ជាតិ
សង្គមជាតិ
ប៉ូលិសកម្ពុជា រកឃើញថា ករណីបូមឈាមបុរសចិនស្ទើរខ្សោះពីខ្លួន គឺជា «រឿងប្រឌិត»
28, Feb 2022 , 4:59 pm        
រូបភាព
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យនៃអគ្គស្នងការនគរបាលជាតិ
ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យនៃអគ្គស្នងការនគរបាលជាតិ
ករណីបុរសចិនម្នាក់ ត្រូវគេចាប់បង្ខាំង ហើយបង្ខំឲ្យបូមឈាមស្ទើរអស់ពីខ្លួននៅកម្ពុជា ពុំមែនជារឿងពិតឡើយ។ សមត្ថកិច្ចកម្ពុជា បានអះអាងថា ករណីនេះ គឺជារឿងប្រឌិត។



ក្រោយឃើញការផ្សាយក្នុងអំឡុងខែកុម្ភៈ ឆ្នាំ២០២២នេះ អំពីករណីបុរសចិនម្នាក់ឈ្មោះ លី យ៉ា យួន លុន (Li Ya Yuan Lun) វ័យ៣១ឆ្នាំ ដែលអះអាងថា ខ្លួន ត្រូវគេ ចាប់បូមឈាមស្ទើរអស់ពីខ្លួន អគ្គស្នងការដ្ឋាននគរបាលជាតិ ដែលជាស្ថាប័ននគរបាលខ្ពស់បំផុតរបស់កម្ពុជា បានចង្អុលបង្ហាញដោយផ្ទាល់ទៅអង្គភាពជំនាញ ដើម្បីឲ្យចុះទៅស្រាវជ្រាវជាបន្ទាន់។ បន្ទាប់ពីទទួលបានលទ្ធផល និងរកឃើញការពិតហើយ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសេចក្តីប្រកាសព័ត៌មានមួយ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ដើម្បីលាតត្រដាងដល់សាធារណជនពីរឿងរ៉ាវនេះ។
 
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បំភ្លឺថា ករណីនេះ គឺជាព័ត៌មានប្រឌិត ដែលត្រូវរៀបចំឡើយដោយបុរសចិនឈ្មោះ លី យ៉ា យួន លុន តែម្តង។ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បន្តថា បុរសចិនឈ្មោះ លី យ៉ា យួន លុន បានលួចឆ្លងដែនចូលកម្ពុជាដោយខុសច្បាប់ ប៉ុន្តែ ដោយសារមានជំងឺប្រចាំកាយ រូបគេ ក៏បានទាក់ទងមនុស្ស៣នាក់ (ស្រ្តីម្នាក់) ដើម្បីឲ្យជួយរកវិធីឲ្យខ្លួន បានរួចផុតពីចំណាត់ការរបស់សមត្ថកិច្ចកម្ពុជា។ តាមធម្មតា សមត្ថកិច្ចកម្ពុជា នឹងចាត់វិធានការលើជនបរទេស ដែលលួចចូលកម្ពុជាដោយខុសច្បាប់។ 
 
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ដូច្នេះថា៖«អ្នកពាក់ព័ន្ធ៣នាក់ គឺជាអ្នកជួយដល់ឈ្មោះ លី យ៉ា យួន លុន ក្នុងការរៀបចំគម្រោងប្រឌិតព័ត៌មានក្លែងក្លាយអំពីការបង្ខាំងមនុស្សធ្វើទារុណកម្ម និងធ្វើជាទាសករលក់ឈាម ដើម្បីជាលេសជួយដល់ឈ្មោះ លី យ៉ា យួន លុន គេចផុតពីការទទួលខុសត្រូវចំពោះមុខច្បាប់នៅកម្ពុជា»។  
 
បើតាមអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បច្ចុប្បន្ន ឈ្មោះ លី យ៉ា យួន លុន និងអ្នកពាក់ព័ន្ធទាំង៣នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់។ អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ ចាត់ទុក ការប្រឌិតព័ត៌មានខាងលើ ថាធ្វើឲ្យសាធារណជន មានការភាន់ច្រឡំ និងធ្វើឲ្យប៉ះពាល់ដល់បរិយាកាសសង្គមកម្ពុជា។ 
 
មុនត្រូវបានឃាត់ខ្លួន លោក លី យ៉ា យួន លុន បានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យមួយកន្លែងនៅរាជធានីផ្នំពេញ។ ពេលកំពុងស្ថិតក្នុងមន្ទីរពេទ្យ លោក បានរៀបរាប់ពីរឿងរ៉ាងរបស់លោក ដល់សារព័ត៌មានវីអូឌីថា លោក ធ្លាប់ធ្វើការងារជាមន្រ្តីសន្តិសុខនៅប្រទេសចិន ហើយលោក បានមកដល់កម្ពុជា ក្នុងអំឡុងខែមិថុនា ឆ្នាំ២០២១។ ទីកន្លែងដែលលោក ទៅដល់ដំបូង គឺតំបន់ឆាយណាថោន (China Town) ក្នុងខេត្តព្រះសីហនុ។ 
 
បើតាមការផ្សាយរបស់វីអូឌី ជើងរបស់បុរសចិនរូបនេះ ស្ពឹកស្រពន់ ដោយសារការវាយដំ និងការឆក់ ក្នុងអំឡុងលោក ត្រូវបានឃុំឃាំង ហើយនៅខែសីហា ឆ្នាំ២០២១ លោក ត្រូវបានគេ ចាប់ផ្ដើមបូមឈាម ដោយសារលោកបដិសេធមិនព្រមធ្វើតាមអ្វីដែលគេចង់បាន។ 
 
«...អ្នកខ្លះ ក្រោយពីបានពិនិត្យ បានបូមឈាមតែមួយប្លោកហើយក៏ឈប់ មិនដូចជាខ្ញុំ ប្រភេទឈាមរបស់ខ្ញុំ ពួកគេបូមច្រើនជាងគេ។ ក្នុងនោះមានមនុស្សម្នាក់ទៀតដូចជាខ្ញុំដែរ ដែលមានប្រភេទឈាមអូ ស្រដៀងគ្នានឹងខ្ញុំ ហើយម្នាក់នោះបានចេញពីកន្លែងឃុំឃាំងមុនខ្ញុំ គាត់ត្រូវបានគេបញ្ជូនទៅកន្លែងឆ្ងាយមួយទៀត»។ នេះជាសម្តីរបស់បុរសចិនជាជនរងគ្រោះ ដែលត្រូវស្រង់ដោយវីអូឌី។  
 
​ស្ថានទូតចិនប្រចាំកម្ពុជា បានចេញសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ជំវិញករណីបុរសចិនខាងលើ។ ស្ថានទូតចិន លើកឡើងថា បុរសចិន ជាជនរងគ្រោះ បានស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ដោយសាររូបគេ ត្រូវបានបូមឈាមអស់ជាច្រើនពីក្នុងខ្លួន។ ស្ថានទូតចិន បានទទួលរបាយការណ៍អំពីស្ថានភាពបុរសចិននេះ ពីមន្ទីរពេទ្យ ដែលគាត់សម្រាកព្យាបាល។ 
 
ស្ថានទូតចិនប្រចាំកម្ពុជា បានក្រើនរម្លឹកប្រជាពលរដ្ឋខ្លួន ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ដើម្បីចៀសវាងចាញ់បោកការឃោសនាដោយក្រុមហ៊ុនហ្គេមអនឡាញ អំពីការផ្តល់ប្រាក់ខែច្រើន។ ស្ថានទូតចិន បានលើកករណីជាក់ស្តែងរបស់បុរសចិនខាងលើថា គាត់ បានចាញ់បោកការផ្សព្វផ្សាយព័ត៌មានក្លែងក្លែងពាក់ព័ន្ធនឹងប្រាក់ខែខ្ពស់ ហើយទីបំផុតគាត់ ត្រូវបានឧក្រិដ្ឋជន នាំចូលមកដល់កម្ពុជា៕   
 
 

Tag:
 ករណីបូមឈាមបុរសចិន
© រក្សាសិទ្ធិដោយ thmeythmey.com