អត្ថបទពាណិជ្ជកម្ម
ពិធីសម្ពោធជាផ្លូវការនៃសាលា អេស៊ីអ៊ី ទីតាំងទួលគោក
03, Mar 2022 , 3:49 pm        
រូបភាព
ពីឆ្វេងទៅស្តាំៈ  ឯកឧត្តម Pablo Kang ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន និង លោក ម៉ៅ ស្រេង
ពីឆ្វេងទៅស្តាំៈ ឯកឧត្តម Pablo Kang ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន និង លោក ម៉ៅ ស្រេង
មជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ការបណ្តុះបណ្តាល ហៅកាត់ថាសាលា អេស៊ីអ៊ី បានរៀបចំពិធីសម្ពោធជាផ្លូវការ នៃសាលា អេស៊ីអ៊ី ទីតាំងទួលគោក កាលពីព្រឹកថ្ងៃពុធ ទី០២ ខែមីនា ឆ្នាំ២០២២ ដោយមានការចូលរួមពីអ្នកតំណាងពីស្ថាប័នរដ្ឋ ស្ថានទូតអន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល និងក្រុមហ៊ុនអន្តរជាតិជាច្រើនផ្នែក។

ស្ថាប័ន IDP Education ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩២ ក្នុងគោលបំណងបណ្ដុះបណ្ដាលភាសាអង់គ្លេស ដល់ក្រុមការងារ UNTAC (United Nations Transitional Authority in Cambodia) សាលា អេស៊ីអ៊ី ក៏ត្រូវបានគេស្គាល់ថា ជាមជ្ឈមណ្ឌលបណ្ដុះបណ្ដាលភាសាអង់គ្លេស ឈានមុខគេនៅក្នុងប្រទេសកម្ពុជា និងក្នុងតំបន់។
 
សាលា អេស៊ីអ៊ី ទីតាំងទួលគោក គឺជាសាខាមួយក្នុងចំណោមសាខាទាំងប្រាំមួយ ដែលដំណើរការដោយស្ថាប័នIDP Education ប្រចាំប្រទេសកម្ពុជា ដែលឆ្លុះបញ្ចាំងពីកំណើនតម្រូវការភាសាអង់គ្លេស របស់យុវជនកម្ពុជា និងអ្នកដែលមិនមានភាសាដើមកំណើត ជាភាសាអង់គ្លេស។ ជាក់ស្តែង សាលា អេស៊ីអ៊ី ទីតាំងទួលគោក បានបើកដំណើរការក្នុងឆ្នាំ ២០១៨ ក៏ប៉ុន្តែដោយសារការរាលដាលនៃជំងឺកូវីដ១៩ ពិធីបើកសម្ពោធជាផ្លូវការត្រូវបានពន្យារពេល រហូតមកដល់ពេលនេះ។ 
 
បច្ចុប្បន្ននេះ សាលា អេស៊ីអ៊ី បណ្ដុះបណ្ដាលសិស្ស ជាង ២០ ០០០ នាក់ រៀងរាល់វគ្គសិក្សានៅគ្រប់សាខានៅភ្នំពេញ ខេត្តសៀមរាប និងតាមប្រព័ន្ធអនឡាញផងដែរ។ សិស្សានុសិស្សប្រមាណ ៧០០ ០០០ នាក់ ចម្រុះដោយ ៣៨ ជាតិសាសន៍ បានទទួលការបណ្តុះបណ្តាលពី សាលា អេស៊ីអ៊ី ក្នុងរយៈពេល ៣០ឆ្នាំមកនេះ។ 
 
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ដ្រាលីប្រចាំប្រទេសកម្ពុជា  និងលោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃសាលាអេស៊ីអ៊ី និង ស្ថាប័ន IDP Education ក៏បានផ្តល់កិតិ្តយសអញ្ជើញចូលរួមពិធីបើកសម្ពោធសាលា អេស៊ីអ៊ី ទីតាំងទួលគោក។
 

 លោក ហង់ ជួន ណារ៉ុន ថ្លែងសុន្ទរកថាបើកកម្មវិធី ក្នុងពិធីសម្ពោធជាផ្លូវការនៃសាលាអេស៊ីអ៊ី ទីតាំងទួលគោក
 
ដោយផ្តោតទៅលើសារៈសំខាន់នៃការសិក្សាភាសាអង់គ្លេស លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡា បានមានប្រសាសន៍ថា៖ “ភាសាអង់គ្លេស ពិតជាមានសារៈសំខាន់ណាស់ សម្រាប់សិស្ស ក្នុងការទទួលបានចំណេះដឹង ដែលជាមធ្យោបាយក្នុងការទំនាក់ទំនង និងជាស្ពានក្នុងការបន្តការសិក្សា មុខវិជ្ជាដទៃទៀត។ ការសិក្សា និងការចេះប្រើប្រាស់ភាសាអង់គ្លេសស្ទាត់ជំនាញ គឺមានសារៈសំខាន់ក្នុងការអភិវឌ្ឍន៍គុណភាព ឧត្តមភាព ក្នុងប្រទេសកម្ពុជា ក៏ដូចជាសម្រេចនៅគោលដៅសិក្សា រយៈពេលយូរអង្វែង។” 
ដោយប្រទេសកម្ពុជា មានតួនាទីជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) សម្រាប់ឆ្នាំនេះ លោក ហង់ ជួន ណារ៉ុន បានបន្តទៀតថា៖ “ភាសាអង់គ្លេស គឺជាភាសាប្រើប្រាស់ជាផ្លូវការ សម្រាប់សមាគមអាស៊ាន ដូច្នេះហើយការប្រើប្រាស់ភាសានេះបានល្អ មានសារៈសំខាន់ក្នុងការចូលរួមកិច្ចប្រជុំអាស៊ាន និងទំនាក់ទំនងផ្លូវការនានា។ ខ្ញុំសូមសម្តែងការកោតសសើរ ទៅលើសាលា អេស៊ីអ៊ី ដែលបានចូលរួមផ្តល់ចំណេះដឹងផ្នែកភាសារអង់គ្លេសនេះ ដល់ប្រជាជនកម្ពុជាជាង ៣ ទស្សវត្សន៍មកនេះ។” 
 
សាលា អេស៊ីអ៊ី ទីតាំងទួលគោក បំពាក់ដោយបច្ចេកវិទ្យា និងបរិក្ខារទំនើបចុងក្រោយបង្អស់ ដើម្បីធានាបាននូវបរិយាកាសសិក្សាប្រកបដោយគុណភាព ដល់សិស្សានុសិស្សគ្រប់វ័យ។
 

លោក Pablo Kang ថ្លែងសុន្ទរកថាពិសេសជូនចំពោះឥស្សរជន និងភ្ញៀវកិត្តិយសក្នុងពិធីសម្ពោធជាផ្លវការនៃសាលាអេស៊ីអ៊ីទីតាំងទួលគោក
 
បន្ទាប់ពីការធ្វើទស្សនកិច្ចទីតាំងថ្មី របស់សាលាអេស៊ីអ៊ីរួចមក លោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ដ្រាលី បានលើកឡើងថា៖ “កំឡុងពេល ៣០ឆ្នាំមកនេះ សាលាអេស៊ីអ៊ី រក្សាបានយ៉ាងខ្ជាប់ខ្ជួន លើគុណភាពនៃការអប់រំ និងលើសពីអ្វីដែលបានរំពឹងទុក ក្នុងកម្រិតស្តង់ដារអន្តរជាតិ ដោយសារការធានាបានថា សិស្សានុសិស្ស អាចទទួលបានការបង្រៀនពីគ្រូដែលមានសមត្ថភាពខ្ពស់ ព្រមទាំងធនធាន និងបច្ចេកវិទ្យាលំដាប់ពិភពលោក ដូចដែលបានផ្តល់ជូននៅសាលា អេស៊ីអ៊ី ទីតាំងទួលគោកនេះផ្ទាល់។ សាលាអេស៊ីអ៊ី នៅតែមានភាពឈានមុខគេ ផ្នែកច្នៃប្រឌិតថ្មីសម្រាប់វិស័យអប់រំ ពិសេសក្នុងដំណាក់កាលនៃការចាប់ផ្តើមនៃជំងឺកូវីដ-១៩ និងជាគ្រឹះស្ថានអប់រំដ៏សំខាន់ដំបូងគេនៅប្រទេសកម្ពុជា ដែលបានបង្កើតប្រព័ន្ធគ្រប់គ្រងការសិក្សា ដែលអនុញ្ញាតឱ្យសិស្ស បន្តការសិក្សាបានយ៉ាងពេញលេញតាមប្រព័ន្ធអនឡាញ។” 
 
“ការបង្កើតថ្មីនេះ បានអនុញ្ញាតឱ្យសាលា អេស៊ីអ៊ី គ្រប់គ្រងបាននូវហានិភ័យនានា និងពិសេសហានិភ័យ ដែលកើតឡើងដោយសារតែវត្តមានរបស់វីរុសបំប្លែងថ្មី Omicron ដោយចាប់យកការបង្រៀនបែបលាយបញ្ចូលគ្នា រវាងការសិក្សានៅថ្នាក់រៀន និងការសិក្សាតាមប្រព័ន្ធអនឡាញ។”
 
កត់សម្គាល់ទៅលើកេរ្តិ៍ឈ្មោះ របស់សាលាអេស៊ីអ៊ី នៅទូទាំងពិភពលោក លោកឯកអគ្គរាជទូតបានបន្តថា ៖“ឆ្នាំមុនកន្លងទៅនេះ សាលា អេស៊ីអ៊ីបានឈ្នះពានរង្វាន់ជា “អ្នកអប់រំភាសាល្អបំផុតប្រចាំឆ្នាំ” ក្នុងកម្មវិធីពាន់រង្វាន់ PIE Award នៅឯទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ហើយពានរង្វាន់នេះ ត្រូវជ្រើសរើសដោយគណៈកម្មការអន្តរជាតិ ៤៣រូប ដែលមកពីសាកលវិទ្យាល័យ ស្ថាប័ន និងបុគ្គលជំនាញ ពី ២៥ ប្រទេសជុំវិញពិភពលោក។ ខ្ញុំពិតជាមានភាពសោមន្សរីករាយយ៉ាងក្រៃលែង ដែលសាលាអេស៊ីអ៊ី បានទទួលការទទួលស្គាល់ជាអន្តរជាតិ ថាជាគ្រឹះស្ថានអប់រំដ៏មានឧត្តមភាព។”
 
ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា ក៏បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត របស់សាលាអេស៊ីអ៊ី ក្នុងសកម្មភាពសង្គមកន្លងមកដូចតទៅ “សាលាអេស៊ីអ៊ី គួរតែទទួលបានការកោតសសើរ ចំពោះទំនួលខុសត្រូវសាជីវកម្មទៅលើសង្គមរបស់ស្ថាប័ននេះ តាមរយៈក្រុមការងារសង្គម និងតាមរយៈឯកអគ្គរាជទូតសុឆន្ទៈ សិស្ស និងអតីតសិស្ស ដែលតែងតែចូលរួមយ៉ាងសកម្ម ទៅលើសកម្មភាពសង្គម ដូចជាផ្នែកអប់រំ បរិស្ថាន ភាពក្រីក្រ និងក្នុងគ្រាអាសន្នរបស់ជាតិជាដើម។ ក្នុងកំឡុងពេលមានជំងឺរាតត្បាត សាលាអេស៊ីអ៊ី បានផ្តល់ជាកញ្ចប់អាហារសម្រន់ ដល់ក្រុមការងារជួរមុខ និងបានផ្តល់ទីតាំងរបស់សាលា ធ្វើជាមជ្ឈមណ្ឌលចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋកម្ពុជា ដែលទាំងនេះ គឺជាសកម្មភាពដែលគួរឱ្យកោតសសើរ។” 
 

លោក ម៉ៅ ស្រេង ស្វាគមន៍ភ្ញៀវមកពីស្ថាប័នរដ្ឋ ស្ថានទូតអូស្ត្រាលី អង្គការក្រៅរដ្ឋាភិបាល និងអង្គការពហុជាតិ
 
លោក ម៉ៅ ស្រេង បានមានប្រសាសន៍ក្នុងកំឡុងពេលបើកសម្ពោធ សាលា អេស៊ីអ៊ី ទីតាំងទួលគោកថា៖ “ឆ្នាំ ២០២២ គឺជាខួបគម្រប់ ៣០ឆ្នាំ នៃប្រតិបត្តិការ និងការចូលរួមចំណែកដល់វិស័យអប់រំរបស់យើង នៅប្រទេសកម្ពុជា តាមរយៈការបណ្តុះបណ្តាលភាសាអង់គ្លេស ការធ្វើតេស្តវាស់សមត្ថភាពភាសាអង់គ្លេស IELTS និង ការជួយរៀបចំឯកសារបញ្ជូនសិស្សទៅសិក្សានៅក្រៅប្រទេស។ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ក្នុងការដឹកនាំក្រុមការងារ ដែល ខិតខំប្រឹងប្រែងក្នុងការផ្តល់សេវាអប់រំស្តង់ដារពិភពលោក ដល់សិស្សានុសិស្សរបស់យើងនៅក្នុងប្រទេសកម្ពុជា។ ពួកយើងក៏បានធ្វើការយ៉ាងសកម្ម ទៅលើការចែករំលែកនៃការអនុវត្តល្អបំផុត នៅក្នុងវិស័យបង្ហាត់បង្រៀនភាសាអង់គ្លេសស តាមរយៈវេទិកាអភិវឌ្ឍន៍វិជ្ជាជីវៈអន្តរជាតិផ្សេងៗ រួមទាំង កម្មវិធីសន្និបាត CamTESOL ដែលប្រព្រឹត្តទៅជារៀងរាល់ឆ្នាំផងដែរ។”
 
បច្ចុប្បន្ននេះ សាលា អេស៊ីអ៊ី ផ្ដល់ជូនកម្មវិធីសិក្សាភាសាអង់គ្លេស ទាំងនៅថ្នាក់រៀនផ្ទាល់ និងថ្នាក់អនឡាញ សម្រាប់សិស្សចាប់ពីកុមារអាយុ ៨ឆ្នាំ រហូតដល់មនុស្សធំពេញវ័យ និងអ្នកជំនាញ។
 
ទីតាំងទួលគោកថ្មីនេះ ក៏មាននូវការិយាល័យផ្តល់ប្រឹក្សា ពីការសិក្សានៅក្រៅប្រទេស និង មជ្ឈមណ្ឌល សម្រាប់ធ្វើតេស្តវាស់កម្រិតភាសាអង់គ្លេស IELTS ប្រចាំកម្ពុជា។
 


បង្កើតឡើងដោយសាកលវិទ្យាល័យជាច្រើន នៅប្រទេសអូស្រ្តាលី ស្ថាប័ន IDP Education ជាស្ថាប័នឈានមុខគេលើពិភពលោក ក្នុងការបញ្ជូនសិស្ស និស្សិត ទៅសិក្សានៅបរទេស ជាមួយបណ្ដាញការិយាល័យនៅជុំវិញពិភពលោក ជាង ១៣០ នៅក្នុង ៤៧ ប្រទេស ដើម្បីជួយសិស្ស ទៅបន្តការសិក្សានៅប្រទេសអូស្ដ្រាលី កាណាដា នូវែលសេឡង់ សហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស និងប្រទេសអៀរឡង់។
 
ស្ថាបនាដោយរដ្ឋាភិបាលអូស្រា្តលី តាំងពី ៥៣ ឆ្នាំមុន ស្ថាប័នIDP Education ក៏ជាស្ថាបនិក នៃតេស្តភាសាអង់គ្លេស IELTS ដែលជាតេស្តសម្រាប់វាស់កម្រិតសមត្ថភាពភាសាអង់គ្លេស ដែលមានប្រជាប្រិយភាពជាងគេនៅលើពិភពលោក៕
 
(អត្ថបទពាណិជ្ជកម្ម) 
 

Tag:
 ACE
© រក្សាសិទ្ធិដោយ thmeythmey.com