អន្តរជាតិ
កម្លាំងយោធារុស្ស៊ី ដណ្តើមបានក្រុងអ៊ុយក្រែនមួយ ក្រោយបើកការវាយប្រហារ៧ថ្ងៃ
03, Mar 2022 , 3:29 pm        
រូបភាព
ទិដ្ឋភាពខូចខាត ដែលបណ្តាលមកពីការវាយប្រហាររបស់រុស្ស៊ី នៅក្នុង ក្រុង Kharkiv ។ រូបភាព៖ AFP
ទិដ្ឋភាពខូចខាត ដែលបណ្តាលមកពីការវាយប្រហាររបស់រុស្ស៊ី នៅក្នុង ក្រុង Kharkiv ។ រូបភាព៖ AFP
កម្លាំងទ័ពរុស្ស៊ី បានគ្រប់គ្រងក្រុងកំពង់ផែ Kherson បន្ទាប់ពីបើកការវាយប្រហារមកក្នុងដីអ៊ុយក្រែនរយៈពេល៧ថ្ងៃ។ មន្រ្តីតំបន់បានបញ្ជាក់បែបនេះ នៅថ្ងៃទី២ ខែមីនា។ វាជាជោគជ័យដ៏សំខាន់មួយសម្រាប់ក្រុងមូស្គូ។

 
មកទល់ពេលនេះ រុស្ស៊ីនៅតែបន្តវាយប្រហារលើអ៊ុយក្រែន។ តាមរយៈការវាយប្រហាររយៈពេល ៧ថ្ងៃមកនេះ រុស្ស៊ី បានដណ្តើមក្រុងកំពង់ផែ Kherson ដែលស្ថិតនៅភាគខាងត្បូងអ៊ុយក្រែន និងស្ថិតនៅជិតតំបន់គ្រីមេ។ ក្រុង Kherson ជាក្រុងសំខាន់ដំបូង ដែលរុស្ស៊ីគ្រប់គ្រងបានពីអ៊ុយក្រែន ចាប់តាំងពីវាយប្រហារមក។ 
 
«កម្លាំងទ័ពរុស្ស៊ី បានស្ថិតនៅគ្រប់ច្រកនៃទីក្រុង និងស្ថានភាពគ្រោះថ្នាក់ណាស់»។ លោក Gennady Lakhuta ប្រមុខរដ្ឋបាលតំបន់ បានបញ្ជាក់បែបនេះ តាមរយៈបណ្តាញសង្គម Telegram នៅថ្ងៃទី២ ខែមីនា។ ចំណែកអភិបាលក្រុងកំពង់ផែមានមនុស្សរស់នៅប្រមាណ ២៩ម៉ឺននាក់ លោក Igor Kolykhaiev ក៏បានប្រកាសពីការពិភាក្សាជាមួយកម្លាំងទ័ពរុស្ស៊ី ដែលបានកាន់កាប់តំបន់ Kherson។ 
 
បើតាមលោកអភិបាលក្រុងដែលសរសេរលើបណ្តាញសង្គម Facebook មន្រ្តីនៅក្នុងក្រុងមិនមានអាវុធ និងធ្វើសកម្មភាពគឃ្លើនណាមួយឡើយ ប៉ុន្តែមន្រ្តីក្រុងគ្រាន់តែចង់បង្ហាញថា ពួកគេគ្រាន់តែចង់ថែរក្សាសុវត្ថិភាពក្រុង និងព្យាយាមដោះស្រាយបញ្ហាពិបាកមួយចំនួនដែលបង្កឡើងដោយការឈ្លានពានប៉ុណ្ណោះ។ 
 
លោក Kolykhaiev បានបន្តថា អាជ្ញាធរក្នុងតំបន់មានបញ្ហាលំបាកមួយចំនួន ក្នុងការប្រមូល និងបូជាអ្នកស្លាប់ រួមទាំងការចែកចាយអាហារ និងសម្ភារវេជ្ជសាស្រ្តមួយចំនួនទៅប្រជាជន និងការប្រមូលសម្រាមជាដើម។ 
 
ក្រៅពីក្រុង Kherson កំពង់ផែ Berdiansk ដែលស្ថិតនៅភាគអាគ្នេយ៍នៃប្រទេស ក៏ត្រូវបានកម្លាំងទ័ពរុស្ស៊ីដណ្តើមបានដែរ។ ស្របគ្នានេះ ក្រុង Kharkiv ដែលជាទីក្រុងលំដាប់ទីពីរ បន្ទាប់ពីទីក្រុងកៀវ កំពុងរងការវាយប្រហារយ៉ាងខ្លាំងពីកងទ័ពរុស្ស៊ី។ 
 
ក្រោមការវាយប្រហាររយៈពេលប៉ុន្មានថ្ងៃមកនេះ រុស្ស៊ីបានរាយការណ៍ថា កម្លាំងយោធារបស់ខ្លួន បានបាត់បង់ជីវិតជាង ៥០០នាក់ ខណៈរបួសមានជាង ១៦០០នាក់។ ចំនួននេះ គឺតិចណាស់ បើធៀបនឹងការលើកឡើងរបស់ប្រធានាធិបតីអ៊ុយក្រែន ដែលបានអះអាងថា កងទ័ពរុស្ស៊ី បានបាត់បង់ជីវិតប្រមាណ៩ពាន់នាក់។ តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP អ៊ុយក្រែន មិនបានបញ្ចេញតួលេខទាហានស្លាប់របស់ខ្លួនឡើយ ខណៈពេលប្រជាជនស៊ីវិល ដែលបាត់បង់ជីវិត បានកើនដល់ជាង២ពាន់នាក់៕ 
 

Tag:
 អ៊ុយក្រែន
  រុស្ស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com