កីឡាជាតិ
ជាតិ
ណាហ្គា​ខប​នាំ​យក​កី​ឡាករ​បរ​ទេស​៤រូប​ទៅ​បន្ត​ធ្វើ​តេស្តិ៍​នៅ​ភ្នំពេ​ញ
11, Jan 2014 , 10:40 am        
រូបភាព
កីឡាករ​បរទេស​៤រូប​ដែល​បានចូល​លេងក្នុងការ​ប្រកួត​មិត្ត​ភាព​ទាំងពីរ​លើក​នៅ​ក្នុង​ប្រទេស​ថៃ​ជាមួយ​ក្លិបណាហ្គាខប ត្រូវ​បន្ត​ធ្វើ​ដំណើរ​ទៅ​កាន់​រាជ​ធានី​ភ្នំពេញ​ដើម្បី​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​បន្ថែម​ទៀត។ ថ្នាក់ដឹកនាំ​ណាហ្គាខប​អះអាងថា សមត្ថភាព​របស់​កីឡាករ​ទាំងបួន​រូប​អាច​នឹង​ឈាន​ទៅ​ដល់​ការ​ចុះ​កិច្ចសន្យា​ជាផ្លូវ​ការ​មួយសម្រាប់​ការ​ប្រកួត​ក្របខណ្ឌមិត្ត​ហ្វូន​ខេម​បូ​ឌានលីក​​នា​ពេល​ខាងមុខ។



កីឡាករ​បរទេស​ទាំង៤រូបរួមមាន ខ្សែប្រយុទ្ធ​កូរ៉េខាងត្បូង Kim Sang Min ខ្សែ​បម្រើ​ប្រយុ​ទ្ធ​កូរ៉េ​ខាង​ត្បូ​ង Jang In Yong ខ្សែបម្រើកណ្តាល​ជប៉ុន Masahiro Fukasawa និង​ខ្សែបម្រើ​ស្លាបហ្គីណេ Barry។ កីឡាករ​ទាំងនេះ បាន​ចូល​លេង​ជាបន្ត​បន្ទាប់ ខណៈក្លិប BCC Tero (ឈុត​ទីពីរ​របស់​ BEC Tero Sansana) យក​ឈ្នះ​ណាហ្គាខប ៤-១ ។ ពួក​គេ​បាន​ចូល​លេង​ជាង​មួយ​ម៉ោង​ទៀត​នា​ជំនួប​មិត្ត​ភាព​ជាមួយ​ក្លិប Chainat FC នៅ​កីឡដ្ឋាន Khao Plong Stadium កាលពី​ថ្ងៃ​សុក្រ ដោយ​ក្រុម​ម្ចាស់​ផ្ទះ​បាន​យក​ឈ្នះ​ក្នុងលទ្ធផល ៣-០ ។

លោក ឡាំ ទីនី អ្នក​ចាត់​ការ​ទូទៅ​ក្រុម​ណាហ្គាខប បាន​អះអាងថា ក្រុម​របស់​លោក​អាច​នឹង​ឈាន​ទៅ​ដល់​កិច្ច​ព្រម​ព្រៀង​ជាមួយ​កីឡាករ​បរទេស​ទាំង​បួន​នា​ពេល​ឆាប់​ៗ ខណៈលក្ខខណ្ឌមួយ​ចំនួន​កំពុង​ស្ថិតក្នុងពិភាក្សា​រវាង​ថ្នាក់ដឹកនាំណាហ្គាខប និង​ភ្នាក់ងារ​របស់កីឡាករ​ទាំងនោះ។

លោក​បាន​បញ្ជាក់ថា៖ «​យើង​យក​ពួក​គេ​ទៅ​ធ្វើតេស្តិ៍​បន្ត​នៅ​ភ្នំពេញ ហើយ​បើគ្មាន​បញ្ហា​អ្វី​ទេនោះ ពួក​គេ​នឹង​ក្លាយ​ជា​សមាជិកបរទេស​​ថ្មី​របស់​ណាហ្គាខបសម្រាប់​ការ​ប្រកួតលីក ខណៈ​បច្ចុប្បន្ន យើង​មាន​កីឡាករកូដឌីវ័រ​ម្នាក់​រួចទៅ​ហើយ»។

សូម​បញ្ជាក់​កាលពីជំនួបមិត្តភាព​ជាមួយ​ក្លិប Chainat FC ណាហ្គាខប​បាន​ធ្វើ​ដំណើរ​ជាង​៣ម៉ោង​ដើ​ម្បី​​​ទៅ​ជួបក្រុម​ម្ចាស់ផ្ទះ ហើយ​ពួក​គេ​៤០​នាទី​ក្រោយ​ទៅ​ដល់​ទីលាន​ ពួក​គេ​បាន​ចាប់​ផ្តើម​ប្រកួត។ ក្រុ​មម្ចាស់​ផ្ទះ​ដែល​ស្ថិតក្រោម​ការដឹកនាំ​របស់​លោក Surachai Jaturapattarapong បាន​យក​ឈ្នះ​ក្នុ​ង​លទ្ធ​ផល ៣-០ ដែល​គ្រាប់​បាល់​បញ្ចូល​ទី​ទាំង​អស់​គឺពួក​គេ​ធ្វើ​បាន​សម្រេចនៅ​ក្នុងតង់​ទីមួយ។

ទាក់ទង​នឹង​សមត្ថភាព​របស់កីឡាករ​បរទេស លោក ប្រាក់ សុវណ្ណារ៉ា ទីប្រឹក្សា​បច្ចេកទេស និង​ជា​អ្នក​ដឹកនាំ​បង្វឹក​បណ្តោះអាសន្ន​របស់ណាហ្គាខប បាន​គូស​បញ្ជាក់ថា៖ «ពួក​គេសុទ្ធតែមាន​សមត្ថភាព​ដ៏​គួរឲ្យ​កត់សម្គាល់ ជាពិសេស​ កីឡាករជប៉ុន Masahiro Fukasawa និងកីឡាករ​កូរ៉េខាងត្បូង Jang In Yong ប៉ុន្តែ​បញ្ហា​ត្រង់ថា ពួក​គេ​មិន​ដឹង​ច្បាស់​ពី​របៀប​លេង​របស់ណាហ្គាខប ហើយ​ម្យ៉ាង​ទៀត ការ​អស់​កម្លាំង​ដោយ​សារការធ្វើ​ដំណើរ»។

លោក​បាន​បន្ថែម​ថា ប្រសិន​បើមាន​ការ​ត្រូវរ៉ូវ​គ្នា​លើ​​លក្ខខណ្ឌ​មួយ​ចំនួនហើយនោះ ពួក​គេ​នឹង​ក្លាយ​ជាកម្លាំង​ដ៏​សំខាន់​របស់ណាហ្គាខប​សម្រាប់​ការ​ប្រកួត​ក្នុងលីក។ នៅ​ក្នុងការ​ប្រកួតកន្លងមក​ លោក​ប្រាក់ សុវណ្ណារ៉ា ក៏​បាន​ដាក់​ឲ្យ​កីឡាករ​វ័យ​ក្មេង​មួយចំនួន​ចូល​លេង​ផង​ដែរដើម្បី​ពង្រឹង​សមត្ថភាព​របស់​ពួក​គេ​សម្រាប់យុទ្ធនាការ​ការពារ​ពាន​រង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ​២០១៣៕


កីឡាករ​បរទេស​ទាំង​បួន​ស្ថិតនៅ​ក្នុង​ជម្រើស​ជាតិ​ដំបូង​នា​ជំនួបមិត្តភាព​ជាមួយ​ Chainat FC



ខ្សែប្រយុទ្ធកូរ៉េខាងត្បូង Kim Sang Min

ខ្សែបម្រើស្លាប Barry សញ្ជាតិហ្គីណេ


ខ្សែបម្រើ​ប្រយុទ្ធកូរ៉េខាងត្បូង Jang In Yong


ខ្សែបម្រើកណ្តាលជប៉ុន (ឈូសបាល់) Masahiro Fukasawa និង​ខ្សែបម្រើកូរ៉េខាងត្បូង (ស្តាំ) Jang In Yong

© រក្សាសិទ្ធិដោយ thmeythmey.com