ជាតិ
ក្រសួងការងារ៖ ក្នុងមួយឆ្នាំៗ ពលករចំណាកស្រុកផ្ញើប្រាក់មកកម្ពុជាវិញ ជាង៣ពាន់លានដុល្លារ
01, Mar 2022 , 7:59 am        
រូបភាព
 ពលករត្រឡប់ពីថ្ងៃ នាអំឡុងខែមីនាឆ្នាំ២០២១។
ពលករត្រឡប់ពីថ្ងៃ នាអំឡុងខែមីនាឆ្នាំ២០២១។
ភ្នំពេញ៖ ក្នុងមួយឆ្នាំៗ ពលករចំណាកស្រុកផ្ញើប្រាក់ត្រឡប់មកកម្ពុជាវិញ ជាង៣ពាន់លានដុល្លារ ដើម្បីជួយដល់គ្រួសារពួកគេនៅស្រុកកំណើត ហើយចំណូលនេះ ក៏ចូលរួមលើកស្ទួយសេដ្ឋកិច្ចជាតិផងដែរ។ នេះបើតាមរបាយការណ៍ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅថ្ងៃទី២៥កុម្ភៈ ឆ្នាំ២០២២។

 
ក្រសួងការងារ បានបញ្ជាក់ថា ពលករខ្មែរជាង១,៣លាននាក់ ដែលកំពុងបំពេញការងារនៅក្រៅប្រទេស បានផ្ញើប្រាក់មកស្រុកកំណើតវិញជាង៣ពាន់លានដុល្លារ ជារឿងរាល់ឆ្នាំ។ ទំហំទឹកប្រាក់នេះ បានរួមចំណែកសេដ្ឋកិច្ចជាតិ និងជីវភាពក្រុមគ្រួសារពលករកាន់តែប្រសើរឡើង។ ដូច្នេះ រដ្ឋាភិបាលសម្រេចបន្តជំរុញអនុវត្តគោលនយោបាយ ស្ដីពីទេសន្តរប្រវេសន៍ការងារ ឆ្នាំ២០១៩ដល់២០២៣ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធលើសិទ្ធិការងារ និងការទទួលបានកិច្ចគាំពារសង្គម ក្នុងពេលបម្រើការងារ រួមទាំងត្រឡប់មកស្រុកវិញផងដែរ។ 
 
ដ្បិតរដ្ឋមានការគិតគូរបន្ថែមលើពលករចំណាកស្រុកនេះក្តី តែអ្នកឃ្លាំមើលសិទ្ធិការងារ ពិនិត្យឃើញថា ពលករនៅតែជួបបញ្ហាប្រឈមច្រើន ពិសេសការចំណាយប្រាក់លើភ្នាក់ងារស្វែងការងារ ដើម្បីទទួលការងារនៅក្រៅប្រទេស។ លោក ឃ៉ុន ថារ៉ូ អ្នក​គ្រប់​គ្រង​កម្ម​វិធី​ការ​ងារ​ នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស របស់អង្គការសង់ត្រាល់ មើលឃើញថា ពលករភាគច្រើនខ្វះការគាំពារនិងការជួយអន្តរាគមន៍ ឲ្យបានទាន់ពេលវេលា នៅពេលជួបការលំបាក និងបញ្ហារំលោភសិទ្ធិការងារ។ 
 
មន្រី្តអង្គការសង់ត្រាល់រូបនេះ បន្ថែមថា មន្ត្រីតាមបណ្ដាស្ថានទូត ត្រូវចុះតាមដានអធិការកិច្ចការងារជាប្រចាំ នៅតាមកន្លែងការងាររបស់ពលករខ្មែរ។ ទន្ទឹមនឹងនេះ រដ្ឋាភិបាល គួរលុបបំបាត់ទីភ្នាក់ងារនាំពលករទៅក្រៅប្រទេស ដោយរៀបចំផែកការ ហើយដើរតួជាអ្នកពិនិត្យខុសត្រូវរវាងរដ្ឋនិងរដ្ឋវិញ។
 
លោក ឃ៉ុន ថារ៉ូ ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធតេឡេក្រាមយ៉ាងដូច្នេះ៖ «ខ្ញុំឃើញពលករចំណាយច្រើន លើការរៀនបណ្ដុះបណ្ដាល រហូតជាប់បំណុលគេជុំទិស។ ខ្ញុំគិតថា រដ្ឋគួរលុបបំបាត់ការចំណាយនេះ ដោយធ្វើកិច្ចព្រមព្រៀងរវាងប្រទេស និងប្រទេស ហើយដាក់បញ្ជូលយន្តការនានា ពិសេសការដោះស្រាយវិវាទ និងអធិការកិច្ច នឹងជួយកាត់បន្ថយបញ្ហាប្រឈមរបស់ពលករបាន»។ 
 
ជាមួយគ្នានេះ លោក ឃ៉ុន ថារ៉ូ ក៏បានមើលឃើញគោលនយោបាយល្អមួយរបស់រដ្ឋាភិបាល គឺការផ្ដល់កិច្ចគាំពារសង្គម ដល់ពលករក្នុងពេលបម្រើការងារ និងពេលត្រឡប់ស្រុកកំណើតវិញ។ លោកសង្ឃឹមថា គោលនយោបាយនេះ នឹងបន្តមានវិសាលភាពកាន់តែប្រសើរឡើង និងធំទូលាយបន្ថែមទៀត។ 
 
សូមជម្រាបថា បច្ចុប្បន្នពលករកម្ពុជា កំពុងបំពេញការងារនៅក្រៅប្រទេសមានជាង១,៣លាននាក់ ក្នុងនោះនៅប្រទេសថៃ មានជាង១,២លាននាក់, កូរ៉េជាង៤ម៉ឺននាក់, ម៉ាឡេស៊ីមានជាង២ម៉ឺននាក់ និងជប៉ុនមានជាង១ម៉ឺននាក់៕ 
 

Tag:
 ពលករ
  ការងារ
© រក្សាសិទ្ធិដោយ thmeythmey.com