COVID-19
ជាតិ
ពលករត្រឡប់ពីថៃ ៣១នាក់ ត្រូវបានអាជ្ញាធររកឃើញឆ្លងកូវីដ-១៩
04, Mar 2022 , 8:59 pm        
រូបភាព
ពលករខ្មែរត្រឡប់មកពីថៃវិញ នៅថ្ងៃទី២មីនា ឆ្នាំ២០២២។ រូបពី ទីបញ្ជាការវរសេនាតូច៨១៩
ពលករខ្មែរត្រឡប់មកពីថៃវិញ នៅថ្ងៃទី២មីនា ឆ្នាំ២០២២។ រូបពី ទីបញ្ជាការវរសេនាតូច៨១៩
ភ្នំពេញ៖ ដើមខែមីនានេះ នៅច្រកព្រំដែនស្រុកកំរៀង ខេត្តបាត់ដំបង មានពលករជិត៥០០នាក់ ត្រូវបានអាជ្ញាធរថៃបញ្ជូនត្រឡប់មកកម្ពុជាវិញ។ ក្នុងចំណោមពួកគេទាំងនោះ ត្រូវអាជ្ញាធររកឃើញឆ្លងកូវីដ-១៩ ចំនួន៣១នាក់។

 
កម្លាំងនគរបាលការពារព្រំដែនគោកលេខ៨១៩ បានត្បាតជាប្រចាំនៅតាមច្រកព្រំដែនកំរៀង ដើម្បីចាត់វិធានការលើអ្នកឆ្លងដែនខុសច្បាប់ និងស្រាវជ្រាវមេខ្យល់ ដែលនាំពលករទៅធ្វើការខុសច្បាប់នៅក្រៅប្រទេស។ ទន្ទឹមនឹងនេះ សមត្ថកិច្ចនិងក្រុមគ្រូពេទ្យក៏ ពិនិត្យនិងចាំទទួលពលករវិលត្រឡប់មកពីថៃវិញផងដែរ ។ 
 
ទីបញ្ជាការវរសេនាតូចលេខ៨១៩ ស្រុកកំរៀងស្រុកភ្នំព្រឹក បានចេញផ្សាយលើទំព័រហ្វេសប៊ុករបស់ខ្លួនថា កាលពីថ្ងៃទី២មីនានេះ កម្លាំងសមត្ថកិច្ចត្បាតព្រំដែន និងក្រុមគ្រូពេទ្យ បានសហការគ្នាទទួលពលករ២៨៣នាក់ តាមច្រកតំបន់អូរអន្លក់ ក្នុងស្រុកកំរៀង។ ពួកគេទាំងនោះ ត្រូវបានអាជ្ញាធរថៃបញ្ជូន ឲ្យអាជ្ញាធរកម្ពុជា ដើម្បអប់រំបន្ថែមពាក់ព័ន្ធនឹងការឆ្លងដែន រួមទាំងការការពារជំងឺឆ្លងកូវីដ-១៩។ ពលករ២៨៣នាក់នេះ មាន១២នាក់ត្រូវបានក្រុមគ្រូពេទ្យរកឃើញថា ឆ្លងកូវីដ-១៩។ បន្ទាប់មកអាជ្ញាធរនិងក្រុមគ្រូពេទ្យ បន្តទទួលពលកខ្មែរ២១០នាក់ទៀត នៅថ្ងៃទី៤មីនានេះ  ដោយក្នុងនោះមានពលករ១៩នាក់ រកឃើញថា ឆ្លងកូវីដ-១៩។ 
 
លោក ម៉ង់ ស៊ី មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩បញ្ជាក់ថា ពលករដែលរកឃើញឆ្លងកូវីដ-១៩ ត្រូវបានអាជ្ញាធរចាត់ចែងឲ្យសម្រាកព្យាបាល។ ចំណែក ពលករផ្សេងទៀត ដែលតេស្តឃើញអវិជ្ជមាន ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូលេខ៩ ក្នុងស្រុកសំពៅលូន។ 
 
សូមជម្រាបថា បច្ចុប្បន្នពលករកម្ពុជាកំពុងបំពេញការងារនៅក្រៅប្រទេសមានជាង១,៣លាននាក់ ក្នុងនោះនៅប្រទេសថៃ មានជាង១,២លាននាក់, កូរ៉េជាង៤ម៉ឺននាក់, ម៉ាឡេស៊ីមានជាង២ម៉ឺននាក់ និងជប៉ុនមានជាង១ម៉ឺននាក់។ តាមរបាយការណ៍ក្រសួងការងារ ពលករខ្មែរ បានផ្ញើប្រាក់មកស្រុកកំណើតវិញជាង៣ពាន់លានដុល្លារនៅឆ្នាំ២០២១។ ទំហំទឹកប្រាក់នេះ បានរួមចំណែកសេដ្ឋកិច្ចជាតិ និងជីវភាពក្រុមគ្រួសារពលករកាន់តែប្រសើរឡើង៕  
 

Tag:
 ពលករ
© រក្សាសិទ្ធិដោយ thmeythmey.com