ជាតិ
សេដ្ឋកិច្ច
២ខែ ក.ប.ប រកឃើញស្ថានីយប្រេងឥន្ធនៈជាង២៦០កន្លែង ​លក់សាំងមិនគ្រប់បរិមាណ និងគ្មានគុណភាព
04, Mar 2022 , 8:59 am        
រូបភាព
ដេប៉ូប្រេងឥន្ធនៈមួយកន្លែង ដែល ក.ប.ប រកឃើញថាគ្មានអនុលោមភាពជូនអតិថិជន
ដេប៉ូប្រេងឥន្ធនៈមួយកន្លែង ដែល ក.ប.ប រកឃើញថាគ្មានអនុលោមភាពជូនអតិថិជន
ភ្នំពេញ៖ រយៈពេល២ខែមកនេះ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ(ក.ប.ប) បានរកឃើញដេប៉ូ/ស្ថានីយលក់ប្រេងឥន្ធនៈចំនួន២៦៧កន្លែង នៅទូទាំងប្រទេ​ស ដែលមិនមានអនុលោមភាព ក្នុងការលក់ប្រេងឥន្ធនៈឱ្យអតិថិជន។ បើតាមលោក ឃួន សាវុធ អគ្គនាយករងនៃក.ប.ប ​ដេប៉ូ/ស្ថានីយ​ទាំងនេះ គឺសុទ្ធសឹងបានលក់ប្រេងឥន្ធនៈ និងសាំងជូនអតិថិជនមិនគ្រប់ចំនួននៃលីត្រ និងគ្មានគុណភាព។​

 
ដើម្បីការពារអ្នកប្រើប្រាស់ និងការក្លែងបន្លំគុណភាពនានា ក.ប.ប បានចុះត្រួតពិនិត្យស្ថានីយនិងដេប៉ូប្រេងឥន្ធនៈនៅតាមបណ្តារាជធានី-ខេត្តបានរហូតជាង៧០០កន្លែង នារយៈពេល២ខែនៃដើមឆ្នាំ២០២២។  ក្នុងចំណោមស្ថានីយនិងដេប៉ូទាំងនេះ ក.ប.បនៃក្រសួងពាណិជ្ជកម្ម បានរកឃើញស្ថានីយនិងដេប៉ូ ចំនួន២៦៧កន្លែង​ ដែលបានលក់ប្រេងឥន្ធនៈមានការកេងបន្លំបរិមាណនិងគុណភាពដល់អតិថិជន។ នេះបើតាមការលើកឡើងរបស់លោក ឃួន សាវុធ។​
 
អគ្គនាយករងនៃក.ប.បរូបនេះ បាននិយាយប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទនារសៀលថ្ងៃទី៣មីនា ដូច្នេះ៖ ​«ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈ ដែលយើងរកឃើញថាគ្មានអនុលោមភាពទាំងនេះ យើងបានពិន័យអន្តរការណ៍និងណែនាំដល់ម្ចាស់ដេប៉ូទាំងនោះ ឱ្យធ្វើកែតម្រូវនិងឈប់ប្រព្រឹត្តល្មើសនឹងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់»។ លោក សាវុធ បានបញ្ជាក់ថា ៖« ​ស្ថានីយ/ដេប៉ូប្រេងឥន្ធនទាំងនេះ បានរងពិន័យប្រាក់ ពី៣ទៅ៧លានរៀល(៧៥០ទៅ ១៧៥០ដុល្លារ) ទៅតាមទំហំ និងទីកន្លែងនៃអាជីវកម្មនីមួយៗ»។
 
ដោយឡែក សម្រាប់ថ្ងៃទី១-២មីនា ឆ្នាំ២០២២ ក.ប.ប បានរកឃើញដេប៉ូប្រេងឥន្ធនៈចំនួន១១កន្លែងទៀត នៅខេត្តសៀមរាប កំពង់ឆ្នាំង កំពត កំពង់ធំ និងខេត្តកណ្ដាល ដែលមិនមានភាពអនុលោមភាព​។  បន្ទាប់ពីរកឃើញដូច្នេះ មន្ត្រីក.ប.ប. បានពិន័យអន្តរការណ៍ និងណែនាំឱ្យម្ចាស់ដេប៉ូធ្វើការកែតម្រូវ និងឈប់ប្រព្រឹត្តល្មើសនឹងច្បាប់ស្ដីពីកិច្ចការពារអ្នកប្រើប្រាស់ ផងដែរ។ 
 
បើតាមលោក សាវុធ  ក្នុងករណីដែលក.ប.ប រកឃើញស្ថានីយ/ដេប៉ូប្រេងឥន្ធនៈដដែល នៅតែមិនមានអនុលោមក្នុងវិស័យប្រេងឥន្ធនៈនេះ នោះម្ចាស់ស្ថានីយ/ដេប៉ូប្រេងឥន្ធនៈនឹងរងការកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ 
 
សូមជម្រាបថា ប្រេងសាំងធម្មតាដែលលក់រយនៅលើទីផ្សារកម្ពុជា មានតម្លៃ ៤ ៨០០រៀល ក្នុងមួយលីត្រ ខណៈប្រេងស៊ុបពែរ បានឡើងដល់ ៥ ៣៥០រៀលក្នុងមួយលីត្រ។ ដោយឡែក ប្រេង ម៉ាស៊ូត មានតម្លៃ ៤៥០០រៀល ក្នុងមួយលីត្រ។ តម្លៃនេះ ត្រូវបានលក់ចាប់ពីថ្ងៃទី១ដល់១៥មីនា ឆ្នាំ២០២២​។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម៕ 
 
 

Tag:
 ប្រេងឥន្ទនៈ
  ក.ប.ប
  លោក ឃួន សាវុធ
© រក្សាសិទ្ធិដោយ thmeythmey.com