ជាតិ
កសិករស្នើឱ្យបន្តបិទការនាំចូលជ្រូក ក្រោយសម្ដេច ហ៊ុន សែន ឱ្យមន្រ្តីពិភាក្សានាំចូលជ្រូក
02, Mar 2022 , 10:39 am        
រូបភាព
រូបភាពពី លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល
រូបភាពពី លោក ហ៊ុន សារ៉ាត់ អនុប្រធាននាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល
ភ្នំពេញ៖ កសិករមួយចំនួនមិនគាំទ្រ ចំពោះយន្តការដេញថ្លៃជ្រូករស់ចូលមកទីផ្សារកម្ពុជារបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុឡើយ។ ពួកគេ អះអាងថា ការនាំចូលជ្រូកពីក្រៅប្រទេសកន្លងទៅបានធ្វើឲ្យប៉ះពាល់ដល់តម្លៃទីផ្សារ ពិសេសបង្កហានិភ័យនាំជំងឺចូលប្រទេស។ កសិករ ស្នើឲ្យរដ្ឋាភិបាល បន្តបិទ ឬកាត់បន្ថយការនាំចូលជ្រូកពីក្រៅប្រទេស ហើយជំរុញឲ្យកសិករក្នុងស្រុកចិញ្ចឹមជ្រូកវិញ។

 
លោក សន់ មករា អ្នកចិញ្ចឹមជ្រូកមេ៤ក្បាល និងជ្រូកសាច់៩ក្បាល នៅស្រុកដងទង់ខេត្តកំពត បានលើកឡើងថា ការនាំចូលជ្រូកពីក្រៅប្រទេសពិសេសថៃ និងវៀតណាម បានធ្វើឲ្យជ្រូកក្នុងស្រុកធ្លាក់ថ្លៃ ពិសេសអ្នកចិញ្ចឹម លក្ខណៈគ្រួសារ អាចប្រឈមខាតបង់ខ្ពស់ ដោយសារពិបាកប្រកួតប្រជែងនឹងទីផ្សារបរទេស។ 
 
លោក ប្រាប់សារព័ត៌មានថ្មីៗ២៥ដូច្នេះថា៖«ប្រសិនបើ រដ្ឋនាំចូលហើយ រក្សាតម្លៃឲ្យថេត្រឹម១ម៉ឺន ឬជាង១ម៉ឺនរៀល គឺល្អហើយ តែប្រសិនបើ ការនាំចូលនោះ ធ្វើឲ្យធ្លាក់ថ្លៃដល់មួយគីឡូ៦ ឬ៧ពាន់រៀល នឹងធ្វើឲ្យអ្នកចិញ្ចឹមជ្រូកក្នុងស្រុកយើងប្រឈមខាតហើយ។ អ៊ីចឹង ខ្ញុំអត់សប្បាយចិត្តទេ»។  
 
លោក មករា បន្តថា សព្វថ្ងៃ ការចិញ្ចឹមជ្រូកជួបការលំបាកច្រើនទាំងកត្តាជំងឺ ទីផ្សារ និងចំណីឡើងថ្លៃ។ ស្ថិតក្នុងវិបត្តិកូវីដ១៩នេះ ចំណីបានហក់ឡើងថ្លៃជាបន្តបន្ទាប់។ ជាក់ស្ដែង សម្រាប់ចំណីជ្រូកសាច់បានឡើងថ្លៃដល់៦៤០០០រៀលក្នុងមួយប៉ាវ ខណៈពីមុនមានតម្លៃត្រឹមតែ៥៧០០០រៀល ប៉ុណ្ណោះ។ លោក បញ្ជាក់ថា ប្រសិនបើការនាំចូលធ្វើឲ្យប៉ះពាល់ដល់ការចិញ្ចឹមក្នុងស្រុក ដូច្នេះ លោកនឹងកសិករឯទៀត មានតែបោះបង់ការចិញ្ចឹមចោលទាំងស្រុង ទៅធ្វើការ ឬប្រកបមុខរបផ្សេង។ 
 
ស្រដៀងគ្នានេះ លោក ជុំ ស៊ីអូន អ្នកចិញ្ចឹមជ្រូកប្រមាណ៣០ក្បាលនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានឲ្យដឹងដែរថា កសិករក្នុងស្រុក នឹងពិបាកប្រកួតប្រជែងតម្លៃទីផ្សារជាមួយជ្រូកបរទេស ប្រសិនបើរដ្ឋាភិបាល អនុញ្ញាតឲ្យមានការនាំចូលជ្រូកពីក្រៅប្រទេសឡើងវិញ។  
 
លោក ប្រាប់ដូច្នេះថា៖«ទោះបីការនាំចូលមិនប៉ះពាល់ធំដុំ ក៏ខ្ញុំចង់បិទការនាំចូលដែរ។ ព្រោះ បើបិទទៅ វាអាចធ្វើការចិញ្ចឹមជ្រូកយើងរីកចម្រើន ដោយកសិករនាំគ្នាចិញ្ចឹមច្រើន សម្រាប់ផ្គត់ផ្គង់ទីផ្សារប្រទេសយើង»។
 
សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអះអាងថា ការអនុញ្ញាតឱ្យនាំចូលជ្រូកមកផ្គត់ផ្គង់កម្ពុជា គឺដើម្បីកុំឱ្យតម្លៃជ្រូកឡើងថ្លៃ។ ប៉ុន្តែ កសិកររូបនេះ បញ្ជាក់ថា បច្ចុប្បន្ន ជ្រូករស់មានតម្លៃត្រឹម១០៨០០ ឬ១១០០០រៀលប៉ុណ្ណោះក្នុងមួយគីឡូ ដូច្នេះ តម្លៃនេះមិនថ្លៃពេកឡើយ គឺសមរម្យអាចឲ្យអ្នកចិញ្ចឹមចំណេញបន្តិចបន្តួច។ បានន័យថា កសិករនឹងប្រឈមខាតបង់ធ្ងន់ធ្ងរ ប្រសិនតម្លៃក្រោម១ម៉ឺនរៀល។  
 
លោក ប្រាប់យ៉ាងដូច្នេះថា៖«តម្លៃបច្ចុប្បន្នមិនថ្លៃទេ ដោយសារកសិករយើងចិញ្ចឹមមិនសូវបានច្រើនទេ។ ទី១ ចំណី កូន ថ្នាំ និងការថែទាំ សុទ្ធតែឡើងថ្លៃ អ៊ីចឹង គិតៗទៅមិនចំណេញអីប៉ុន្មានដែរ»។
 
ចំណែក អ្នកស្រី ថន ចន្ធី អ្នកចិញ្ចឹមជ្រូកម្នាក់ទៀតនៅស្រុក បាភ្នំ ខេត្តព្រៃវែង បានបញ្ជាក់ថា លោកស្រី មិនគាំទ្រឲ្យមានការនាំចូលជ្រូកពីក្រៅប្រទេសឡើយ ព្រោះការនាំចូលទាំងនោះអាចផ្ដល់ជាជំងឺ ឬប៉ះពាល់ដល់ទីផ្សារក្នុងស្រុក។ អ្នកស្រី ស្នើឲ្យរដ្ឋាភិបាល បន្តបិទការនាំចូល ហើយងាកមកលើកកម្ពស់ ឬជំរុញឲ្យកសិករបង្កើនការផលិតវិញ តាមរយៈការបណ្ដុះបណ្ដាលបច្ចេកទេសចិញ្ចឹមតាមមូលដ្ឋាន។ 
 
អ្នកស្រី ប្រាប់ដូច្នេះថា៖«ប្រសិនជាអាច ខ្ញុំមិនចង់ឲ្យមានការនាំចូលទេ។ ខ្ញុំចង់ឲ្យរដ្ឋាភិបាល បិទការនាំចូលជ្រូកពីក្រៅ ហើយមកបណ្ដុះបណ្ដាលចំណេះដឹង ឬជំនាញដល់ប្រជាជនខ្មែរយើងហ្នឹង ឲ្យគាត់ចេះចិញ្ចឹមវិញ។ ព្រោះឥឡូវ ប្រជាពលរដ្ឋយើងក៏គាត់ឆ្លាត និងស្វែងយល់ច្រើន អ៊ីចឹង បើសិន មានការបង្ហាត់បង្រៀនទៀត ការចិញ្ចឹមរបស់ពួកគាត់នឹងរីកចម្រើន។
 
ជាមួយគ្នានេះ លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានប្រាប់សារព័ត៌មានថ្មីៗ២៥ នៅថ្ងៃទី២៨កុម្ភៈនេះថា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា មិនជុំទាស់ នឹងការដេញថ្លៃនាំចូលជ្រូករបស់ក្រសួងសេដ្ឋកិច្ចនេះឡើយ។ ប៉ុន្តែ លោក មើលឃើញថា សព្វថ្ងៃនេះ កម្ពុជាអាចអ្នកផ្គង់ផ្គង់ជ្រូកដោយខ្លួនបាន។ ជាក់ស្ដែង រយៈពេល៤ខែចុងក្រោយនេះ កម្ពុជាពុំមានការនាំចូលជ្រូករស់ពីប្រទេសជិតខាងឡើយ តែកម្ពុជានៅតែអាចផ្គត់ផ្គង់ជ្រូករស់ និងសាច់ជ្រូកបានគ្រប់គ្រាន់តាមតម្រូវការ។ 
 
លោក ប្រាប់ដូច្នេះថា៖«សមាគមមិនមែន មិនគាំទ្រឲ្យនាំចូលនោះទេ គឺយើងគាំទ្ររហូត។ តែយើងឃើញហើយថា សព្វថ្ងៃនេះ គឺមានជ្រូកគ្រប់គ្រាន់ទីផ្សារហើយ ដោយមិនបាច់នាំចូល។ អ៊ីចឹង ខាងសមាគម ក៏ដូចជាកសិករទាំងអស់គាត់មិនយល់ស្របនឹងការដេញថ្លៃនេះទេ។ ដោយសារ សព្វថ្ងៃនេះ មានគ្រប់ហើយ។ តែបើ យើងខ្វះ១ គឺនាំចូល១មក ខ្វះ២នាំចូល២មក»។  
 
ជាមួយគ្នានេះ ពលរដ្ឋមួយចំនួន ក៏បារម្ភពីបញ្ហាជ្រូកឈឺ និងសាច់ជ្រូកឡើងថ្លៃ។ លោក សុខ លាប ជាបុគ្គលិកធានាគារម្នាក់ បានលើកឡើងដែរថា បច្ចុប្បន្នលោក ពុំសូវបរិភោគសាច់ជ្រូកប៉ុន្មានទេ ដោយបារម្ភខ្លាចមានការនាំចូលជ្រូកពីក្រៅប្រទេសដែលមានផ្ទុកជំងឺ ឬវីរុសផ្សេងៗ។ លោក សុខ សាប បន្តថា ដោយសារកន្លងទៅ មានពលរដ្ឋជាច្រើនបានជួបប្រទះនឹងបញ្ហាសាច់គោ សាច់ជ្រូកមានជំងឺ។ ដូច្នេះ ទើបលោកប្រុងប្រយ័ត្ន។ 
 
លោក ប្រាប់ដូច្នេះថា៖«ខ្ញុំព្រួយបារម្ភខ្លាចមានជំងឺ ប៉ះពាល់ដល់សុខភាព ព្រោះការនាំចូលហ្នឹង អាចប្រើប្រាសថ្នាំ ឬសារធាតុគីមីណាមួយ។ ណាមួយ ឥឡូវជំងឺប៉ុស្តេកំពុងផ្ទុះនៅវៀតណាមផង អ៊ីចឹង ខ្ញុំមិនចង់ឲ្យមានការនាំចូលទេ»។ 
 
ចំណែក លោក កញ្ញា ឆេង គឹមលៀង និស្សិតគណិតវិទ្យានៅសកលវិទ្យាលយ័ភូមិន្ទភ្នំពេញ បានលើកឡើងថា កញ្ញាមិនគាំទ្រឲ្យមានការនាំចូលជ្រូកពីក្រៅប្រទេសនោះទេ ដោយអះអាងថា ការនាំចូលទាំងនោះអាចប៉ះពាល់ដល់សុខភាពសាធារណៈ និងទីផ្សារកសិករក្នុងស្រុក។  
 
កញ្ញា គឹមលៀង ប្រាប់ដូច្នេះថា៖«ការចូលសាច់ ឬផលិតផ្សេងៗពីក្រៅប្រទេសមិនល្អនោះទេ ព្រោះយើងអត់ដឹងថា គេចិញ្ចឹមយ៉ាងមិច ដាក់សារធាតុអ្វីខ្លះក្នុងចំណី ឬសាច់។ អ៊ីចឹង បើជ្រូកស្រុកយើងវិញ យើងទុកចិត្តជាង ដោយសារដឹងប្រភពច្បាស់លាស់»។
 
កាលពីថ្ងៃទី ១៥កុម្ភៈ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា ក៏បានស្នើឲ្យក្រសួងសេដ្ឋកិច្ច បញ្ឈប់នីតិវិធីដេញថ្លៃជ្រូករស់ ងាកមកជួយជំរុញក្រសួងពាក់ព័ន្ធ និងអាជ្ញាធរដែនដី ចូលរួមទប់ស្កាត់ការនាំចូលជ្រូករស់ខុសច្បាប់ សាច់បង្កក និងផលិតផលកែច្នៃមានដើមកំណើតពីសត្វ ដើម្បីទប់ស្កាត់ជំងឺឆ្លងដែន ពិសេសជំងឺប៉េស្តអាហ្រ្វិក ដើម្បីរក្សាបាននូវស្ថិរភាពការផ្គត់ផ្គង់ជ្រូករស់ និងតម្លៃជ្រូកសាច់លើទីផ្សារ។ 
 
កន្លងមក លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានបង្ហាញការមិនគាំទ្រឲ្យមានការនាំជ្រូកពីក្រៅប្រទេសដែរ ដោយសារលោកយល់ឃើញថា ការនាំចូលជ្រូកមកកម្ពុជា នឹងធ្វើឱ្យប៉ះពាល់ដល់កសិករចិញ្ចឹមជ្រូកក្នុងស្រុក។ ប៉ុន្តែ សម្ដេច ហ៊ុន សែន មិនយល់ស្របតាមគំនិតលោក វេង សាខុន ឡើយ។ 
 
សម្ដេច ហ៊ុន សែន បានអះអាងថា ការអនុញ្ញាតឱ្យនាំចូលជ្រូកមកផ្គត់ផ្គង់កម្ពុជា គឺដើម្បីកុំឱ្យតម្លៃជ្រូកឡើងថ្លៃ។ បានន័យថា បើជ្រូកផ្គត់ផ្គង់តម្រូវការទីផ្សារគ្រប់គ្រាន់ គឺវាមិនធ្វើឱ្យតម្លៃកើនឡើងទ្វេរដងទេ ប៉ុន្តែបើគ្មានជ្រូកគ្រប់គ្រាន់ ទើបធ្វើឱ្យតម្លៃជ្រូកខ្ពស់។ ផ្ទុយទៅវិញ សម្ដេច ហ៊ុន សែន បាននិយាយថា លោក វេង សាខុន ជារដ្ឋមន្រ្តីមិនសូវសហការជាងគេ ក្នុងចំណោមរដ្ឋមន្រ្តីទាំងអស់។
 
បើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច កាលពីថ្ងៃទី១១កុម្ភៈ ការរៀបចំយន្តការដេញថ្លៃនាំចូលជ្រូករស់ ផ្គត់ផ្គង់ទីផ្សារកម្ពុជានេះ នឹងត្រូវអនុវត្តក្នុងករណីខ្វះខាតជ្រូកតែប៉ុណ្ណោះ។ ប៉ុន្តែជាគោលការណ៍ រដ្ឋាភិបាល នៅតែលើកទឹកចិត្តអ្នកចិញ្ចឹមក្នុងស្រុក ឲ្យមានលទ្ធភាពផ្គត់ផ្គង់ជ្រូកគ្រប់គ្រាន់ ជាមួយនឹងតម្លៃសមរម្យ ដោយពុំចាំបាច់មានការនាំចូល។    
 
ការរៀបចំយន្តការឡើង ក្នុងបំណងសំខាន់ គឺលើកកម្ពស់ការប្រកួតប្រជែង ប្រកបដោយតម្លាភាព ក្នុងការធ្វើអាជីវកម្មនាំចូលជ្រូករស់ និងធានានិរន្តរភាពនៃការចិញ្ចឹមជ្រូករបស់កសិករ ព្រមទាំងរក្សារនូវតម្លៃជ្រូករស់ និងសាច់នៅលើទីផ្សារ ឲ្យបានសមរម្យក្នុងបរិបទកូវីដ១៩។
 
បើតាមក្រសួងកសិកម្ម ទោះបីកម្ពុជាកំពុងស្ថិតនៅក្នុងវិបត្តិកូវីដ១៩ ក៏តម្លៃជ្រូករស់ក្នុងស្រុកមិនមានការប្រែប្រួលខ្លាំងនោះឡើយ ហើយតម្លៃអាស្រ័យទៅតាមតំបន់នីមួយៗ និងប្រភេទសាច់ជ្រូក។ ចំពោះតម្លៃសាច់ជ្រូកនៅលើទីផ្សារ បានប្រែប្រួល ពី២០ ០០០ទៅ ២៥ ០០០រៀលក្នុងមួយគីឡូក្រាម។ កម្ពុជាត្រូវការជ្រូករស់ប្រមាណ៨ ទៅ៩ពាន់ក្បាល ជារៀងរាល់ថ្ងៃ សម្រាប់ផ្គត់ផ្គង់ទូទាំងប្រទេស៕ 
 
 

Tag:
 ជ្រូក
  ក្រសួងកសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com