ជាតិ
សង្គមជាតិ
សម្ដេច ស ខេង៖ ការដោះស្រាយទំនាស់មូលដ្ឋាន បើគ្មានយុត្តិធម៌ទេ ទោះយកអំណោយចែកពលរដ្ឋ ក៏លែងជឿយើងដែរ
03, Mar 2022 , 3:59 pm        
រូបភាព
សម្ដេច ស ខេង រដ្ឋមន្រី្តក្រសួងមហាផ្ទៃ។ រូបពី MIC
សម្ដេច ស ខេង រដ្ឋមន្រី្តក្រសួងមហាផ្ទៃ។ រូបពី MIC
ភ្នំពេញ៖ សម្ដេច ស ខេង រដ្ឋមន្រី្តក្រសួងមហាផ្ទៃមើលឃើញថា ការដោះស្រាយទំនាស់នៅតាមមូលដ្ឋាន ត្រូវឲ្យមានយុត្តិធម៌គឺជារឿងចាំបាច់បំផុត។ ផ្ទុយទៅវិញ បើការដោះស្រាយទំនាស់នេះ គ្មានយុត្តិធម៌នោះ ទោះប្រឹងយកអំណោយចែកជូនពលរដ្ឋយ៉ាងណា ក៏ពួកគេមិនជឿលើគណបក្សប្រជាជនកម្ពុជា​ និងរដ្ឋាភិបាលដែរ។

 
«ការផ្ដល់ជំនួយមនុស្សជាសម្ភារ ជាថវិកា ជាដើម គឺជាការចាំបាច់។ ប៉ុន្តែអ្វីដែលជាការចាំបាច់ជាង តាមខ្ញុំយល់គឺការកសាងយុត្តិធម៌នៅមូលដ្ឋាន នេះគឺជាបញ្ហាគន្លឹះ»។ នេះជាការលើកឡើងរបស់សម្ដេច ស ខេង ដែលបានប្រាប់ឱ្យមន្ត្រីមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនពលរដ្ឋ តាមសំណើ និងសំណូមពររបស់ពួកគេ ឲ្យមានប្រសិទ្ធិភាព។
 
សម្រាប់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ការផ្ដល់យុត្តិធម៌ជូនពលរដ្ឋ គឺអាចទាញទឹកចិត្តពលរដ្ឋឱ្យជឿជាក់លើគណបក្សប្រជាជន និងរដ្ឋាភិបាល ជាងការប្រើប្រាស់អំណោយមនុស្សធម៌។ «ការដោះស្រាយនៅមូលដ្ឋានបើគ្មានយុត្តិធម៌ទេ ទោះបីយើងយកអំណោយទៅជូនប្រជាពលរដ្ឋប៉ុន្មាន ក៏គាត់អត់ជឿយើងដែរ។ ប៉ុន្តែផ្ទុយទៅវិញ បើយើងដោះស្រាយទំនាស់ និងបញ្ហានៅមូលដ្ឋានប្រកបដោយយុត្តិធម៌ គឺខ្ញុំជឿថា គាត់ពិតជាសប្បាយរីករាយ ពិតជាទទួលយកបាន»។ សម្ដេច ស ខេង ថ្លែងបែបនេះ នៅក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ នាព្រឹកថ្ងៃទី៣ មីនា។
 
រដ្ឋមន្រី្តក្រសួងមហាផ្ទៃ អំពាវនាវឲ្យមន្រី្តទាំងអស់បន្តបំពេញតួនាទីជាបម្រើរាស្រ្ត ដោយមិនប្រកាន់និន្នាការនយោបាយ និងមិនរើសអើង។ ការបំពេញកាតព្វកិច្ចបែបនេះ ជាការស្វែងរកការគាំទ្រពីប្រជាពលរដ្ឋ មកលើការដឹកនាំរបស់រដ្ឋាភិបាល៕ 
 
 

Tag:
 សង្គម
  យុត្តិធម៌
© រក្សាសិទ្ធិដោយ thmeythmey.com