដល់លោក ជាម យៀប ធ្វើឡើងដោយព្រះរាជក្រឹត្យរបស់ទ្រង់ ដែលចេញនៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។


ទីប្រឹក្សាថ្មីទាំង១៧នាក់របស់លោក ជាម យៀប មានឋានៈស្មើរដ្ឋលេខាធិការ៨នាក់ និងអនុរដ្ឋលេខាធិការ៩នាក់។ បើតាមព្រះរាជក្រឹត្យដដែល ក្រៅពីទីប្រឹក្សាទាំង១៧នាក់ ព្រះមហាក្សត្រ ក៏តែងតាំងជំនួយការម្នាក់ ដែលមានឋានៈស្មើអគ្គនាយក ដល់លោក ជាម យៀប ដែរ។
 
កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ព្រះមហាក្សត្រ បានចេញព្រះរាជក្រឹត្យម្តងរួចហើយ តាមការក្រាបបង្គំថ្វាយសុំពីសម្តេច ហេង សំរិន ស្តីពីការតែងតាំងទីប្រឹក្សាប្រឹក្សាដល់លោក ជាម យៀប។ យោងតាមព្រះរាជក្រឹត្យលើកទី១ លោក ជាម យៀប ទទួលបានទីប្រឹក្សា៣៣នាក់ ដោយក្នុងនោះ ៤នាក់ មានឋានៈស្មើរដ្ឋមន្រ្តី ១៨នាក់ មានឋានៈស្មើរដ្ឋលេខាធិការ ៣នាក់ មានឋានៈស្មើអនុរដ្ឋលេខាធិការ និង ៨នាក់ មានឋានៈស្មើអគ្គនាយក។  
 
ជាសរុប លោក ជាម យៀប មានទីប្រឹក្សា៥០នាក់ហើយ និងជំនួយការម្នាក់ផងដែរ។ លោក បានឡើងជាអនុប្រធានរដ្ឋសភាទី១ កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២១ ជំនួសលោក ងួន ញ៉ិល ដែលទទួលមរណភាព៕ 
 

Tag:
 ជាម យៀប
  ទីប្រឹក្សា
© រក្សាសិទ្ធិដោយ thmeythmey.com